Cc time
Cct850x100 1
Itt 0  web banner

លោក ពូទីន៖ ការដាក់ទណ្ឌកម្មរបស់អឺរ៉ុបនឹងធ្វើឲ្យតម្លៃស្បៀងអាហារពិភពលោកកើនឡើង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
លោក ពូទីន៖ ការដាក់ទណ្ឌកម្មរបស់អឺរ៉ុបនឹងធ្វើឲ្យតម្លៃស្បៀងអាហារពិភពលោកកើនឡើង ប្រភពរូប៖ RT

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ការដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តប្រឆាំងនឹងរុស្ស៊ី និងបេឡារុស្ស នឹងធ្វើឱ្យវិបត្តិស្បៀងអាហារពិភពលោកកាន់តែធ្ងន់ធ្ងរ ហើយនឹងប៉ះពាល់ដល់ពាណិជ្ជកម្មជី និងតម្លៃស្បៀងកើនឡើងកាន់តែខ្ពស់។

លោក ពូទីន បានថ្លែងបែបនេះនៅក្នុងបទសម្ភាសន៍ទូរទស្សន៍ពិសេសមួយ កាលពីល្ងាចថ្ងៃសុក្រ បន្ទាប់ពីកិច្ចប្រជុំជាមួយប្រធានសហភាពអាហ្វ្រិកលោក Macky Sall នៅទីក្រុង Sochi ។ លោក ពូទីន បានចោទប្រកាន់មេដឹកនាំលោកខាងលិចថា បានព្យាយាម «ផ្លាស់ប្តូរការទទួលខុសត្រូវចំពោះអ្វីដែលកំពុងកើតឡើងនៅក្នុងទីផ្សារម្ហូបអាហារពិភពលោក» ។

លោក ពូទីន បាននិយាយថា មូលហេតុឫសគល់នៃវិបត្តិ គឺផ្អែកលើគោលនយោបាយហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ និងការពឹងផ្អែកខ្លាំងពេករបស់អឺរ៉ុបខាងលិចលើកិច្ចសន្យាឧស្ម័នដែលអាចកកើតឡើងវិញបាន ដែលនាំឱ្យតម្លៃ និងអតិផរណាកើនឡើង។

ប្រធានាធិបតីរុស្សីរូបនេះ បានបន្តថា តម្លៃឧស្ម័នខ្ពស់ ដែលបានកើតឡើងជាលទ្ធផលនៃការវិនិយោគតិចនៅក្នុងវិស័យថាមពលបែបប្រពៃណី បានបង្ខំឱ្យក្រុមហ៊ុនផលិតជីជាច្រើនបិទអាជីវកម្មរបស់ពួកគេ ដោយសារតែមិនមានផលចំណេញ។ លោកបានបន្ថែមថា ការអភិវឌ្ឍបែបនេះបានធ្វើឲ្យការផ្គត់ផ្គង់ជីធ្លាក់ចុះ ដែលជាហេតុធ្វើឲ្យតម្លៃម្ហូបអាហារឡើងថ្លៃ។

ប៉ុន្តែ លោក ពូទីន បាននិយាយថា ជំនួសឱ្យការចាត់វិធានការជាក់ស្តែងណាមួយ ដើម្បីដោះស្រាយស្ថានការណ៍ បណ្តាប្រទេសលោកខាងលិចគ្រាន់តែបន្ទោសលើទីក្រុងម៉ូស្គូ។ ប្រធានាធិបតីរុស្ស៊ីបានច្រានចោលរាល់ការអះអាងដែលថា ទីក្រុងម៉ូស្គូកំពុងរារាំងគ្រាប់ធញ្ញជាតិអ៊ុយក្រែន ពីការនាំចេញទៅកាន់ប្រទេសផ្សេងទៀត ។ លោកបញ្ជាក់ថា រុស្ស៊ីបានត្រៀមខ្លួនជាស្រេចក្នុងការបង្កើនការនាំចេញគ្រាប់ធញ្ញជាតិរបស់ខ្លួនរហូតដល់ ៥០ លានតោន។

លោក ពូទីន បានសង្កត់ធ្ងន់ថា មានមធ្យោបាយជាច្រើនក្នុងការដឹកជញ្ជូនគ្រាប់ធញ្ញជាតិដោយសុវត្ថិភាពពីទឹកដីអ៊ុយក្រែន រួមទាំងតាមរយៈប៉ូឡូញ និងហុងគ្រី។ ហើយកងកម្លាំងរុស្ស៊ីនឹងបញ្ចប់ការដោះមីននៅតំបន់សមុទ្រខ្មៅដែលខ្លួនគ្រប់គ្រង ដើម្បីសម្រួលដល់ការឆ្លងកាត់ ប្រកបដោយសុវត្ថិភាពនៃទំនិញនៅសមុទ្រ Azov និងសមុទ្រខ្មៅ។

កាលពីព្រឹកថ្ងៃសុក្រ ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បានប្រាប់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ថា ប្រទេសបេឡារុសបានត្រៀមខ្លួនរួចជាស្រេចក្នុងការដឹកជញ្ជូនគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនទៅកាន់កំពង់ផែអឺរ៉ុបតាមផ្លូវដែក ប៉ុន្តែថានេះនឹងតម្រូវឱ្យកំពង់ផែទាំងនោះអាចទទួលយកទំនិញពីប្រទេសបេឡារុស្ស ដែលបច្ចុប្បន្នមិនអាចទៅរួចនោះទេ ដោយសារតែការដាក់ទណ្ឌកម្ម៕

Khcct banner

អត្ថបទទាក់ទង