Cc time
Cct850x100 1
Sme laon web banner(1800 x 300)

កម្ពុជា-ចិន ចុះMOUបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១មិថុនា បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងសាកលវិទ្យាល័យ ឆាងអាន (Chang'an University) ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវិដេអូពីចម្ងាយពីថ្នាក់ដឹកនាំ ក្រសួង មន្ត្រីជំនាញពាក់ព័ន្ធរបស់វិទ្យាស្ថាន តំណាងសាកលវិទ្យាល័យ Chang'an University តំណាងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ប្រចាំកម្ពុជា និងមន្ត្រីជំនាញពាក់ព័ន្ធ។

លោកជំទាវ ឥម នីថារ៉ា បានមានប្រសាសន៍ថា អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាធាតុសំខាន់បំផុតមួយ ដែលរួមចំណែកដល់ ការកសាងធនធានមនុស្សប្រកបដោយប្រសិទ្ធភាព រវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹក ជញ្ជូន និងសាកលវិទ្យាល័យឆាងអាន (Chang'an University) ដើម្បីធានាគុណភាពនៃការអប់រំ សមស្របទៅនឹងតម្រូវការទីផ្សារ និងផ្តល់ជំនួយបច្ចេកទេសដល់សិស្សានុសិស្ស ដើម្បីពង្រីកឱកាសការងារ ជំនាញ ចំណេះដឹងឱ្យកាន់តែទូលំទូលាយ ព្រមទាំងផ្តល់ប្រយោជន៍ដល់គ្នាទៅវិញទៅមករវាងភាគីទាំងពីរផងដែរ

ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា វិទ្យាស្ថានមានការប្តេជ្ញាតាំងចិត្តខ្ពស់ក្នុងការបណ្តុះបណ្តាលទៅលើគុណតម្លៃសំខាន់ចំនួនបីរួមមាន៖ ១) ជំនាញ ២) ចំណេះដឹង ៣) សីលធម៌ ក្នុងឋានៈជាអ្នកបន្តវេនដ៏មានសក្តានុពលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះវាសនាអនាគតរបស់កម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងដឹកជញ្ជូន។

ជាមួយគ្នានោះដែរ លោក Fan Wen សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ Chang'an បានចូលរួម មតិចាប់អារម្មណ៍ក្នុងអង្គពិធី និងបានលើកឡើងអំពីប្រវត្តិខ្លះៗរបស់សាកលវិទ្យាល័យឆាងអាន (Chang’an University) ជាសាកលវិទ្យាល័យដ៏ល្បីមួយនៅប្រទេសចិន ជាពិសេសផ្នែកវិស្វកម្មសំណង់ សាងសង់ផ្លូវ និងការគ្រប់គ្រងគមនាគមន៍សាធារណៈ។ លើសពីនេះ សាកលវិទ្យាល័យ Chang'an ជា សាកលវិទ្យាល័យដ៏សំខាន់មួយរបស់សាធារណរដ្ឋប្រជាមានិតចិន ស្ថិតក្រោមការដឹកនាំផ្ទាល់របស់ ក្រសួងអប់រំ។

ដោយឡែក លោក Zhou Yong ប្រធានគ្រប់គ្រងទូទៅប្រចាំប្រទេសកម្ពុជា នៃក្រុមហ៊ុន CRBC បានចូលរួមអបអរសាទរដល់ការសម្រេចបាននូវអនុស្សរណៈយោគយល់រវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងសាកលវិទ្យាល័យ Chang'an University នាថ្ងៃនេះ។ លោកបានលើកឡើងថា ក្រុមហ៊ុនCRBC មានគោលបំណងលើកស្ទួយកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងប្រទេសកម្ពុជាលើកិច្ចការងារកសាងហេដ្ឋារចនាសម្ព័ន្ធ និងចូលរួមយ៉ាងស្វិតស្វាញក្នុងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ វិស័យអប់រំ និងវិស័យសាធារណការ និងដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន។

ចំណែកលោកបណ្ឌិត Zhang Wei ព្រឹទ្ធបុរសសាលាអប់រំអន្តរជាតិ នៃសាកលវិទ្យាល័យ Chang'an ក៏បានចូលរួមជាមតិ និងបានចូលរួមអបអរសាទរដល់កិច្ចសហការគ្នារវាងស្ថាប័នទាំងពីរ និងបានលើក ឡើងថា៖ សាកលវិទ្យាល័យឆាងអាន (Chang'an University) បានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយ សម្របសម្រួលវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចការងារផ្សេងៗ ដោយមានការ គាំទ្រពីក្រុមហ៊ុនCRBC ក្នុងការអនុវត្តកិច្ចការងារទាំងនោះឱ្យប្រព្រឹត្តិទៅដោយជោគជ័យ៕

Khcct banner

អត្ថបទទាក់ទង