Yearendyearend1140x150

អ្នកស្រី លឹម សន្ដិភាព ចំណាយពេលនិពន្ធសៀវភៅ ដើម្បីផ្តល់«ស្នាមញញឹម»ដល់អ្នកអាន

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី​
/
អ្នកស្រី លឹម សន្ដិភាព ក្នុងថ្ងៃទទួលសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ នៅកាណាដា ឆ្នាំ២០១២

កាណាដា៖ អ្នកស្រី លឹម សន្ដិភាព ជាអ្នកនិពន្ធឯករាជ្យមួយរូប។ ចាប់ពីឆ្នាំ២០១៩មក អ្នកស្រីបានបង្កើតក្រុមការងារបោះពុម្ពផ្សាយដោយខ្លួនឯង មានឈ្មោះថា SP books។ រហូតមកដល់បច្ចុប្បន្ន អ្នកស្រីបានបោះពុម្ពសៀវភៅចំនួន ១៩ចំណងជើងមកហើយ។

អ្នកស្រី លឹម សន្តិភាព កើតនៅប្រទេសកម្ពុជា ក្នុងទីក្រុងភ្នំពេញ ឆ្នាំ ១៩៧៩។ អ្នកស្រី មានបងប្អូន ៤នាក់។ អ្នកស្រី សន្ដិភាព ជាកូនទីបី ដែលមានលោកឪពុកឈ្មោះ លឹម សុគន្ធ និងអ្នកម្តាយឈ្មោះ កែ ផល្លា។ អ្នកស្រី សន្ដិភាព បញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ ១៩៩៦ រួចបានបញ្ចប់បរិញ្ញាបត្រអក្សរសាស្ត្រភាសាបារាំង នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំ ២០០០។

ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រភាសាបារាំង អ្នកស្រីបានបានចូលធ្វើជាគ្រូបង្រៀនភាសាបារាំង នៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈរយៈពេលមួយឆ្នាំ។ បន្ទាប់មកអ្នកស្រី បានចូលទៅធ្វើការនៅអង្គការស៊ីប៉ា (SIPAR) ក្នុងនាមជានាយិកាផ្នែកបោះពុម្ពផ្សាយសៀវភៅកុមារ។

អំឡុងពេលធ្វើការនៅក្នុងអង្គការ អ្នកស្រីបានឆ្លៀតរៀនបន្តថ្នាក់អនុបណ្ឌិតរដ្ឋបាលពាណិជ្ជកម្ម ក្រោយម៉ោងធ្វើការ ព្រោះការងាររបស់អ្នកស្រី ជានាយិកាសៀវភៅកុមារ ទាមទារឱ្យយល់កាន់តែច្បាស់ពីផ្នែកទីផ្សារ (តម្រូវការសៀវភៅកុមារក្នុងប្រទេសកម្ពុជា) និងពីរបៀបធ្វើទីផ្សារ (ការផ្សព្វផ្សាយលក់សៀវភៅ ដែលពួកយើងបានបោះពុម្ពផ្សាយរួច)។ អ្នកស្រីបាន បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញរដ្ឋបាលពាណិជ្ជកម្ម នៅឆ្នាំ២០០៦។

អ្នកស្រី សន្ដិភាព បានប្រាប់ស៊ីស៊ីថាមស៍ថា ក្នុងនាមជានាយិកាសៀវភៅកុមារម្នាក់ អ្នកស្រីបានចូលរួមនិពន្ធសៀវភៅកុមារមួយចំនួនដែរ ហើយអ្នកស្រីក៏រកឃើញថា ខ្លួនមានទេពកោសល្យខាងផ្នែកសរសេរ ទើបខ្ញុំសម្រេចចិត្តសុំអាហារូបករណ៍មកបន្តយកអនុបណ្ឌិតផ្នែកអក្សរសាស្ត្រ នៅប្រទេសកាណាដា និងទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិត នៅឆ្នាំ២០១២។

