Yearendyearend1140x150

ប្រទេសជាច្រើនរាយការណ៍ពីករណីជំងឺអុតស្វាជាលើកដំបូង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រទេសជាច្រើនរាយការណ៍ពីករណីជំងឺអុតស្វាជាលើកដំបូង ប្រភពរូប៖ ស៊ីស៊ីធីវី

អឺរ៉ុប៖ ប្រទេសជាច្រើនបានរាយការណ៍ករណីជំងឺអុតស្វាលើកដំបូងរបស់ខ្លួន ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ ខណៈដែលប្រទេសផ្សេងទៀតរួមទាំងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានឃើញការកើនឡើងនៃករណីឆ្លង ដែលត្រូវបានបញ្ជាក់នៅក្នុងតំបន់របស់ពួកគេ។

អាហ្សង់ទីន បានរាយការណ៍ករណីជំងឺអុតស្វា ដំបូងរបស់ខ្លួនកាលពីថ្ងៃសុក្រ ដោយក្រសួងសុខាភិបាលរបស់ប្រទេសនេះបាននិយាយថា ករណីសង្ស័យមួយត្រូវបានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺអុតស្វា និងក្រោយមកត្រូវបានបញ្ជាក់ថា ជាករណីជំងឺអុតស្វាទីពីរនៅក្នុងប្រទេស។

យោងតាមក្រសួងសុខាភិបាល អ្នកជំងឺដែលជាជនជាតិអេស្បាញ ដែលបានមកដល់ប្រទេសអាហ្សង់ទីនកាលពីថ្ងៃពុធ បច្ចុប្បន្នមានស្ថានភាពរាងកាយល្អ តែមានរោគសញ្ញាដំបៅស្បែក ហើយកំពុងទទួលការព្យាបាល និង ការដាក់ឲ្យនៅដាច់ដោយឡែក ។

ក្រសួងសុខាភិបាលរបស់អ៊ីស្រាអែលកាលពីថ្ងៃសៅរ៍បានធ្វើសេចក្តីថ្លែងការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយនិយាយថា ខ្លួនបានបញ្ជាក់ពីករណីទី២នៃជំងឺអុតស្វានៅក្នុងប្រទេស។

ករណីថ្មីដែលបញ្ជាក់នោះ គឺបុរសវ័យ៣០ឆ្នាំ ដែលទើបត្រឡប់ពីធ្វើដំណើរទៅក្រៅប្រទេស។ កាសែត The Times of Israel បានរាយការណ៍ថា គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរយៈពេលខ្លីនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រក្នុងស្រុកមួយកាលពីថ្ងៃសុក្រ ហើយត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺអុតស្វានៅថ្ងៃបន្ទាប់។

ក្រសួងសុខាភិបាលរបស់ប្រទេសអេក្វាឌ័រ បាននិយាយកាលពីថ្ងៃសុក្រថា ករណីសង្ស័យថាកើតជំងឺអុតស្វាជាលើកដំបូងរបស់ប្រទេសអេក្វាឌ័រ ត្រូវបានគេរាយការណ៍នៅក្នុងរដ្ឋធានី Quito របស់ខ្លួន។ អាជ្ញាធរបាននិយាយថា អ្នកជំងឺបានធ្វើដំណើរទៅកាន់ទ្វីបអាហ្រ្វិក ហើយបានបង្ហាញរោគសញ្ញាដែលទាក់ទងនឹងជំងឺអុតស្វា ដូចជាគ្រុនក្តៅ និងការដំបៅស្បែក។

សេចក្តីថ្លែងការណ៍ផ្លូវការបាននិយាយថា ករណីសង្ស័យមិនទាក់ទងទៅនឹងករណីដែលត្រូវបានបញ្ជាក់ នៅក្នុងទ្វីបអឺរ៉ុបនោះទេ។ ហើយនាយកដ្ឋានគ្រប់គ្រង និងបង្ការជំងឺអេក្វាឌ័រ បានដាក់ជំងឺ និង អ្នកទំនាក់ទំនងជិតស្និទ្ធ ដាក់ឲ្យនៅដាច់ឡែក និងធ្វើការស៊ើបអង្កេតរោគរាតត្បាត។

មន្ត្រីប្រតិបត្តិសេវាសុខភាពបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ថា ករណីជំងឺអុតស្វាដែលបានបញ្ជាក់ជាលើកដំបូងរបស់ប្រទេសអៀរឡង់ ត្រូវបានគេរាយការណ៍នៅភាគខាងកើតនៃប្រទេសកាលពីយប់ថ្ងៃសុក្រ។

ប្រទេសម៉ាល់តា បានរាយការណ៍ករណីជំងឺអុតស្វាដំបូងរបស់ខ្លួន ដែលទើបត្រឡប់មកពីប្រទេសដែលមានដែលបានបញ្ជាក់ថាមានករណីឆ្លង ហើយក្រសួងសុខាភិបាលរបស់ប្រទេសបានប្រកាសកាលពីថ្ងៃសៅរ៍។ អ្នកជំងឺត្រូវបានរាយការណ៍ថា មានរោគសញ្ញាស្រាល ហើយត្រូវបានតម្រូវឱ្យនៅដាច់ដោយឡែកនៅផ្ទះ។

អាជ្ញាធរសុខាភិបាលម៉ិកស៊ិកកាលពីថ្ងៃសៅរ៍ បានបញ្ជាក់ពីករណីជំងឺអុតស្វាលើកដំបូងរបស់ប្រទេស។ ដោយនេះជាករណីនាំចូលពីបរទេស។ យោងតាមអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល Hugo Lopez Gatell អ្នកជំងឺអាយុ ៥០ ឆ្នាំ គឺជាអ្នករស់នៅអចិន្ត្រៃយ៍នៃទីក្រុងញូវយ៉ក ហើយបច្ចុប្បន្នស្ថិតក្នុងស្ថានភាពថេរនិងនៅដាច់ដោយឡែក។

អាជ្ញាធរសុខភាព និងសុវត្ថិភាពរបស់ចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃសុក្រថាចំនួនករណីជំងឺអុតស្វាដែលត្រូវបានបញ្ជាក់បានឈានដល់ ១០៦ ករណី។

ចំណែកមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក បាននិយាយថា គិតត្រឹមថ្ងៃសុក្រនេះ ករណីកើតជំងឺអុតស្វាចំនួន ១២ ករណីត្រូវបានរាយការណ៍នៅក្នុងរដ្ឋចំនួន ៨ ។ ក្នុងចំណោមពួកគេ រដ្ឋកាលីហ្វ័រញ៉ា ខូឡូរ៉ាដូ ផ្លរីដា និងយូថាហ៍ បានកត់ត្រាករណីដែលបានបញ្ជាក់ចំនួនពីរ។

ក្រសួងសុខាភិបាលអ៊ីតាលី បាននិយាយនៅក្នុងព្រឹត្តិបត្រមួយថា ចំនួនករណីជំងឺអុតស្វា ដែលត្រូវបានបញ្ជាក់ក្នុងប្រទេសបានកើនឡើងដល់ ៦ ហើយនាយកដ្ឋានសុខាភិបាលបារាំងបានរាយការណ៍ថា មានករណីជំងឺអុតស្វាចំនួន៧ ។

ទន្ទឹមនឹងនេះ ប្រទេសអេស្ប៉ាញកាលពីថ្ងៃព្រហស្បតិ៍បានរាយការណ៍ពីករណីជំងឺអុតស្វាថ្មីចំនួន ២៥ ដែលត្រូវបានបញ្ជាក់ដោយធ្វើឱ្យចំនួនសរុបកើនឡើងដល់ ៨៤ ។

ទីក្រុង Quebec នៃប្រទេសកាណាដា បានរាយការណ៍ករណីជំងឺអុតស្វាចំនួន ១០ ហើយទីក្រុង Toronto បានកត់ត្រាករណីដំបូង ដែលនាំឱ្យចំនួនសរុបនៃជំងឺនេះកើនឡើងដល់ ២៦ នៅក្នុងប្រទេសកាណាដា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង