Yearendyearend1140x150

ភ្លើងឆេះព្រៃដ៏ធំបំផុតនៅរដ្ឋមួយរបស់អាម៉េរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ភ្លើងឆេះព្រៃដ៏ធំបំផុតនៅរដ្ឋមួយរបស់អាម៉េរិក ប្រភពរូប៖ The New York Times

អាម៉េរិក៖ ភ្លើងឆេះព្រៃចំនួន ២ ដែលកំពុងឆាបឆេះនៅរដ្ឋ New Mexico សហរដ្ឋអាមេរិក បានក្លាយជាភ្លើងឆេះព្រៃដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋ បន្ទាប់ពីមានការឆេះកាលពីខែមុន ហើយនៅមិនទាន់រលត់នៅឡើយ។

មូលហេតុនៃភ្លើងឆេះព្រៃបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយសេវាកម្មព្រៃឈើរបស់សហរដ្ឋអាមេរិក បានទទួលស្គាល់កាលពីថ្ងៃទី ២៧ ថា ភ្លើងឆេះព្រៃទាំងពីរត្រូវបានបញ្ឆេះដោយសេវាកម្មព្រៃឈើ ដែលបានបង្កការភ្ញាក់ផ្អើលដល់មនុស្សជាច្រើន។

យោងតាមសារព័ត៌មាន Associated Press ភ្លើងឆេះព្រៃទាំងពីរ បានកើតឡើងនៅតំបន់ភ្នំភាគខាងត្បូងនៃភ្នំ Rocky ភាគខាងកើតនៃរដ្ឋធានី New Mexico ក្នុងទីក្រុង Santa Fe ។ ភ្លើងឆេះព្រៃមួយបានចាប់ផ្ដើមឆេះក្នុងខែមករា ដោយវាត្រូវបានពន្លត់រួចហើយ តែក៏ឆេះម្ដងទៀតនៅថ្ងៃទី ៦ ខែមេសា ខណៈភ្លើងនេះមិនទាន់រលត់ផង ភ្លើងឆេះថ្មីនៅថ្ងៃទី ១៩ ខែមេសាក៏កើតឡើងមួយទៀត។ ភ្លើងឆេះព្រៃទាំងពីរ បានបញ្ចូលគ្នាជាបន្តបន្ទាប់កាលពីថ្ងៃទី ២២ ខែមេសា រហូតមកដល់ពេលនេះធ្វើឲ្យតំបន់ភ្លើងបានឈានដល់ទំហំ ១,៣០០ គីឡូម៉ែត្រការ៉េ ដែលស្មើនឹងផ្ទៃដីនៃទីក្រុងញូវយ៉កទាំងមូល។

ការស៊ើបអង្កេតបង្ហាញថា សេវាព្រៃឈើអាម៉េរិកដើមឡើយមានបំណងគ្រប់គ្រងការដុតដើមឈើ និងការទុកដាក់សំរាម ដើម្បីកាត់បន្ថយហានិភ័យនៃភ្លើងឆេះព្រៃនៅរដូវប្រាំង។ ផ្ទុយទៅវិញ ភ្លើងឆេះបានបង្កើតឡើងដោយសេវាកម្មព្រៃឈើ ធ្វើឲ្យមានភ្លើងឆេះព្រៃដ៏ក្ដៅគគុកបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋ New Mexico ។

ភ្លើងឆេះព្រៃចំនួនពីរនេះ បានបំផ្លាញផ្ទះយ៉ាងហោចណាស់ ៣៣០ខ្នង និងបង្ខំឱ្យមានការជម្លៀសជាបន្ទាន់នៃអ្នកស្រុករាប់ពាន់នាក់។ ភ្លើងនៅតែឆាបឆេះនៅឡើយ ហើយអ្នកពន្លត់អគ្គិភ័យប្រមាណ៣.០០០ នាក់បន្តធ្វើការដើម្បីពន្លត់ភ្លើង។ ការចំណាយលើការពន្លត់អគ្គិភ័យសរុបត្រូវបានគេប៉ាន់ប្រមាណថាមានលើសពី ១៣២ លានដុល្លារ។

សូមបញ្ជាក់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសផែនការចំនួន ៥០ ពាន់លានដុល្លារ ដើម្បីការពារភ្លើងឆេះព្រៃនៅក្នុងខែមករាឆ្នាំនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង