Yearendyearend1140x150

រុស្ស៊ីនឹងផ្អាកការផ្គត់ផ្គង់ឧស្ម័នដល់ហូឡង់ បន្ទាប់ពីប្រទេសនេះបដិសេធមិនបង់ថ្លៃជាប្រាក់រូប្លឹស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

រុស្ស៊ីនឹងផ្អាកការផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសហូឡង់ចាប់ពីថ្ងៃអង្គារ ប្រភពរូប៖ Euronews 

រុស្ស៊ី៖ ក្រុមហ៊ុនថាមពលរបស់រុស្ស៊ី Gazprom បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងផ្អាកការផ្គត់ផ្គង់ឧស្ម័នដល់ក្រុមហ៊ុនថាមពលរបស់ប្រទេសហូឡង់ GasTerra ចាប់ពីថ្ងៃអង្គារ បន្ទាប់ពីក្រុមហ៊ុននេះបានបដិសេធមិនបង់ថ្លៃឧស្ម័នជាប្រាក់រូប្លឹស។

ក្រុមហ៊ុន Gazprom បាននិយាយថា ពួកគេមិនបានទទួលការទូទាត់ណាមួយពីក្រុមហ៊ុន GasTerra សម្រាប់ឧស្ម័នដែលបានផ្គត់ផ្គង់ក្នុងខែមេសា ដោយផុតកំណត់នៃការទូទាត់ដែលមានចែងក្នុងកិច្ចសន្យាដូច្នេះហើយពួកគេបានសម្រេចផ្អាកការផ្តល់ឧស្ម័នចាប់ពីថ្ងៃទី ៣១ ខែឧសភា រហូតដល់ការទូទាត់ត្រូវបានធ្វើឡើងតាមតម្រូវការ។

ការកាត់ផ្តាច់នេះមានន័យថា ឧស្ម័នចំនួន ២ ពាន់លានម៉ែត្រគូប ដែលខ្លួនបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Gazprom នឹងមិនត្រូវបានចែកចាយចាប់ពីថ្ងៃទី ៣១ ខែឧសភា ដល់ថ្ងៃទី ៣០ ខែកញ្ញានោះទេ។

មុននេះ GasTerra បានប្រកាសថា ខ្លួនមិនមានបំណងបង់ប្រាក់សម្រាប់ឧស្ម័នដែលបានផ្គត់ផ្គង់ជាប្រាក់រូប្លឹសទេ។ ក្រុមហ៊ុនដែលជាកម្មសិទ្ធិមួយផ្នែករបស់រដ្ឋាភិបាលហូឡង់នេះ បាននិយាយថា ខ្លួនបានគិតទុកជាមុនអំពីស្ថានភាពនេះ និងបានទិញឧស្ម័នពីអ្នកផ្តល់សេវាផ្សេងទៀត។

ប្រទេសរុស្ស៊ីបានផ្អាកការនាំចេញឧស្ម័នទៅកាន់ប្រទេសមួយចំនួនដូចជា ប៊ុលហ្គារី ប៉ូឡូញ និងហ្វាំងឡង់រួចហើយ ខណៈដែលប្រទេសនានា បានបដិសេធមិនបង់ថ្លៃជាប្រាក់រូប្លឹស។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ីលោក Anton Siluanov បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសនេះកំពុងពិចារណាលើ "ការទូទាត់ជាប្រាក់រូប្លឹស" ដែលរុស្ស៊ីបានប្រើប្រាស់សម្រាប់ពាណិជ្ជកម្មឧស្ម័នចំពោះអ្នកកាន់ប្រាក់អឺរ៉ូ។ លោកបានបន្តថា តាមវិធីនេះ រុស្ស៊ីនឹងអាចគេចពីប្រព័ន្ធទូទាត់ប្រាក់របស់លោកខាងលិច និងទណ្ឌកម្មពាក់ព័ន្ធ។

អ្នកនាំពាក្យលោក Dmitry Peskov បាននិយាយនៅថ្ងៃដដែលនោះថា យន្តការទូទាត់ប្រាក់រូប្លឹសជួយសម្រួលដល់ភាគីទាំងពីរនៃពាណិជ្ជកម្ម ដូច្នេះវាអាចអនុវត្តយន្តការលើការបង់ប្រាក់ឱ្យអ្នកកាន់ប្រាក់អឺរ៉ូ ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង