Cc time
Cct850x100 1
Sme laon web banner(1800 x 300)

Unicef ប្រកាសចាប់ផ្តើមកម្មវិធីជំនាន់ថ្មីឆ្នាំ២០២២ជាមួយការបង្ហាញបេក្ខជន១៥រូប

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ដើម្បីអបអរសាទរទិវាកុមារនៅកម្ពុជា យូនីសេហ្វ បានប្រកាសបង្ហាញនូវបេក្ខជនចំនួន ១៥ រូប ដែលទើបត្រូវបានជ្រើសរើសសម្រាប់កម្មវិធីជំនាន់ថ្មី ឆ្នាំ២០២២ របស់ខ្លួន បន្ទាប់ពីបានអនុវត្តសាកល្បងដោយជោគជ័យក្នុងឆ្នាំ ២០២១ កន្លងមក ។

កម្មវិធីជំនាន់ថ្មី ត្រូវបានបង្កើតឡើងដើម្បីគាំទ្រយុវជនកម្ពុជាដែលមានទេពកោសល្យ ហើយមានគំនិតបង្កើតនូវការផ្លាស់ប្តូរសង្គមជាវិជ្ជមាន ដោយការផ្គូផ្គងពួកគេជាមួយគ្រូណែនាំ ផ្តល់ការបណ្តុះបណ្តាល និងឱកាសដល់ពួកគេ ដើម្បីប្រែក្លាយគំនិតរបស់ពួកគេឲ្យទៅសកម្មភាពជាក់ស្តែង។

បេក្ខជនដែលត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងកម្មវិធីជំនាន់ថ្មី ត្រូវបានប្រកាសបង្ហាញខ្លួននៅក្នុងពិធីដ៏ពិសេសមួយ ជាមួយនឹងវត្តមានភ្ញៀវកិត្តិយសដែលជាដៃគូមកពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងអប់រំ យុវជន និងកីទ្បា និងស្ថានទូតអង់គ្លេសប្រចាំកម្ពុជា។

យុវតី ហាក់ ស្រីពៅ ដែលជាបេក្ខនារីជាប់ក្នុងកម្មវិធីជំនាន់ថ្មីបាននិយាយថា “ខ្ញុំជឿជាក់ថាកម្មវិធីជំនាន់ថ្មីដែលគាំទ្រដោយយូនីសេហ្វ អាចជួយខ្ញុំកសាងជំនាញដើម្បីប្រមូលការចូលរួមពីសហគមន៍ ផ្តល់ការហ្វឹកហ្វឺនលេងបាល់ទាត់ និងរៀបចំចងក្រងក្រុមបាល់ទាត់នារី។” 

គម្រោងរបស់យុវតី ស្រីពៅ មានឈ្មោះ Girl Football Kick នឹងមានគោលបំណងជំរុញឲ្យមានក្មេងស្រីកាន់តែច្រើនចូលរួមលេងបាល់ទាត់ ជួយគាំទ្រពួកគេឲ្យអភិវឌ្ឍ ភាពជឿជាក់លើខ្លួនឯង ជំនាញធ្វើការងារជាក្រុម និងជំនាញដទៃទៀត ហើយស្របពេលជាមួយគ្នានោះ ក៏ជួយលើកកម្ពស់សុខភាពរបស់ពួកគេផងដែរ។ ប្អូនស្រីបានបន្ថែមទៀតថា “តាមរយៈយូនីសេហ្វ និងកម្មវិធីជំនាន់ថ្មីនេះ ខ្ញុំចង់រៀនពីវិធីតបស្នងត្រលប់ទៅកាន់សង្គមវិញនូវអ្វីដែលខ្ញុំបានរៀនសូត្រកន្លងមក។”

ដំណឹងពិសេសមួយនៅក្នុងកម្មវិធីនាថ្ងៃនេះគឺការប្រកាសរបស់ ឯកឧត្តម សំហេង បុរស រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ធីណា រ៉េដស ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ថាពួកគាត់នឹងចូលរួមធ្វើជាគ្រូណែនាំក្នុងកម្មវិធីជំនាន់ថ្មីឆ្នាំ២០២២នេះ។

ឯកឧត្តម សំហេង បុរស បានមានប្រសាសន៍នៅក្នុងកម្មវិធីថា “ដោយបានមកចូលរួមនៅថ្ងៃនេះ ខ្ញុំមានអារម្មណ៍ថាប្រទេសកម្ពុជាមានសក្តានុពលជាច្រើន ហើយប្អូនៗទាំងអស់គ្នាគឺជាសក្តានុពល។ ខ្ញុំតែងតែមានបំណងចង់ជួយប្រជាពលរដ្ឋឲ្យផ្លាស់ប្តូរទៅរកភាពប្រសើរជាងមុន និងបង្កើតសង្គមមួយដ៏ល្អជាងមុន។ ហើយនេះជាមូលហេតុដែលខ្ញុំប្រកាសឥទ្បូវនេះថាខ្ញុំនឹងធ្វើជាគ្រូណែនាំក្នុងកម្មវិធីជំនាន់ថ្មីនាឆ្នាំនេះ។ ខ្ញុំសូមស្នើឲ្យប្អូនៗធ្វើជាអ្នកដឹកនាំដ៏ល្អបំផុតដែលអាចធ្វើបាន និងជំរុញទឹកចិត្តដល់អ្នកដទៃឲ្យធ្វើដូចប្អូនដែរ។”

លោកជំទាវ ស្រូយ សុជាតិ អគ្គនាយិកានៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីទ្បា បានមានប្រសាសន៍ថា “ខ្ញុំសូមឲ្យតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់យូនីសេហ្វ ក្នុងការលើកកម្ពស់សមត្ថភាពយុវជនកម្ពុជាតាមរយៈកម្មវិធីជាច្រើន និងឥទ្បូវនេះតាមរយៈកម្មវិធីជំនាន់ថ្មី។ អាទិភាពរបស់ក្រសួងអប់រំ ជាពិសេសរបស់អគ្គនាយកដ្ឋានយុវជន គឺលើកកម្ពស់ និងអភិវឌ្ឍជំនាញសតវត្សរ៍ទី២១ សម្រាប់យុវជនកម្ពុជា ដែលពួកគេជាកម្លាំងជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនាពេលអនាគត។”

លោកជំទាវបានសង្កត់ធ្ងន់ទៅកាន់យុវជនដែលបានជ្រើសរើសទាំងអស់ថា “ក្នុងចំណោមយុវជនរាប់លាននាក់ក្នុងប្រទេសកម្ពុជា តើមានមូលហេតុអ្វីដែលប្អូនៗទាំងអស់គ្នាត្រូវបានគេជ្រើសរើស? ពីព្រោះប្អូនៗទាំងអស់គឺជាយុវជនឆ្នើមជាងគេ នៅក្នុងចំណោមយុវជនទាំងអស់ដែលបានដាក់ពាក្យ។ ដូច្នេះសូមចាប់យកអត្ថប្រយោជន៍ផ្តល់ដោយឱកាសនេះឲ្យអស់។”   

  


Khcct banner

អត្ថបទទាក់ទង