Yearendyearend1140x150

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុសម្រេចការសាងសង់៩២,៣៥% គ្រោងដាក់ឲ្យសាកល្បងចុងឆ្នាំនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ គិតមកដល់បច្ចុប្បន្ននេះ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុសម្រេចការសាងសង់បាន៩២,៣៥%ហើយ។ ក្រសួងសាធារណការ និងដឹកជញ្ជូនគ្រោងនឹងដាក់ដំណើរការឲ្យប្រជាពលរដ្ឋសាកល្បងប្រើប្រាស់ផ្លូវល្បឿនលឿននេះ នៅចុងឆ្នាំ២០២២។ នេះបើតាមការឲ្យដឹងពីលោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក ហ៊ាង សុទ្ធាយុត្តិ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ចំពោះពេលវេលាសម្រាប់ដាក់ដំណើរផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុជាផ្លូវការ នោះគឺមិនទាន់បានកំណត់នៅឡើយទេ។ ប៉ុន្តែក្រសួងសាធារណការបានសម្រេចថា មុនដាក់ឲ្យដំណើរការប្រើប្រាស់ជាផ្លូវការ ក្រសួងនឹងអាចសុំគោលការណ៍ដើម្បីដំណើរការសាកល្បង។

លោក ហ៊ាង សុទ្ធាយុត្តិ បានបន្តថា ដោយសារផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនេះនៅថ្មី ដូច្នេះក្រសួងអាចឲ្យប្រជាពលរដ្ឋប្រើប្រាស់សាកល្បង ឧទាហរណ៍គោលការណ៍ប្រើប្រាស់ដោយឥតគិតថ្លៃ ឬប្រើប្រាស់ក្នុងកម្រៃទាបណាមួយ ដើម្បីឲ្យប្រពលរដ្ឋមានលទ្ធភាពសាកល្បង និងស្វែងយល់ពីអត្ថប្រយោជន៍នៃការប្រើប្រាស់ផ្លូវល្បឿនលឿនដូចជាអ្នកដំណើរកាន់តែមានប្រសិទ្ធភាព ការចំណេញពេលវេលា និងកាត់បន្ថយការចំណាយលើប្រេងឥន្ធនៈ ឬហ្គាស ជាដើម។

តាមរយៈផ្តល់បទសម្ភាសន៍ ស្តីពីការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាលពីថ្ងៃទី៧មិថុនា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីសារៈ សំខាន់នៃផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងការតភ្ជាប់ប៉ូលសេដ្ឋកិច្ចកម្ពុជាធំៗចំនួនបីដូចជាប៉ូលសេដ្ឋកិច្ចភ្នំពេញ ប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងប៉ូលសេដ្ឋកិច្ចខេត្តសៀមរាប និង បានសង្កត់ធ្ងន់ថា៖ ការតភ្ជាប់ប៉ូលសេដ្ឋកិច្ចភ្នំពេញ-ក្រុងព្រះសីហនុ តាមរយៈផ្លូវល្បឿនលឿននេះ នឹងធ្វើឱ្យការដឹកជញ្ជូនទំនិញ ក៏ដូចជាអ្នកដំណើរកាន់តែមានប្រសិទ្ធភាព ចំណាយពេលវេលាតិចជាងមុន កាត់បន្ថយចំណាយ និងធ្វើឱ្យប៉ូលសេដ្ឋកិច្ចខេត្តព្រះសីហនុមានការរីកចម្រើនថែមទៀត។

ទាក់ទងនឹងគុណភាពផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា ក្រុមការងារបច្ចេកទេសរបស់ក្រសួង បានពិនិត្យឃើញថា៖ ផ្លូវនេះមានគុណភាពល្អ ទាំងការរៀបចំកសាង និងការរៀបចំសុវត្ថិភាព ហើយបន្ថែមពីលើនេះក្រសួងបានជួលក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងវិស្វករឯករាជ្យឱ្យមកពិនិត្យលើគុណភាពថែមទៀត រួមជាមួយការប្រើបច្ចេកវិទ្យាថ្មី សម្ភារៈទំនើប បទពិសោធន៍ និងអ្នកជំនាញគ្រប់គ្រាន់ ដើម្បីសាងសង់ផ្លូវនេះឱ្យមានគុណភាពរឹងមាំតាមស្តង់ដារបច្ចេកទេស។

សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុ ត្រូវបានធ្វើពិធីបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ក្នុងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ចំណាយការវិនិយោគ ប្រមាណ២ ០០០លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាលចិនប្រមាណ ១៥០លានដុល្លារ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង