Cc time
Cct850x100 1
Itt 0  web banner

កម្ពុជា-បង់ក្លាដែសនឹងសហការគ្នាបន្តពង្រឹងកិច្ចព្រមព្រៀងលើវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម មហាម៉េដ អាប់ឌុល ហ៊ី (រូបភាព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)

ភ្នំពេញ៖ កម្ពុជា-បង់ក្លាដែស បានប្តេជ្ញាបន្តពង្រឹងនូវកិច្ចព្រមព្រៀងលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយគ្នាទៀត ខណៈកិច្ចព្រមព្រៀងលើអនុស្សរណៈនៃការយោគយល់គ្នា(MOU) រវាងប្រទេសទាំងពីរ ជិតផុតសុពលភាព។ ការបញ្ជាក់បែបនេះត្រូវបានធ្វើឡើង នាឱកាសឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឲ្យឯកឧត្តម មហាម៉េដ អាប់ឌុល ហ៊ី ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ។

នៅក្នុងឱកាសនេះ ឯកឧត្តម អ៊ិត សំហេង បញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តមអគ្គរដ្ឋទូត និងឯកឧត្តមរដ្ឋមន្ត្រី សុខុមាលភាពជនបរទេស និងការងារនៅបរទេស ដែលបានដឹកនាំគណៈប្រតិភូមកកាន់កម្ពុជាពេលនេះ គឺជាការបញ្ជាក់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសយើងទាំងពីរ។

ឯកឧត្តមបន្តថា សម្រាប់ការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ បង់ក្លាដេសមានការរីកចម្រើនខាងបច្ចេកទេសផ្នែកកសិកម្ម ដោយកម្ពុជាផ្តល់អាទិភាពខ្ពស់ទៅលើវិស័យកសិកម្ម កម្ពុជាប្រើប្រាស់គ្រឿងចក្រស្ទើរតែ១០០ភាគរយទៅហើយ តម្រូវការធនធានមនុស្សសម្រាប់វិស័យនេះក៏កាន់តែច្រើន ហេតុដូចនេះ កម្ពុជាក៏ត្រូវការឲ្យបង់ក្លាដែសជួយបណ្តុះបណ្តាលផ្នែកនេះផងដែរ។

នៅក្នុងជំនួបនេះដែរ ឯកឧត្តម មហាម៉េដ អាប់ឌុល ហ៊ី បានស្នើក្រុមការងារបច្ចេកទេសខាងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា មកកាន់ទីក្រុងដក្កា ដើម្បីប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសបង់ក្លាដែសលើកទី២ លើការបន្តMOU ព្រមទាំងបានអញ្ជើញឯកឧត្តមរដ្ឋមន្ត្រីចុះបំពេញទស្សនកិច្ចជាមួយក្រុមការងារកម្ពុជាតែម្តង នៅបង់ក្លាដេស។

គួរជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះMOU ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយរដ្ឋាភិបាលបង់ក្លាដែស តំណាងដោយក្រសួងសុខុមាលភាពជនបរទេស និងការងារនៅបរទេស នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីរួមគ្នាគ្រប់គ្រងការជួលពលករទេសន្តរប្រវេសក៍ក្នុងប្រទេសទាំងពីរ, សហការគ្នាក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងវិស័យផ្សេងទៀត នៃកិច្ចសហប្រតិបត្តិការទាក់ទងនឹងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានព្រមព្រៀងគ្នា៕


Khcct banner

អត្ថបទទាក់ទង