Yearendyearend1140x150

កញ្ញា អ៊ីរ៉ា ស្ដ្រីខ្មែរ-អ៊ីស្លាម បង្កើតគម្រោង«Ladies Circles»ដើម្បីបង្កើនការងារដល់ស្រ្ដី

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ Ladies Circles គឺជាយុទ្ធនាការមួយ ដែលធ្វើឡើងដើម្បីជួយបង្កើនការងារដល់ស្រ្ដីនៅក្នុងសហគមមួយ ស្ថិតនៅក្នុងខេត្តសៀមរាប ដែលផ្សារភ្ជាប់ជាមួយបរិស្ថាន។ កញ្ញា ម៉ាន អ៊ីរ៉ាហ្វាស៊ីរ៉ា ដែលមនុស្សភាគច្រើនស្គាល់ថាជា អ៊ីរ៉ាជាអតីតសមាជិកកម្មវិធីជំនាន់ថ្មី ឆ្នាំ២០២១ មានអាយុ២១ឆ្នាំ និងជាស្ថាបនិក នៃយុទ្ធនាការ Ladies Circles។

កញ្ញា ម៉ាន អ៊ីរ៉ាហ្វាស៊ីរ៉ា ជាយុវជន១រូប ក្នុងចំណោមយុវជន ១៣រូបផ្សេងទៀត នៅក្នុងកម្មវិធីជំនាន់ថ្មី ឆ្នាំ២០២១ ដែលគាំទ្រដោយយូនីសេហ្វ។ កញ្ញា អ៊ីរ៉ា ជាស្ដ្រីខ្មែរ-អ៊ីស្លាម មកពីស្រុកសៀមរាប ខេត្តសៀមរាប។ បច្ចុប្បន្ន កញ្ញា អ៊ីរ៉ា មានអាយុ២១ ឆ្នាំ។ កញ្ញា អ៊ីរ៉ា បានបញ្ចប់ការសិក្សានៅសាលា CamEd Business School នៅក្នុងឆ្នាំ២០២១ និងនៅក្នុងខែមីនា ឆ្នាំ២០២២ បានបញ្ចប់ការសិក្សានៅសាលា សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល។

តាមរយៈការសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍ កញ្ញា អ៊ីរ៉ា បានឱ្យដឹងថាយុទ្ធនាការ Ladies Circles ជាយុទ្ធនាការមួយដែលធ្វើការទៅលើការកែច្នៃថង់បា្លស្ទិក ដើម្បីជួយបង្កើតការងារដល់ស្រ្តីនៅក្នុងសហគមន៍ ដែលស្ថិតនៅឃុំទឹកវិល ស្រុកអង្គរធំ ខេត្តសៀមរាប។ ការកែច្នៃថង់បា្លស្ទិក មិនត្រឹមជួយស្ត្រីការបង្កើនប្រាក់ចំណូលនៅក្នុងគ្រួសារប៉ុណ្ណោះទេ ថែមទាំងជួយការពារបរិស្ថានថែមទៀតផង។

កញ្ញា អ៊ីរ៉ា បានបន្ដថា គំរោងបានជួយផ្សព្វផ្សាយទៅដល់ប្រជាជនខ្មែរ និងយុវជនជំនាន់ក្រោយឱ្យបានដឹងថា កាកសំណល់ថង់ប្លាស្ទិក ជារបស់ដែលយើងអាចកែច្នៃធ្វើជាកន្រ្តក កាបូបយួរ ទ្រនាប់កែវ និង កាបូបដាក់សម្ភារៈផ្សេងៗ ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ។ គំរោងនេះមិនត្រឹតែធ្វើទៅលើបរិស្ថានតែប៉ុណ្ណោះទេ ថែមទាំងជួយលើកកម្ពស់ស្រ្ដី ទោះបីជាពួកគាត់ជាស្រ្ដីមេម៉ាយ និងអ្នកមានជំងឺអេដស៍ ក៏ពួកគាត់មានតម្លៃរបស់ពួកគាត់ ក្នុងការប្រើប្រាស់ការច្នៃប្រឌិតរបស់គាត់ ដើម្បីរកប្រាក់ចំណូល។

ការដំណើរការគំរោង កញ្ញា អ៊ីរ៉ា មិនជួបផលពិបាកខ្លាំងទេ ដោយសារតែគំរោងនេះទទួលបានការគាំទ្រពីយូនីសេហ្វ ទាំងថវិការសម្រាប់ដំណើរការគំរោង ការរៀបចំផែនការថវិការ ការគ្រប់គ្រង ក៏ដូចជាការដំណើរការគំរោងផ្សេងៗ ទៀតជាដើម។ ប៉ុន្ដែបញ្ហាដែលប្រឈមគឺពិបាកក្នុងការស្វែងរកអតិថិជន ដោយសារទីផ្សារនៅក្នុងប្រទេសមិនសូវគាំទ្រផលិតផលដែលធ្វើដោយដៃប៉ុន្មានឡើយ។

កញ្ញា អ៊ីរ៉ា បានបន្ដទៀតថា បញ្ហាដែលប្រឈមផ្សេងទៀតគឺការធ្វើដំណើរ ដោយសារតែកញ្ញាមានទីកន្លែងកំណើតនៅក្នុងខេត្តសៀបរាប ហើយកម្មវិធីផ្សេងៗ គឺនៅភ្នំពេញ។ បន្ថែមពីនេះទៀតគឺយើងអាចធ្វើជាសម្លេងរបស់ពួកគាត់ ក៏ដូចជាផ្សព្វផ្សាយទៅឱ្យមនុស្សគ្រប់គ្នាដឹងបាន នៅតាមបណ្ដាញសង្គមបាន គឺបានត្រឹមតែការស្គាល់ប៉ុណ្ណោះ ប៉ុន្ដែការទិញផលិតផលរបស់ស្រ្តីនៅក្នុងសហគមនគឺនៅមានកម្រិតនៅឡើយ។

តាមរយៈការគំរោងនេះ កញ្ញា អ៊ីរ៉ា បានស្គាល់មនុស្សថ្មីជាច្រើន ហើយពួកគាត់ភាគច្រើនជាអ្នកដែលស្រឡាញ់គំរោងផ្សេង ដើម្បីជួយដល់សហគមន៍ ដែលធ្វើឱ្យកញ្ញាមានឱកាសផ្សព្វផ្សាយពីគំរោង Ladies Circles ឱ្យកាន់តែទូលំទូលាយ។

គួរបញ្ជាក់ថា គំរោង Ladies Circles របស់កញ្ញាអ៊ីរ៉ា មានការចូលរួមពីមិត្តភក្ដិ ២រូបផ្សេងទៀត ដែលក្នុងឆ្នាំ២០២១ គំរោងនេះបានដាក់ចូលរួមក្រកួតក្នុងកម្មវិធីអន្ដរជាតិមួយឈ្មោះថា Accor Take Off។ ជាលើកដំបូង ដែលកម្ពុជាបានចូលរួម ចាប់តាំងពីកម្មវិធីនេះបានបង្កើតប្រមាណជា២០ឆ្នាំមកហើយ។ ក្នុងការប្រកួតនោះកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមគម្រោងចំនួន១៦៥។ ដោយមិនចង់ទុកគំរោងនេះចោល កញ្ញា អ៊ីរ៉ា បានសម្រេចចិត្តដាក់កម្មវិធីនេះ ក្នុងកម្មវិធីជំនាន់ថ្មីរបស់យូនីសេហ្វ៕


កញ្ញា អ៊ីរ៉ា និង មិត្តភក្ដិ


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង