Yearendyearend1140x150

អ្នករត់តាក់ស៊ីបង្ខំចិត្តឡើងថ្លៃក្រោយប្រេងសាំងនិងហ្គាសបន្តឡើងថ្លៃ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
បេនឡាននៅផ្សារថ្មី (រូបភាព៖ សហការី)

ភ្នំពេញ៖ មកទល់ពេលនេះ តម្លៃលក់រាយប្រេងឥន្ធនៈបាននឹងកំពុងបន្តឡើងថ្លៃជាបន្តបន្ទាប់ ដែលបានកំពុងបង្កឱ្យអ្នកប្រើប្រាស់មានភាពលំបាក ជាពិសេសអ្នករត់តាក់ស៊ី អ្នករត់ម៉ូតូឌុប អ្នករត់កង់បីមួយចំនួនធំបានបង្ខំចិត្តឡើងថ្លៃដឹកជញ្ជូន។ ការកើនឡើងនេះ គឺដោយសារឥទ្ធិពលនៃជម្លោះរវាងរុស្ស៊ី និង អ៊ុយក្រែន។

ការកើនឡើងនៃតម្លៃប្រេងជាបន្តបន្ទាប់នារយៈពេលចុងក្រោយនេះ កំពុងបង្កឱ្យអ្នកប្រើប្រាស់ ជាពិសេសអ្នករត់តាក់ស៊ី អ្នករត់ម៉ូតូឌុប អ្នករត់កង់បី សម្តែងការត្អូញត្អែរយ៉ាងខ្លាំង ខណៈពួកគេកំពុងប្រឈមការលំបាកក្នុងការរកប្រាក់ប្រចាំថ្ងៃដែលបណ្តាលពីឥទ្ធិពលនៃជំងឺកូវីដ ១៩ និង ទំនិញដទៃផ្សេងទៀតក៏ឡើងថ្លៃដូចគ្នា។

បើតាមក្រុមអ្នករត់តាក់ស៊ីនៅផ្សារធំថ្មីបានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា ក្រោយពីតម្លៃប្រេងសាំងនិងហ្គាសបានឡើងថ្លៃជាបន្តបន្ទាប់ ពួកគាត់មិនសូវទទួលបានប្រាក់ចំណូលច្រើនដូចកាលប្រេងមិនទាន់ឡើងថ្លៃទេ ហើយប្រាក់ចំណេញក៏មិនសូវសល់ប៉ុន្មានដែរ ដូចនេះពួកគាត់ត្រូវបង្ខំចិត្តឡើងថ្លៃដឹកចំនួន១ម៉ឺនរៀលបន្ថែមទៀត ដើម្បីដោះស្រាយជីវភាព។

ក្រុមអ្នករត់តាក់ស៊ីបន្តថា តម្លៃប្រេងសាំងនៅតែឡើងថ្លៃជាបន្តបន្ទាប់ ដូចនេះពួកគាត់កាន់តែជួបផលលំបាកជាច្រើន ហើយពួកគាត់ក៏មិនអាចឡើងថ្លៃបានរហូតដែរ ព្រោះពេលខ្លះមិនសូវមានភ្ញៀវជិះ ដូចនេះគាត់ត្រូវសម្រេចចិត្តបញ្ចុះតម្លៃខ្លះដើម្បីអាចមានភ្ញៀវជិះ ហើយអាចរួចថ្លៃចាក់សាំងបាន។

បើទោះជាតម្លៃតាក់ស៊ីឡើងថ្លៃក៏ដោយ ក៏អ្នកជិះមួយចំនួនធំមិនមានការសូញសាញចំពោះតម្លៃដែរ ព្រោះភ្ញៀវក៏មានការយោគយល់ពីស្ថានភាពនាពេលបច្ចុប្បន្ននេះ ហើយចំពោះថ្លៃផ្ញើឥវ៉ាន់តាមឡានក៏មិនមានការឡើងថ្លៃដែរ ជារួមគឺគិតតាមប្រភេទនិងទំហំឥវ៉ាន់។ ក្រៅពីការជួបបញ្ហារបស់អ្នករត់តាក់ស៊ី អ្នករត់ម៉ូតូឌុបក៏ជួបបញ្ហានេះដែរ ព្រោះពួកគាត់ពុំសូវទទួលបានភ្ញៀវច្រើនដូចមុន ហើយពិបាកឡើងថ្លៃព្រោះភ្ញៀវខ្លះជាម៉ូយ ជិះជិតៗគឺត្រូវគិតតម្លៃតាមធម្មតា។ នេះបើតាមការលើកឡើងរបស់ក្រុមអ្នករត់តាក់ស៊ី និងរត់ម៉ូតូឌុប។

គួរបញ្ជាក់ថា តម្លៃលក់រាយប្រេងឥន្ទនៈសម្រាប់អនុវត្តនៅកម្ពុជាចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នឹងមានតម្លៃ៥.៦០០រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង៥.៤០០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត ខណៈប្រេងសាំងស៊ុបពែរមានតម្លៃជាង៦០០០រៀល/លីត្រ៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង