Yearendyearend1140x150

ក្រសួងការបរទេសរុស្ស៊ី៖«ការហាមឃាត់ប្រេងរបស់អឺរ៉ុបនឹងធ្វើឲ្យតម្លៃប្រេងពិភពលោកឡើងថ្លៃ»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ក្រសួងការបរទេសរុស្ស៊ី៖«ការហាមឃាត់ប្រេងរបស់អឺរ៉ុបនឹងធ្វើឲ្យតម្លៃប្រេងពិភពលោកឡើងថ្លៃ» ប្រភពរូប៖ ស៊ីនហួរ

រុស្ស៊ី៖ ក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅថ្ងៃទី២ ថា ការសម្រេចចិត្តរបស់សហភាពអឺរ៉ុប ក្នុងការដាក់ទណ្ឌកម្មមួយផ្នែកលើប្រេងរុស្ស៊ី ទំនងជាជំរុញឱ្យតម្លៃប្រេងឡើងថ្លៃ និងធ្វើឱ្យភាពចលាចលនៅក្នុងទីផ្សារថាមពលពិភពលោកកាន់តែធ្ងន់ធ្ងរ។

មេដឹកនាំសហភាពអឺរ៉ុប បានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំកំពូលវិសាមញ្ញមួយកាលពីចុងខែមុន ដើម្បីហាមឃាត់ភ្លាមៗ នូវការនាំចូលប្រេងពីរុស្ស៊ីចំនួន ៧៥ ភាគរយ ដោយមានការលើកលែងបណ្តោះអាសន្នសម្រាប់ប្រេងដែលផ្គត់ផ្គង់តាមបំពង់។ ក្នុងដំណាក់កាលនេះ ប្រហែល ៣០% នៃការនាំចូលប្រេងរបស់អឺរ៉ុបមកពីប្រទេសរុស្ស៊ី ដែលប្រហែល ២/៣ មកដល់តាមសមុទ្រ និងមួយភាគបីត្រូវបានដឹកជញ្ជូនតាមបំពង់បង្ហូរ។

ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បាននិយាយថា ចំណាត់ការរបស់អឺរ៉ុបនឹងកាត់បន្ថយប្រភពថវិកាដ៏ធំរបស់រុស្ស៊ី និងដាក់ “សម្ពាធអតិបរមា” លើរុស្ស៊ី ដើម្បីបញ្ចប់ជម្លោះ។

ទាក់ទិននឹងសេចក្តីសម្រេចរបស់អឺរ៉ុប ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី២ ដោយនិយាយថា «ការសម្រេចចិត្តរបស់អឺរ៉ុប ក្នុងការហាមឃាត់ផ្នែកខ្លះនៃប្រេង និងផលិតផលប្រេងរបស់រុស្ស៊ី ក៏ដូចជាការហាមឃាត់ការផ្តល់ការធានារ៉ាប់រងដល់កប៉ាល់ពាណិជ្ជកររុស្ស៊ីទំនងជានឹងជំរុញបន្ថែមទៀតដល់ការឡើងថ្លៃ និងធ្វើឱ្យទីផ្សារថាមពលកាន់តែប្រែប្រួល ពិសេសរំខានដល់សង្វាក់ផ្គត់ផ្គង់»។

ចាប់តាំងពីរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការយោធាពិសេសប្រឆាំងនឹងអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ សហភាពអឺរ៉ុប បានធ្វើតាមសហរដ្ឋអាមេរិកក្នុងការដាក់ទណ្ឌកម្មជាច្រើនជុំលើរុស្ស៊ី ពាក់ព័ន្ធនឹងវិស័យធនាគារ ធ្យូងថ្ម និងវិស័យផ្សេងៗទៀត។

នៅពេលដែលវិសាលភាពនៃទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីបានពង្រីក សេដ្ឋកិច្ចផ្ទាល់ខ្លួនរបស់សហភាពអឺរ៉ុបក៏រងផលប៉ះពាល់ខ្លាំងផងដែរ។ អតិផរណាបានកើនឡើង សង្វាក់ផ្គត់ផ្គង់ត្រូវបានរំខាន និងភាពមិនច្បាស់លាស់អំពីទស្សនវិស័យសេដ្ឋកិច្ចបានកើនឡើងយ៉ាងខ្លាំង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង