Cc time
Cct850x100 1
Sme laon web banner(1800 x 300)

លោក ញិល សូវៀត វិវឌ្ឍន៍ខ្លួនពីអ្នកធ្វើការ មកជាម្ចាស់ក្រុមហ៊ុននាំចូលតែពីចិន

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ជាអតីតសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ លោក ញិល សូវៀត បានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំ២០០៧។ ក្រោយបញ្ចប់ការសិក្សាថ្នាក់ទី១២ លោកបានបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ និងសាកលវិទ្យាល័យបៀលប្រាយ។ លោក ញិល សូវៀត ថែមទាំងបានបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅឯប្រទេសចិនផងដែរ។ បច្ចុប្បន្ន លោក ញិល សូវៀត ក៏ជានាយកក្រុមហ៊ុន ដែលនាំចូលតែធម្មជាតិពីប្រទេសចិនដែរ។

តាមរយៈការសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍ លោក សូវៀត បានឱ្យដឹងថាលោក បានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំ២០០៧ និងបានបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញទំនាក់ទំនងអន្ដរជាតិ នៅសាលកវិទ្យាល័យបញ្ញាសាស្ត្រ និងជំនាញគ្រប់គ្រងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យបៀលប្រាយ។ លោក សូវៀត បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រទាំងពីរនេះនៅក្នុងឆ្នាំ ២០១២។

លោក សូវៀត បានបន្ដថា ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ លោកបានបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញសេដ្ឋកិច្ចជាតិ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទីក្រុងគុនមិញ ស្ថិតនៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន។ ក្រោយបញ្ចប់ការសិក្សាក្នុងឆ្នាំ ២០១៦ លោកបានចូលបម្រើការងារនៅ ក្រសួងរ៉ែ និងថាមពល រហូតដល់ឆ្នាំ២០១៩ លោកក៏បានចូលបម្រើការងារនៅក្រសួងពាណិជ្ជកម្ម។

នៅក្នុងឆ្នាំ២០១៩ លោក សូវៀត ក៏បានបន្ដការសិក្សាថ្នាក់បណ្ឌិត ជំនាញគ្រប់គ្រងនៅ សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទីក្រុងគុនមិញ ស្ថិតនៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន ។ លោក សូវៀត បានបន្ដទៀតថា កាលដែលលោកជ្រើសរើសបន្ដការសិក្សានៅប្រទេសចិន ក៏ព្រោះតែទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា និងប្រទេសចិនគឺមិត្តដែកថែប ថែមទាំងមានក្រុមហ៊ុនវិនិយោគធំៗនៅប្រទេសកម្ពុជាភាគច្រើនគឺជាក្រុមហ៊ុនចិន។ ប្រទេសចិនជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ដូចនេះលោក ចង់ទៅសិក្សាដកស្រង់បទពិសោធន៍ទាំងអស់នោះមកចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជាយើងអោយមានរីកចម្រើន ជឿនលឿនទៅមុខទៀត។

លោក សូវៀត បានបន្ថែមថា ការរស់នៅ និងសិក្សានៅទីនោះ គឺមិនងាយស្រួលសម្រាប់លោកឡើយ។ ដោយសារតែលោកមិនធ្លាប់បានសិក្សាភាសាចិនពីមុនមក ទើបធ្វើឱ្យពិបាកក្នុងការទំនាក់ទំនង និងស្វែងរកឯកសារផ្សេងៗ និងពិបាកក្នុងការស្តាប់គ្រូពន្យល់។ ពិសេសទៀតនោះគឺបញ្ហាអាកាសធាតុ និងម្ហូបអាហារ។ អាកាសធាតុត្រជាក់ខ្លាំង រហូតដល់ក្រោមសូន្យអង្សាក៏មាន ម្ហូបអាហារតំបន់ ប្រៃ ហិល ខ្លាញ់ខុសរស់ជាតិពីម្ហូបខ្មែរ។ ទោះបីជាយ៉ាងណាក៏ដោយ លោកព្យាយាមសម្របខ្លួនទៅនឹងបរិបទជុំវិញខ្លួន ការជួយពីបងប្អូនខ្មែររៀមច្បង លោកគ្រូអ្នកគ្រូ និងមិត្តចិន ទើបការរស់នៅទីនោះមានភាពប្រសើរ។

លោក សូវៀត បានបន្ថែមទៀតថា ក្រៅពីពីចំណេះដឹង ដែលលោកបានរៀននៅសាលា លោកក៏មានការយល់ដឹងពីវប្បធម៌ចិន វប្បធម៌របស់និស្សិតបរទេស តំបន់ទេសចរណ៍ទូទាំងប្រទេសចិន របៀបរបបនៃការរស់នៅ និងការរកស៊ីរបស់ប្រជាជនចិនថែមទៀតផង។

បច្ចុប្បន្ននេះ លោក សូវៀត ជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគននិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន។ ហើយលោក ក៏ជានាយកក្រុមហ៊ុន ស៊ូវិនឆា ឯ.ក ដែលនាំចូលតែធម្មជាតិ ពីខេត្តយូណាន ប្រទេសចិនផងដែរ។

លោក សូវៀត បានឱ្យដឹងទៀតថា ដោយសារតែការបើកក្រុមហ៊ុននេះនៅថ្មី ដូចនេះទាមទារត្រូវការប្រើពេលវេលាដើម្បីអោយបងប្អូនខ្មែរយើងស្គាល់ និងមានភាពជឿជាក់មកលើផលិតផលតែដែលខ្ញុំបាននាំយកមកពីខេត្តយូណានប្រទេសចិន។ មួយវិញទៀត ក្រុមហ៊ុនរបស់លោកទើបតែ បើកលក់ជាផ្លូវការប្រមាណជាមួយខែមកហើយ។

លោក សូវៀត បាននិយាយថា ភាពជោគជ័យធំបំផុតសម្រាប់លោក គឺបានបញ្ចប់ការសិក្សាដោយជោគជ័យពីប្រទេសចិន ហើយបានចូលបម្រើការងាររដ្ឋ និងការងារមនុស្សធម៌នៅក្នុងប្រទេសកំណើត ដើម្បីបម្រើផលប្រយោជន៍ជូនជាតិ និងប្រជាជនរួមជាតិទាំងអស់គ្នា៕




Khcct banner

អត្ថបទទាក់ទង