Yearendyearend1140x150

ដំណាំស្រូវជិត១ម៉ឺនហិកតាត្រូវបានប៉ះពាល់និងខូចខាតដោយគ្រោះជំនន់ទឹកភ្លៀងនៅក្នុងខេត្តចំនួន២

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ដំណាំស្រូវដែលរងផលប៉ះពាល់ និងខូចខាតដោយគ្រោះជំនន់ទឹកភ្លៀងនាពេលកន្លងទៅ (រូបភាព៖ postkhmer)

ភ្នំពេញ៖ នៅរដូវវស្សាឆ្នាំ២០២២ ដោយទឹកភ្លៀងបានចាប់ផ្ដើមធ្លាក់លឿនជាងបណ្តាឆ្នាំមុនៗ ធ្វើឱ្យខេត្តបន្ទាយមានជ័យ និងខេត្តត្បូងឃ្មុំ បានជួបប្រទះនឹងគ្រោះជំនន់ទឹកភ្លៀងនៅដើមរដូវដែលធ្វើឱ្យប៉ះពាល់ដល់ដំណាំស្រូវប្រមាណ ៦ ០១៦ហិកតា និងខូចខាតចំនួន ៣ ៥១៣ហិកតា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បើតាមសេចក្តីជូនដំណឹង ក្នុងនោះខេត្តបន្ទាយមានជ័យមានផ្ទៃដីប៉ះពាល់ចំនួន ៤ ៦៦៤ហិកតា និងខូចខាតចំនួន ២ ៣៨០ហិកតា និងខេត្តត្បូងឃ្មុំមានផ្ទៃដីប៉ះពាល់ចំនួន ១ ៣៣៧ហិកតា និងផ្ទៃដីខូចខាតចំនួន ១ ១៣៣ហិកតា។

ក្រសួងបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ កសិករដាំដុះស្រូវបានចំនួន ៥០២ ៧៩៩ហិកតា ស្មើនឹង១៩,១៩% នៃផែនការ ២៦១៩ ៥០០ហិកតា ក្នុងនោះស្រូវស្រាលចំនួន ៣១៧ ៦៦៣ហិកតា ស្រូវកណ្តាលចំនួន ៩៩ ៣១១ហិកតា ស្រូវធ្ងន់ចំនួន ៧៩ ០៤៥ហិកតា ស្រូវចម្ការចំនួន ៦៣៧ហិកតា និងស្រូវឡើងទឹកចំនួន ៦ ១៤៣ហិកតា។ បើប្រៀបធៀបនឹងឆ្នាំ២០២១ ក្នុងរយៈពេលដូចគ្នា ការដាំដុះដំណាំស្រូវវស្សាមានភាពយឺតជាង ព្រោះតំបន់មួយចំនួនលិចទឹក និងជោកជាំពេកមិនអាចភ្ជួររាស់កើត។

ក្នុងគោលបំណងធានាបាននូវសន្តិសុខស្បៀង និងឈានសម្រេចបានតាមគោលនយោបាយជំរុញផលិតកម្មស្រូវនិងការនាំចេញអង្កររបស់រាជរដ្ឋាភិបាល ជាពិសេសដើម្បីឱ្យលទ្ធផលនៃការងារបង្កបង្កើនផលសម្រេចបានល្អប្រសើរទៅតាមផែនការគ្រោងទុកនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានចេញសារាចរណែនាំដល់អង្គភាពក្រោមឱវាទក្រសួង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្តទាំងអស់ និងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់អនុវត្តនូវវិធានការចាំបាច់ និងបន្ទាន់មួយចំនួនផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង