Cc time
Cct850x100 1
Itt 0  web banner

រដ្ឋសភាគាំទ្រទាំងស្រុងចំពោះសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហាររបស់ក្រសួងពាណិជ្ជកម្ម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា (រូបភាព៖ ក្រសួងពាណិជ្ជកម្ម)

ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ របស់ក្រសួងពាណិជ្ជកម្ម ត្រូវបានរដ្ឋសភាអនុម័តគាំទ្រទាំងស្រុង នៅក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៧ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ។

នៅក្នុងឱកាសនោះ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានថ្លែងក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាថា សេចក្ដីព្រាងច្បាប់នេះពិតមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជា ព្រោះច្បាប់នេះនឹងចូលរួមគាំពារដល់សុខសុវត្ថិភាពផ្នែកម្ហូបអាហារជូនប្រជាពលរដ្ឋគ្រប់រូប ដោយធានាបាននូវការពារសុខភាព និងអាយុជីវិត តាមរយៈការការពារការទទួលទានអាហារគ្មានសុវត្ថិភាព ដែលបណ្ដាលឱ្យកើតមានជំងឺផ្សេងៗ ព្រមទាំងអត្ថប្រយោជន៍សំខាន់ៗមួយចំនួនទៀត ដែលកម្ពុជាអាចទទួលបាន នៅពេលដែលសេចក្ដីព្រាងច្បាប់នេះចូលជាធរមានក្នុងពេលឆាប់ៗខាងមុខ។

ឯកឧត្តម បញ្ជាក់ថា សេចក្ដីព្រាងច្បាប់នេះ មានអត្ថប្រយោជន៍ និងចំណុចសំខាន់ៗជាច្រើន រួមមាន៖ ការបង្កើតឱ្យយន្តការទទួលខុសត្រូវរបស់ក្រសួង/ស្ថាប័នជាតិដើម្បីគ្រប់គ្រងប្រតិបត្តិករអាជីវកម្មម្ហូបអាហារ នៅគ្រប់ដំណាក់កាលនៃខ្សែចង្វាក់ផលិតកម្ម ចាប់ពីកសិដ្ឋានផលិតរហូតដល់តុអាហារ និងធានាថាផលិតផលម្ហូបអាហារទាំងអស់ ដែលចរាចរនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានគុណភាព សុវត្ថិភាព និងអនាម័យល្អ សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប។

មួយវិញទៀតសេចក្ដីព្រាងច្បាប់នេះ អាចកំណត់គោលការណ៍ជាមូលដ្ឋាន ដើម្បីជំរុញផលិតផលម្ហូបអាហារត្រូវបានផលិត កែច្នៃ វេចខ្ចប់ និងចែកចាយ ផ្អែកទៅតាមស្តង់ដារនិងបទប្បញ្ញត្តិបច្ចេកទេសជាតិ សំដៅធានាឱ្យបាននូវការការពារអាយុជីវិតនិង សុខភាពប្រជាពលរដ្ឋ និងជំរុញប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តពាណិជ្ជកម្មស្មើភាពសំដៅការពារផលប្រយោជន៍អ្នកប្រើប្រាស់ រួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងការទទួលខុសត្រូវរួម។

ម្យ៉ាងវិញទៀត សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ នឹងបង្កលក្ខណៈឱ្យប្រទេសកម្ពុជា រៀបចំនូវប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ ដែលមានលក្ខណៈទំនើប តាមរយៈការកសាងវិធីសាស្រ្តទប់ស្កាត់ជាមុន និងការត្រួតពិនិត្យខ្សែចង្វាក់ផលិតកម្ម ប្រសើរជាងការត្រួតពិនិត្យ និងវិភាគលើផលិតផលសម្រេច ដែលជាគោលការណ៍មួយយ៉ាងសំខាន់ ក្នុងការជំរុញផលិតផលកម្ពុជា ឱ្យមានការទទួលស្គាល់ក្នុងទីផ្សារពិភពលោ‍ក៕


Khcct banner

អត្ថបទទាក់ទង