Cctimesw1140xh150cm copy

អាជ្ញាធរជាតិអប្សរា កំពុងជួសជុលខ្លោងទ្វារប្រាសាទតានៃឱ្យប្រសើរឡើង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ អាជ្ញាធរជាតិអប្សរា តាមរយៈនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ កំពុងបំពេញបន្ថែមលើការងារជួសជុលកែលម្អខ្លោងទ្វារខាងកើតរបស់ប្រាសាទតានៃ មានដូចជា ការងារដាប់ឆ្លាក់សសរពេជ្រទាំង៤ជ្រុងនៃខ្លោងទ្វារខាងកើតប្រាសាទតានៃ ដែលបានបន្ថែមថ្មថ្មី ជំនួសថ្មចាស់ដែលបាត់បង់ និងខូចខាតមិនអាចប្រើវិញបាន ដើម្បីរក្សាលំនឹងរបស់ប្រាសាទទាំងមូល និងបំពេញបន្ថែមនូវប្រឡោះតូចៗនៅតាមដំបូលការពារការជ្រាបទឹក និងរៀបចំប្រព័ន្ធបង្ហូរទឹកចេញពីខ្លោងទ្វារ។ ក្នុងនោះ ក្រុមការងារបានដាប់ឆ្លាក់ជាទម្រង់ក្បាច់ផ្សេងៗនៅតាមសសរនីមួយៗ និងបិតបាយអរត្រង់ចន្លោះមុខតំណថ្មដំបូលជៀសវាងការជ្រាបទឹកបណ្តាលឱ្យមានហានិភ័យដល់គ្រឹះប្រាសាទ ព្រមទាំងកំណាយរៀបចំប្រព័ន្ធរំដោះទឹកភ្លៀងពីបរិវេណខ្លោងទ្វារ។

លោក ថៃ ឌីយ៉ាម៉ង់ ស្ថាបក្យករ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ មានប្រសាសន៍ថា ការជួសជុលរយៈពេល១ខែ ដែលចាប់ដំណើរការនៅដើមខែមិថុនា ឆ្នាំ២០២២ គ្រោងនឹងបញ្ចប់ចុងខែមិថុនាខាងមុខនេះ។ អ្នកជំនាញរូបនេះបន្តទៀតថា ការជួសជុលបានផ្តោតសំខាន់ទៅលើការងារដាប់ឆ្លាក់ក្បាច់ចម្លាក់សសរពេជ្រដែលប្រើប្រាស់ថ្មថ្មីជំនួសថ្មចាស់ដែលបានបាត់បង់ និងខូចខាត រួមទាំងដាប់តម្រិមថ្មដំបូល និងបិតភ្ជាប់មុខតំណថ្ម ការពារជម្រាបទឹកភ្លៀង ក្នុងនោះក៏មានរៀបចំប្រព័ន្ធរំដោះទឹកភ្លៀងពីបរិវេណតួខ្លោងទ្វារជាដើម។

លោក ថៃ ឌីយ៉ាម៉ង់ បញ្ជាក់ថា បន្ទាប់ពីបញ្ចប់ការងារទាំងនេះរួចរាល់នឹងបង្កើនសោភ័ណភាពប្រណិតមួយកម្រិតទៀត ពិសេសធានាបាននូវភាពគង់វង្សយូរអង្វែងរបស់ខ្លោងទ្វារប្រាសាទតានៃនេះផង។

សូមបញ្ជាក់ថា ការជួសជុលខ្លោងទ្វារខាងកើតប្រាសាទតានៃ ចាប់ផ្តើមតាំងពីឆ្នាំ២០១៩ និងបានបញ្ចប់នៅចុងឆ្នាំ២០២០កន្លងទៅ។ បញ្ហាប្រឈមខ្លាំងរបស់ខ្លោងទ្វារខាងកើតប្រាសាទតានៃ គឺរចនាសម្ពន្ធរទាំងមូលរបស់ខ្លោងទ្វារតែម្តង ដោយមូលហេតុឬស និងដើមឈើធ្វើឱ្យគ្រឹះរំកិលចេញពីទីតាំងដើម បណ្តាលឱ្យថ្មជញ្ជាំងហែកចេញពីគ្នានឹងអាចបាក់រលំ។ ឯដំបូលថ្មបានជ្រុះធ្លាក់ស្ទើរទាំងស្រុង ហើយការជួសជុលនេះ ដោយប្រើបច្ចេកទេសអាណាស្ទីឡូ (anastylosis)៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង