Yearendyearend1140x150

ស៊ុយអ៊ែតនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ជំនួបពិភាក្សាការងាររវាងក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយស៊ុយអ៊ែត (រូបភាព៖ ក្រសួងពាណិជ្ជកម្ម)

ភ្នំពេញ៖ ស៊ុយអ៊ែតមានឆន្ទៈក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយប្រទេសកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត ជាពិសេសបានលើកទឹកចិត្តដល់ពាណិជ្ជករ និងវិនិយោគិនស៊ុយអែត ឱ្យស្វែងយល់បន្ថែមពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍នៅកម្ពុជា។ នេះជាការលើកឡើងរបស់ឯកឧត្តម Jon Åström Gröndahl ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា។

នៅក្នុងឱកាសជួបពិភាក្សាការងាររវាងក្រសួងពាណិជ្ជកម្មកម្ពុជាជាមួយស៊ុយអ៊ែត ឯកឧត្តម ឱក ប៊ុង រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងធ្វើពិពិធកម្មពាណិជ្ជកម្ម តាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្រោមក្របខណ្ឌពហុភាគី តំបន់ និងទ្វេភាគី ស្របជាមួយនឹងការធ្វើកំណែទម្រង់ច្បាប់និងបទប្បញ្ញត្តិ ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរ។

ជាកិច្ចឆ្លើយតប ឯកឧត្តម Jon Åström Gröndahl បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រីស្តីទី ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងឆន្ទៈក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ព្រមទាំងបន្តពង្រឹងទំនាក់ទំនងល្អ ជាពិសេសក្នុងវិស័យពាណិជ្ជកម្មឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅបន្ថែមទៀត ដែលអាចជួយដល់ការស្តារសេដ្ឋកិច្ចឡើងវិញ និងជួយបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ស៊ុយអែត ដើម្បីឈានដល់កម្រិតសក្តានុពលពេញលេញ។

បន្ថែមពីនេះ ឯកឧត្តម ឱក ប៊ុង បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជា ក្នុងការស្វាគមន៍ពាណិជ្ជករ និងវិនិយោគិនរបស់ស៊ុយអែត ដើម្បីចាប់យកឱកាសធុរកិច្ច និងវិនិយោគដ៏ធំធេងនៅកម្ពុជា ដោយក្នុងនោះ ស្នើឱ្យភាគីស៊ុយអែតបង្កើនការនាំចូលទំនិញកសិកម្មនិង កម្មន្តសាលពីកម្ពុជា វិនិយោគបន្ថែមទៀតលើវិស័យរថយន្តអគ្គិសនីនៅកម្ពុជា និងពិនិត្យលទ្ធភាពបង្កើតសភាពាណិជ្ជកម្មស៊ុយអែតឱ្យមានវត្តមាននៅកម្ពុជា។

ជាកិច្ចបញ្ចប់ ឯកឧត្តម ឱក ប៊ុង បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាណិជ្ជកម្ម ក្នុងការសហការជាមួយភាគីស៊ុយអែត ដើម្បីផ្តល់សុខុមាលភាពសង្គមនិងសេដ្ឋកិច្ចជូនប្រជាជននៃភាគីទាំងពីរ និងបានជូនពរឱ្យឯកឧត្តមឯកអគ្គរាជទូត ទទួលបានជោគជ័យគ្រប់ភារកិច្ច៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង