Yearendyearend1140x150

ដំឡូងមីក្រៀមកម្ពុជាឆ្នាំ២០២២មានតម្លៃជាង៧០០៛/គីឡូបង្ហាញពីភាពល្អប្រសើរជាងឆ្នាំកន្លងទៅ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម (រូបភាព៖ ក្រសួងពាណិជ្ជកម្ម)

ភ្នំពេញ៖ តម្លៃដំឡូងមីឆ្នាំ២០២២ គឺមានលក្ខណៈល្អប្រសើរធៀបនឹងឆ្នាំកន្លងទៅ ដោយដំឡូងមីស្រស់មានតម្លៃចន្លោះពី ២០០-២៨០រៀល/គីឡូ និងដំឡូងមីក្រៀមតម្លៃចន្លោះពី ៧០០-៧៨០រៀល/គីឡូ។ តម្លៃនេះ ធ្វើឱ្យកសិករទទួលបានប្រាក់ចំណេញក្រោយប្រមូលផលដើម្បីបង្កើនជីវភាព។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីដំឡូងមី២០២០-២០២៥” ថ្នាក់តំបន់លើកទី៣ នៅខេត្តបាត់ដំបង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។

នៅក្នុងសិក្ខាសាលាថ្នាក់តំបន់នេះ ឯកឧត្តម រាជ រ៉ា បានថ្លែងថា ក្រសួងពាណិជ្ជកម្មក្នុងនាមជាលេខាធិការដ្ឋាន ក្នុងការបង្កើតក្រុមការងារអន្តរស្ថាប័ន សម្រាប់ពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ បានចរចារបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន កម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP) ដែលមានប្រទេសអាស៊ាន១០ និងដៃគូមាន៖ ចិន ជប៉ុន កូរ៉េ អូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ដែលធ្វើឱ្យទីផ្សាររបស់កម្ពុជាកាន់តែធំទូលាយ និងអនុគ្រោះដល់ទំនិញជាច្រើនអាចនាំចេញបានជាពិសេសទំនិញកសិកម្មដោយមិនជាប់ពន្ធ ឬពន្ធទាប និងមិនជាប់កូតា។

ឯកឧត្តមបន្ថែមថា កាលពីខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចុះកិច្ចព្រមព្រៀងជាមួយ រដ្ឋបាលស្វយ័តខេត្តក្វាងស៊ី ដើម្បីជំរុញការនាំចេញដំឡូងមីក្រៀមឱ្យបាន ៤០០ ០០០តោនក្នុងមួយឆ្នាំ និងផ្តល់នូវកិច្ចសម្រួលពាណិជ្ជកម្ម ពន្លឿននីតិវិធីនៃការនាំចេញ មិនធ្វើ CO បើប្រទេសនាំចូលមិនត្រូវការ វិមជ្ឈការឱ្យមន្ទីរពាណិជ្ជកម្មនៅតាមបណ្តាខេត្តជាប់ព្រំដែនអាចចេញ CO ទម្រង់ D នាំចេញទំនិញកសិផលបាន។

ឯកឧត្តមបានបញ្ជាក់ថា ដំណាំដំឡូងមី ត្រូវបានដាំដុះមានចំនួន០៩ស្រុក ក្នុងខេត្តបាត់ដំបង ដែលមាននៅស្រុកបាណន់ បវេល រតនមណ្ឌល សំឡូត សំពៅលូន ភ្នំព្រឹក កំរៀង រុក្ខគិរី និងគាស់ក្រឡ ជាមួយនឹងបរិមាណផលប្រមាណ ៣,២៧៦,០៧៣ តោន លើផ្ទៃដីដាំដុះសរុប ១៤៥,៨៩៤ ហិចតា។

ចំពោះតម្លៃដំឡូងមីលើទីផ្សារក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ (២០២០-២០២២) ជារួមសង្កេតឃើញតម្លៃមានភាពល្អប្រសើរ ទាំងដំឡូងមីស្រស់ និងដំឡូងមីកៀម ដែលតម្លៃនេះ ធ្វើឱ្យកសិករទទួលបានប្រាក់ចំណេញក្រោយប្រមូលផលដើម្បីបង្កើនជីវភាព។ ចំពោះការងារសម្របសម្រួល ទីផ្សារ និងតម្លៃ មន្ទីរបានតាមដានតម្លៃ ទិញ-លក់ដំឡូងមីជាប្រចាំ។

គួរបញ្ជាក់ថា នៅឆ្នាំ២០២១ កន្លងទៅ កម្ពុជានាំចេញដំឡូងមីស្រស់ ក្រៀម ម្សៅដំឡូងមី និងកាកសំណល់ដំឡូងមីបានជិត ៣លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសថៃ និងវៀតណាម៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង