Cc time
Cct850x100 1
Itt 0  web banner

ឡាវនាំអង្ករទៅចិន«១០០តោន»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

វៀងច័ន្ទ៖ ឡាវបាននាំចេញអង្ករដំណើបក្នុងបរិមាណច្រើនដំបូងទៅប្រទេសចិនពីស្ថានីយរថភ្លើងក្រុងវៀងចន្ទន៍ ការនាំអង្ករចេញទៅចិននៅដំណើរការជាថ្មីម្តងទៀតបន្ទាប់ពីឡាវជាប់គាំងសេដ្ឋកិច្ចក្នុងស្រុកអស់រយះពេលជាយូ។ នេះបើយោងតាមកាសែតឡាវបានចុះផ្សាយ។

កាសែត Vientiane Times រាយការណ៍ថា Indochina Development Partners Lao (IDP) បានដឹកជញ្ជូនអង្ករចំនួន ១០០ តោនទៅកាន់ប្រទេសចិន តាមរយៈប្រព័ន្ធផ្លូវដែកឡាវ-ចិន នៅស្ថានីយ៍រថភ្លើងភាគខាងត្បូងទីក្រុងវៀងចន្ទន៍។ ចាប់តាំងពីឆ្នាំ ២០០៥ មក IDP បាននិងកំពុងវិនិយោគលើការដាំស្រូវ និងប្រតិបត្តិការម៉ាស៊ីនកិនស្រូវសំខាន់ៗចំនួន ៤ នៅក្នុងខេត្ត Savannakhet និង Champasak ។

ដោយឡែក IDP ទិញស្រូវពីកសិករចំនួន ៦០,០០០ តោនក្នុងមួយឆ្នាំ ហើយបានរួមចំណែកប្រមាណ ២០ លានដុល្លារអាមេរិកក្នុងលទ្ធកម្ម ហើយក្នុងមួយឆ្នាំៗ ៣០,០០០ តោនត្រូវបាននាំចេញទៅកាន់អឺរ៉ុប ចិន ថៃ និងវៀតណាម។ កន្លងមក ក្រុមហ៊ុនបាននាំចេញអង្ករទៅកាន់កំពង់ផែថៃ និងវៀតណាម ដើម្បីដឹកជញ្ជូនទៅប្រទេសចិនផងដែរ។

ទន្ទឹមនិងនេះក្នុងឆ្នាំ ២០១៧ ក្រុមហ៊ុនបាននាំចេញអង្ករចំនួន ៤៥,០០០ តោនទៅកាន់ប្រទេសចិន ជាមួយនឹងការរំពឹងទុកថាប្រទេសចិននឹងទិញបន្ថែម ២៥,០០០ តោនក្នុងមួយឆ្នាំសម្រាប់រយៈពេល ៣ ឆ្នាំខាងមុខ ដែលនឹងក្លាយជាទីផ្សារនាំចេញអង្ករដ៏ធំបំផុតរបស់ប្រទេសឡាវ។ ក្រុមហ៊ុនក៏កំពុងលើកកម្ពស់ការដាំដុះស្រូវសរីរាង្គដល់ប្រជាពលរដ្ឋឡាវចំនួន ១,៥០០ គ្រួសារលើផ្ទៃដីចំនួន ៥,០០០ ហិកតាផងដែរ។

កាលពីខែឧសភា អាជ្ញាធរបានចាប់ផ្តើមរៀបចំដើម្បីភ្ជាប់ផ្លូវដែកឡាវ-ចិនទៅកាន់កំពង់ផែស្ងួតថាណាឡេង ដើម្បីសម្រួលការដឹកជញ្ជូនទំនិញឱ្យកាន់តែប្រសើរឡើង។ ខណៈពេលដែលទំនិញត្រូវបានដឹកជញ្ជូនតាមឡានទៅ និងពីស្ថានីយ៍ Vientiane Southern និងកំពង់ផែស្ងួត Thanaleng ការវិនិយោគលើផ្លូវដែកថ្មីនឹងអនុញ្ញាតឱ្យដឹកទំនិញរវាងឡាវ-ចិនកាន់តែមានភាពងាយស្រួល៕

Khcct banner

អត្ថបទទាក់ទង