អ្នកស្រី សន្ដិភាព បានបន្ដថា បានសរសេរប្រលោមលោកលើកទីមួយនៅឆ្នាំ ២០០៧ ដែលមានចំណងជើងថា ម្ចាស់បេះដូង។ ក្រោយពីការនិពន្ធប្រលោមលោកទីមួយ អ្នកស្រីដឹងថា ខ្លួនមានទេពកោសល្យនិពន្ធប្រលោមលោកស្នេហាបែបកំប្លែង។ អ្នកស្រីក៏ចាប់ផ្តើមសរសេរប្រលោមលោកជាច្រើនបន្ថែមទៀត មានប្រលោមលោកជាច្រើនប្រភេទ ដូចជា ស្នេហាបែបកំប្លែង ផ្សងព្រេង អភិនីហារ ស៊ើបអង្កេតជាដើម។

អ្នកស្រី សន្ដិភាព បានឱ្យដឹងថា មកដល់ថ្ងៃនេះ អ្នកស្រីបានបោះពុម្ពសៀវភៅចំនួន ១៩ចំណងជើងហើយ។ អ្នកស្រីថែមទាំងបាននិពន្ធសៀវភៅលើកទឹកចិត្តចំនួន២ចំណងជើងថែមទៀតផង។ សៀវភៅទាំងអស់មានលក់ដុំនិងរាយនៅតាមផេកហ្វេសប៊ុកផ្ទាល់ខ្លួនរបស់អ្នកស្រី Santepheap LIM និងផេកហ្វេសប៊ុក SP books។ ក្នុងឆ្នាំ២០១៩ អ្នកស្រីបានបង្កើតក្រុមការងារបោះពុម្ពផ្សាយដោយខ្លួនឯង មានឈ្មោះថា SP books ផងដែរ។

អ្នកស្រី សន្ដិភាព បានបន្ថែមថា ក្រៅពីប្រលោមលោក អ្នកស្រីបានចំណាយពេលសរសេរអត្ថបទលើកទឹកចិត្តជាច្រើនរយអត្ថបទ។ ក្រោយមក អ្នកស្រីបានយកអត្ថបទទាំងនោះមករៀបចំចងក្រងជាសៀវភៅ ចំនួនពីរក្បាល ដែលមានចំណងជើងថា «រើសយកក្តីសុខ» និង «បច្ចុប្បន្នឆ្លុះអនាគត» ហើយអ្នកស្រីក៏បានចំណាយពេលវេលាថតសំឡេងលើកទឹកចិត្តជាងមួយរយសំឡេង លើកទឹកចិត្តអ្នកអានរបស់ខ្ញុំ ក្នុងការតស៊ូរស់នៅដើម្បីគោលបំណងជីវិតរបស់ពួកគេផងដែរ។

អ្នកស្រី សន្ដិភាព បានបន្ដទៀតថា ក្នុងនាមជាអ្នកនិពន្ធម្នាក់ អ្នកស្រីតែងតែទទួលបានសារជាច្រើនរបស់អ្នកអាន ដែលមានទុក្ខលំបាក ក្នុងការរស់នៅរាល់ថ្ងៃ។ វាជាមូលហេតុ ដែលជួយរុញអ្នកស្រី ឱ្យនិពន្ធប្រលោមលោកកាន់តែច្រើន ព្រោះអ្នកស្រីដឹងថា ការនិពន្ធរបស់អ្នកស្រី បានជួយផ្តល់ភាពស្រស់ស្រាយក្នុងផ្លូវអារម្មណ៍របស់មនុស្សមួយចំនួន និងផ្តល់ក្តីសង្ឃឹមក្នុងការរស់នៅដល់ពួកគេ។

