Yearendyearend1140x150

សួនសត្វថ្មីមួយក្នុងទុនវិនិយោគ១៨លានដុល្លារនៅខេត្តសៀមរាបគ្រោងសម្ពោធជាផ្លូវការនៅខែតុលា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(ឬូបភាពពី៖ គណនីយហ្វេសប៊ុកជាផ្លូវការរបស់ឯកឧត្តម វេង សាខុន)

ភ្នំពេញ៖ សួនសត្វរបស់ក្រុមហ៊ុន អង្គរវ៉ាយដ៏ឡាយហ្វ៍ និង អឹឃ្វារៀម ឯ.ក នៅលើទឹកដីខេត្តសៀមរាប ដែលមានការចំណាយថវិកាប្រមាណជា ១៨លានដុល្លារ សម្រាប់ធ្វើការវិនិយោគ ហើយគ្រោងនឹងបើសម្ពោធឲ្យដំណើរការជាផ្លូវការនៅខែតុលាខាងមុខនេះ។ នេះបើតាមសចក្តីប្រកាសនៅលើគណនីយហ្វេសប៊ុកជាផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បើតាមសេចក្តីប្រកាស ឯកឧត្តម វេង សាខុន បានឱ្យដឹងថា សួនសត្វវាមិនគ្រាន់តែជាចំណីចក្ខុ ប៉ុន្តែថែមទាំងជាកន្លែងថែរក្សា ការពារប្រភេទសត្វព្រៃ និងមច្ឆជាតិកម្ពុជាដែលជិតផុតពូជ និងខ្លះមានដោយកម្រ។ ម្យ៉ាងទៀត ជាកន្លែងផ្សព្វផ្សាយ អប់រំ និងយល់ដឹងបានស៊ីជម្រៅអំពីគ្រប់ប្រភេទសត្វដល់យុវជនកម្ពុជាជំនាន់ក្រោយ និងបម្រើវិស័យទេសចរណ៍នាពេលអនាគតដ៏ខ្លី។

ទន្ទឹមនឹងនេះ លោកនាយកប្រតិបត្តិក្រុមហ៊ុន Mr. Roger Reynolds និងលោក ម៉េង ហៀង នាយកចាត់ការទូទៅ បានឱ្យដឹងថា គោលបំណងនៃគម្រោងថាការបង្កើតសួនសត្វនេះ គឺចង់ដាក់តាំងវារីសត្វ និងប្រភេទសត្វព្រៃដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាពិសេសប្រភេទសត្វដែលជិតផុតពូជ និងមានដោយកម្រ និងអាចស្នើសុំនាំចូលខ្លះបើមានការចាំចាប់ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ និងគ្រឹះស្ថានអប់រំគ្រប់ថ្នាក់ (សិស្សានុសិស្ស) នៅកម្ពុជាចូលមកទស្សនានេះម្យ៉ាង និងម្យ៉ាងទៀតដើម្បីអប់រំផ្សព្វផ្សាយអំពីការអភិរក្សសត្វទាំងក្នុងទឹក និងក្នុងព្រៃ ដែលកំពុងទទួលរងការគំរាមកំហែង និងការជួញដូរខុសច្បាប់ជាដើម។

លោកបន្តថា មិនតែប៉ុណ្ណោះក៏ជាកន្លែងផ្សព្វផ្សាយព័ត៌មានសំខាន់ៗទាក់ទងសត្វ ពូជសត្វ ប្រភេទ អំបូរ ជីវសាស្រ្ត និងតំបន់ដែលសត្វរស់នៅ អាហារ និងការរស់នៅរបស់សត្វ ច្បាប់ និងកិច្ចសហការផ្សេងៗផងដែរ។

លោកនាយកប្រតិបត្តិបានបញ្ជាក់ថា សួនសត្វនេះមានផ្ទៃដីទំហំ ២២ហត ស្ថិតនៅក្នុងភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់វារីសត្វ និងថែរក្សាសត្វព្រៃលើផ្ទៃដីចំនួន ៦ហត។ ក្នុងឆ្នាំ២០២១ ក្រុមហ៊ុនបានសាង សង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ដាក់តាំង និងថែរក្សាវារីសត្វ (ប្រភេទត្រីទឹកសាប ត្រីទឹកប្រៃ និងពពួកអណ្តើកជាដើម) និងពពួកសត្វនៅលើ គោកសម្រេចបានប្រមាណ ៧០%។

បច្ចុប្បន្ន ដំណើរការសាងសង់កំពុងប្រព្រឹត្តទៅយ៉ាងសកម្ម ជាពិសេសហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រភេទសត្វព្រៃធំៗដូចជា សត្វខ្លា ដំរី ខ្លាឃ្មុំតូច ត្រីទឹកសាប និងត្រីទឹកប្រៃ និងក៏មានត្រីនាំមកពីទន្លេអាម៉ាហ្សូនផងដែរ។ សួនសត្វក៏បានសាងសង់អគារបន្ទប់ពិសោធន៍ និងព្យាបាលសត្វព្រៃ។ គម្រោងបានចំណាយប្រមាណជា ១៨លានដុល្លារសម្រាប់ធ្វើការវិនិយោគ ហើយគ្រោងនឹងបើសម្ពោធឲ្យដំណើរការជាផ្លូវការនៅខែតុលាខាងមុខ។

អនាគត ក្រុមហ៊ុនមានបំណងស្នើសុំគោលការណ៍នាំចូលប្រភេទសត្វព្រៃចំនួន០៨ប្រភេទ ស្នើនឹង៦១ក្បាល ដែលមានក្នុងតារាងដូចខាងក្រោម៖ ១- ដំរីអាស៊ី Asian elephant Elephas maximus ៨ក្បាល ២- ខ្លាធំ Sumatran tiger Panthera tigris sumatrae ៨ក្បាល ៣- ខ្លាឃ្មុំតូច Sun bear Ursus malayanus ៥ក្បាល ៤- ភេតូច Oriental small-clawed otter Aonyx cinereus ១០ក្បាល ៥- ស្កាតូច Small asian mongoose Herpestes javanicus ១០ក្បាល ៦- កាំប្រម៉ា East asian porcupine Hystrix brachyura ១០ក្បាល ៧- ពស់ថ្លាន់ធំ Reticulated python Python reticulatus ៥ក្បាល ៨- ពស់ខ្សែគោក្រហមត្នោត Oriental whip snake Ahaetulla prasina ៥ក្បាល៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង