Yearendyearend1140x150

កម្ពុជាកំពុងរកវិធានការណ៍នានាដើម្បីជៀសវាងកង្វះខាតប្រេងសាំងដូចឡាវ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម

ភ្នំពេញ៖ឡាវពឹងផ្អែកលើការផ្គត់ផ្គង់ប្រងពីប្រទេសថៃ និងវៀតណាម ហើយកំពុងនឹងសម្លឹងរកទិញឥន្ធនៈពីប្រភពថ្មីបន្ថែមទៀត ខណៈប្រទេសនេះមិនទាន់មានទុនបម្រុងប្រេង ឬមូលនិធិបម្រុងប្រេង។ កត្តានេះបានធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជា កាន់តែធ្វើការយ៉ាងយកចិត្តទុកដាក់ចំពោះការស្វះស្វែងរកវិធានការណ៍នានាដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជារក្សាបាននូវការផ្គង់ផ្គង់ប្រេងសាំងក្នុងស្រុកបានគ្រប់គ្រាន់ រក្សាតម្លៃសមរម្យ និងការត្រៀមទុកប្រេងបម្រុងពេលមានអាសន្ន។ នេះជាប្រសាសន៍ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។

ឯកឧត្តម ប៉ែន សុវិជាតិ បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃទី១៣ ខែឧសភានេះថា បញ្ហាប្រឈមយ៉ាងសំខាន់ដែលធ្វើឱ្យប្រេងសាំងនៅកម្ពុជា ក៏ដូចជានៅលើទីផ្សារអន្តរជាតិកាន់តែមានការឡើងថ្លៃ គឺដោយសារតែសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន និងបញ្ហាកូវីដ-១៩។ មកដល់បច្ចុប្បន្ននេះ សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន នៅតែបន្តអូសបន្លាយ ជាហេតុធ្វើឱ្យតម្លៃប្រេងសាំងកាន់តែឡើងថ្លៃនៅលើទីផ្សារអន្តរជាតិ។

ឯកឧត្តមបន្តថា នៅពេលដែលប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិឡើងថ្លៃ កម្ពុជាក៏ទទួលរងផលអវិជ្ជមានដែលធ្វើឱ្យការលក់ប្រេងឥន្ធនៈរាយនៅក្នុងស្រុកមានការឡើងថ្លៃផងដែរ ព្រោះកម្ពុជាជាប្រទេសនាំចូលប្រេងឥន្ទនៈទាំងស្រុងពីក្រៅប្រទេស។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជាមិនព្រងើយកន្តើយចំពោះរឿងនេះដែរ ហើយរាជរដ្ឋាភិបាលកម្ពុជាកាន់តែធ្វើការយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហាមួយនេះ ដោយធ្វើយ៉ាងណាឱ្យកម្ពុជាអាចមានប្រេងប្រើប្រាស់បានគ្រប់គ្រាន់ រក្សាតម្លៃសមរម្យ(មិនឱ្យឡើងថ្លៃលើសពីសមត្ថភាពពលរដ្ឋក្នុងការទិញប្រើប្រាស់) ជាពិសេសគឺត្រូវប្រឹងប្រែងរកវិធានការណ៍ផ្សេងៗដើម្បីត្រៀមបម្រុងប្រេងនៅពេលមានគ្រោះអាសន្ន។ វិធានការណ៍និងដំណោះស្រាយនានាដែលទាក់ទងនឹងតម្លៃប្រេងសាំង អាចនឹងមាននាពេលឆាប់ៗខាងមុខនេះ។ នេះជាការលើកឡើងរបស់ឯកឧត្តម ប៉ែន សុវិជាតិ។

ឯកឧត្តមបន្ថែម ទោះជាយ៉ាងណាក៏ដោយក៏កម្ពុជានៅតែរក្សាការធ្វើពាណិជ្ជកម្មជាមួយប្រទេសទាំងពីរបានតាមធម្មតា ជារួមសង្រ្គាមរវាងប្រទេសទាំងពីរនេះមិនបានប៉ះពាល់ឬផ្តល់ផលអវិជ្ជមានធ្ងន់ធ្ងរមកកម្ពុជានោះទេ។

គួរបញ្ជាក់ថា បច្ចុប្បន្ន ឡាវកំពុងប្រឈមនឹងបញ្ហាកង្វះខាតប្រេង ហើយក្នុងរយៈពេលមធ្យម ឡាវនឹងសម្លឹងរកទិញឥន្ធនៈពីប្រភពថ្មី ជាជាងពឹងផ្អែកតែលើអ្នកផ្គត់ផ្គង់បច្ចុប្បន្នក្នុងប្រទេសថៃ និងវៀតណាម ខណៈ ប្រទេសនេះមិនទាន់មានទុនបម្រុងប្រេង ឬមូលនិធិបម្រុងប្រេងទេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង