វ៉ាស៊ីនតោន៖ ប្រមុខកាទូតរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា បានសម្តែងក្តីសង្ឃឹមពីការទទួលបាននូវកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅ(GSP) មកវិញក្នុងពេលឆាប់ៗនេះ។ការបង្ហាញក្តីសង្ឃឹមនេះ ធ្វើឡើងក្នុងជំនួបក្រៅផ្លូវការមួយរវាងឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិកម្ពុជា និង លោក Anthony Blinken រដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិក។
ជាកិច្ចប្រជុំមានគោលបំណងលើកកម្ពស់ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និង កម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការលើបញ្ហាតំបន់ និង អន្តរជាតិដែលមានផលប្រយោជន៍រួម។ក្នុងកិច្ចប្រជុំនោះ លោក Blinken បានបង្ហាញការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងអាម៉េរិកលើវិស័យជាច្រើនដូចជា៖ ការផ្លាស់ប្តូរសេដ្ឋកិច្ច សុខាភិបាល ការអប់រំ ការបោសសម្អាតមីន ប្រឆាំងអំពើភេរវកម្ម ការថែរក្សាសន្តិភាព ការការពារបេតិកភណ្ឌវប្បធម៌។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់ថា ពាណិជ្ជកម្មគឺជាគំរូដ៏ល្អបំផុតនៃកិច្ចសហប្រតិបត្តិការជាវិជ្ជមានរវាងប្រទេសយើងទាំងពីរ ហើយបានសម្តែងក្តីសង្ឃឹមថា គម្រោង GSP នឹងត្រូវបានបន្តជាថ្មីក្នុងពេលឆាប់ៗនេះ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងកម្មករកម្ពុជាដែលភាគច្រើនជាស្ត្រី។ហើយនឹងបានអរគុណអាម៉េរិក សម្រាប់ការបន្តគាំទ្រដល់ការអភិវឌ្ឍន៍របស់កម្ពុជាក្នុងវិស័យជាច្រើន និងថ្មីៗនេះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ជាការឆ្លើយតប លោក Anthony Blinken បានបង្ហាញពីការត្រៀមខ្លួនរបស់អាម៉េរិក ក្នុងការគាំទ្របន្ថែមទៀតដល់ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា និង ដើម្បីធ្វើការយ៉ាងសកម្មជាមួយប្រទេសកម្ពុជា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌។
ជុំវិញបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យវិញ ក្នុងសេចក្តីប្រកាសព័ត៌មាន បានលើកឡើងនូវការពន្យល់ជាច្រើនរបស់ ឯកឧត្តម ប្រាក់ សុខុន ដោយបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តពេញលេញរបស់រដ្ឋាភិបាលកម្ពុជា ចំពោះដំណើរការនយោបាយរួម និងសេរីភាពនៃការបញ្ចេញមតិ។តែក្នុងសេចក្តីប្រកាសមិនបានបង្ហាញពីការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអាម៉េរិកនោះទេ។
សូមរំលឹកថា កម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅ(GSP)របស់សហរដ្ឋអាមេរិកដែលផ្តល់មកកម្ពុជា ត្រូវបានហួសសុពលភាពកាលពីថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២០កន្លងទៅ។ ការហួសសុពលភាពនេះបានប៉ះពាល់ទៅលើអ្នកបញ្ជាទិញដែលតម្រូវឱ្យបង់ពន្ធនាំចូលទៅកាន់សហរដ្ឋអាមេ៉រិក។ ជាក់ស្តែង ក្រោមកម្មវិធីអនុគ្រោះពន្ធទូទៅ(GSP) កម្ពុជា មិនត្រូវបានគិតពន្ធការនាំចូលទំនិញទៅកាន់សហរដ្ឋអាមេរិកប្រមាណ១ពាន់លានដុល្លារផងដែរ៕