អ្នកស្រី សន្ដិភាព បានបន្ថែមទៀតថា «គោលបំណងរបស់ខ្ញុំ គឺជួយមនុស្សបំបាត់ស្រ្តេសគ្មានប្រយោជន៍ទាំងឡាយ តាមពេលវេលា ដែលខ្ញុំអាចជួយពួកគេបាន។ ខ្ញុំចូលចិត្តញញឹម ទើបខ្ញុំចង់បំពាក់ស្នាមញញឹមស្រស់ស្រាយមួយនៅលើបបូរមាត់អ្នកអានរបស់ខ្ញុំដែរ។ ប្រលោមលោកទាំងអស់របស់ខ្ញុំ ទោះជាធ្វើឱ្យគេញញឹម ព្រោះតែភាពកំប្លុកកំប្លែងនៅក្នុងសំណេររបស់ខ្ញុំក៏ដោយ ក៏សុទ្ធតែបង្កប់នូវគតិអប់រំ ដែលអាចជួយផ្តល់ជាគំនិត ឬជាដំណោះស្រាយក្នុងបញ្ហារស់នៅប្រចាំថ្ងៃរបស់មនុស្សមួយចំនួនកំពុងជួបវិបត្តិក្នុងជីវិត។»

អ្នកស្រី សន្ដិភាព បានឱ្យដឹងទៀតថា ផលវិបាកធំបំផុត ដែលអ្នកស្រីជួបប្រទះក្នុងការសរសេរនោះ គឺពេលវេលា។ អ្នកស្រីមិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីសរសេរតាមតែចិត្តចង់ទេ។ ក្រោយពេលដាក់កូនតូចៗទាំងពីររបស់អ្នកស្រីចូលគេងរៀងរាល់រាត្រី បើអ្នកស្រីមិនហត់ខ្លាំងពេកទេ អ្នកស្រីព្យាយាមចំណាយពេលមួយម៉ោងទៅពីរម៉ោង ឬលើសពីនេះ ដើម្បីនិពន្ធ ឬសរសេរអត្ថបទលើកទឹកចិត្ត រួចផុសនៅលើផេកហ្វេសប៊ុក Santepheap LIM។

អ្នកស្រី សន្ដិភាព បាននិយាយទៀតថា ថ្ងៃអនាគត អ្នកស្រីមិនអាចស្មានដឹងមុនថា អ្នកស្រីនឹងបន្តការសរសេរឬយ៉ាងណាទេ ព្រោះវាអាស្រ័យទៅលើស្ថានភាពជាក់ស្តែង និងតម្រូវការចាំបាច់របស់ក្រុមគ្រួសាររបស់អ្នកស្រី។ ប៉ុន្តែបើអ្នកស្រីមានពេលវេលា អ្នកស្រីនឹងបន្តបម្រើអ្នកអានរបស់អ្នកស្រីក្នុងនាមជាអ្នកនិពន្ធ ដែលអាចឆ្លាក់ស្នាមញញឹមលើបបូរមាត់របស់ពួកគេបន្តទៀត។

ជាចុងក្រោយអ្នកស្រីបាននិយាយថា «មនុស្សម្នាក់ៗកំណត់ភាពជោគជ័យខុសៗគ្នា។ សម្រាប់ខ្ញុំ ជោគជ័យធំបំផុតរបស់ខ្ញុំ គឺបានកសាងខ្លួនក្លាយជាធនធានមានប្រយោជន៍ដល់សង្គមជាតិ និងមានទេពកោសល្យអាចបំពាក់ស្នាមញញឹមលើបបូរមាត់អ្នកអានមួយចំនួន។ ក្តីស្រមៃខ្ញុំក្នុងវិនាទីនេះ គឺសរសេរ និងបោះពុម្ពផ្សាយសៀវភៅឱ្យបានកាន់តែច្រើន ដើម្បីចែករំលែកក្តីសុខក្នុងផ្លូវចិត្តដល់អ្នកអាន និងជួយលើកស្ទួយដល់វិស័យអំណានក្នុងប្រទេសកម្ពុជា។ គោលបំណងរបស់ខ្ញុំ គឺឆ្លាក់ស្នាមញញឹម និងផ្តល់ក្តីសង្ឃឹមដល់អ្នកអាន៕ »

អ្នកស្រី លឹម សន្ដិភាព និងគ្រួសារ ក្នុងថ្ងៃទទួលសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ នៅកាណាដា ឆ្នាំ២០១២
អ្នកស្រី លឹម សន្ដិភាព ក្នុងថ្ងៃទទួលសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ នៅកាណាដា ឆ្នាំ២០១២
អ្នកស្រី លឹម សន្ដិភាព និងគ្រួសារ នៅប្រទេសកាណាដា


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង