Cc time
Cct850x100 1
Itt 0  web banner

អាជ្ញាធរជាតិអប្សរារៀបចំបើកវគ្គវិក្រឹតការពិសេសមគ្គុទេសក៍ទេសចរណ៍តំបន់សៀមរាប-អង្គរ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
មគ្គុទេ្ទសក៍ទេសចរណ៍ នៅក្នុងពិធីបើកសិក្ខាសាលាវគ្គវិក្រឹតការពិសេសមគ្គុទេ្ទសក៍ទេសចរណ៍តំបន់សៀមរាប-អង្គរ (រូបភាព៖ លោក ហ៊ុំ រិទ្ធី)

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា សហការជាមួយក្រសួងទេសចរណ៍ រៀបចំបើកវគ្គវិក្រឹតការពិសេសមគ្គុទេ្ទសក៍ទេសចរណ៍តំបន់សៀមរាប-អង្គរ ជូនមគ្គុទ្ទេសក៍ទេសចរណ៍ សរុបចំនួន៦៥នាក់ ក្នុងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០៧ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។ វគ្គវិក្រិតការនេះធ្វើឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង និងណែនាំផលិតផលទេចរណ៍ថ្មីនៅតំបន់សៀមរាប-អង្គរ ជាពិសេសការគ្រប់គ្រងភ្ញៀវទេសចរតាមបែបគន្លងថ្មី។ នេះបើតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០៧ ខែមិថុនានេះ។

បើតាមសេចក្តីជូនដំណឹង វគ្គវិក្រិតការនេះធ្វើឡើងក្នុងគោលបំណងចម្បងចំនួន២ដូចជា៖ ទី១ ចែករំលែកចំណេះដឹង និងណែនាំផលិតផលទេចរណ៍ថ្មីនៅតំបន់សៀមរាប-អង្គរទៅដល់អ្នកមគ្គុទ្ទេសក៍ទេសចរណ៍ព្រោះថា អ្នកមគ្គុទ្ទេសក៍ទេសចរណ៍អាចត្រូវចាត់ទុកជាទូតដែលមានឥទ្ធិពលខ្លាំងបំផុត ដើម្បីផ្សព្វផ្សាយពីរបកគំហើញថ្មីៗនៃការស្រាវជ្រាវ និងសមិទ្ធផលការងារថ្មីៗ វប្បធម៌ខ្មែរក្នុងការបញ្ជាក់ពីតម្លៃពិតរបស់តំបន់រមណីយដ្ឋានអង្គរ។ ទី២ ចង់ឱ្យអ្នកមគ្គុទ្ទេសក៍ទេសចរណ៍សហការជាមួយភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាតាមរយៈការគ្រប់គ្រងភ្ញៀវទេសចរតាមបែបគន្លងថ្មី នៅតំបន់អង្គរក្រោយសម័យកូវីដ។

ទន្ទឹមនឹងនេះ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រសាសន៍ថា វគ្គវិក្រឹតការពិសេសមគ្គុទេសក៍ទេសចរណ៍តំបន់សៀមរាប-អង្គរ ពិតជាមានសារសំខាន់ណាស់សម្រាប់ផ្តល់ចំណេះដឹងថ្មីៗបន្ថែមទៀតដល់មគ្គុទេសក៍ទេសចរណ៍របស់យើងសម្រាប់ត្រៀមទទួលភ្ញៀវទេសចរជាថ្មីមកទស្សនាសៀមរាប-អង្គរយើង បន្ទាប់ពីជំងឺកូវីដ១៩មានភាពស្ងប់ស្ងាត់ និងផ្តាំផ្ញើឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ និងខិតខំគ្រេបយកចំណេះដឹងថ្មីៗតាមរយៈវគ្គវិក្រិតការនេះ។

ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ក្នុងរយៈពេលស្ថិតនៅក្នុងបរិបទការរីករាលដាលជាសាកលនៃជំងឺកូវីដ១៩ បានកែលម្អសោភ័ណភាពនៅបរិវេណប្រាសាទសំខាន់ៗនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ពិសេស ពង្រីកការងារស្រាវជ្រាវលើវិស័យបេតិកភណ្ឌ ដែលជាចំណុចសំខាន់ ដែលអាចផ្តល់ជាចំណេះដឹងបន្ថែមដល់មគ្គុទ្ទេសក៍ ដើម្បីឱ្យមគ្គុទ្ទេសក៍ដែលជាអ្នកនាំសារសំខាន់ក្នុងការផ្តល់ជូនភ្ញៀវទេសចរឱ្យយល់ពីតម្លៃអង្គរ និងវប្បធម៌ខ្មែរ ទទួលបានព័ត៌មានជាក់លាក់ពិតប្រាកដពីអង្គរ៕


Khcct banner

អត្ថបទទាក់ទង