Cc time
Cct850x100 1
Itt 0  web banner

ធនាគារកាណាឌីយ៉ា សហការជាមួយក្រុមហ៊ុនទ្រូម៉ាន់នី ដើម្បីពង្រីកសេវាកម្មដកប្រាក់

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ធនាគារ កាណាឌីយ៉ា កំពុងសហការគ្នាជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា ដើម្បីផ្តល់សេវាដកប្រាក់ សម្រាប់អតិថិជននៅទូទាំងប្រទេស។

កិច្ចសហការថ្មីនេះធ្វើឡើងក្នុងគោលបំណងធ្វើឱ្យការដកប្រាក់ កាន់តែងាយស្រួលសម្រាប់អតិថិជនរបស់ធនាគារ កាណាឌីយ៉ា។ ឥឡូវនេះ អតិថិជនរបស់ធនាគារ កាណាឌីយ៉ា អាចផ្ទេរប្រាក់ដោយផ្ទាល់ពីកម្មវិធីធនាគារចល័តរបស់ខ្លួនទៅកាន់បងប្អូនក្រុមគ្រួសារ និងមិត្តភក្តិ ក្រោយមក ពួកគេអាចដកសាច់ប្រាក់តាមភ្នាក់ងារទ្រូម៉ាន់នីនៅទូទាំងប្រទេស។ ដើម្បីដកប្រាក់នៅតាមភ្នាក់ងារទ្រូម៉ាន់នី អតិថិជនត្រូវប្រើប្រាស់លេខកូដដកប្រាក់ (Cash Pickup Code)។

កិច្ចព្រមព្រៀងចុងក្រោយបំផុតរវាងធនាគារ កាណាឌីយ៉ា និងក្រុមហ៊ុន ទ្រូម៉ាន់នី ចូលជាធរមាននៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ បន្ទាប់ពីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងភាគីទាំងពីរនៅការិយាល័យកណ្តាលរបស់ធនាគារ កាណាឌីយ៉ា។

លោក Raymond Sia Say Guan នាយកប្រតិបត្តិធនាគារ កាណាឌីយ៉ា មានប្រសាសន៍ថា៖ «វាជាកិត្តិយសដ៏ធំមួយដែលយើងអាចពង្រីកវិសាលភាព និងសេវាកម្មរបស់យើងជាមួយស្ថាប័នហិរញ្ញវត្ថុដ៏ល្បីឈ្មោះដូចជា ក្រុមហ៊ុន ទ្រូម៉ាន់នី។ កិច្ចព្រមព្រៀងនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អតិថិជនរបស់ធនាគារ កាណាឌីយ៉ា និងអតិថិជនរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី តាមរយៈការបង្កើនលទ្ធភាព និងពង្រឹងសេវាកម្មហិរញ្ញវត្ថុឲ្យកាន់តែប្រសើរ»។

លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ឋសាស្រ្តនៃក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) មានប្រសាសន៍ថា៖ «យើងតែងតែស្វែងរកមធ្យោបាយនានា ដើម្បីបង្កើតទំនាក់ទំនងដ៏ស្អិតរមួតជាមួយធនាគារដែលគួរឱ្យទុកចិត្តឈានមុខគេបែបនេះ ដើម្បីផ្តល់សេវាកម្មបន្ថែមទៀតដល់អតិថិជនរបស់ ទ្រូម៉ាន់នី។ កិច្ចព្រមព្រៀងនេះជាឧទាហរណ៍មួយទៀតដែលបង្ហាញពីរបៀបដែលធនាគារ និងស្ថាប័នហិរញ្ញវត្ថុអាចទទួលបានអត្ថប្រយោជន៍ពីការចងសម្ព័ន្ធភាពជាមួយក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត»។

សេវាកម្មថ្មីនេះ នឹងត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ។ ភាពជាដៃគូនេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការទូទាត់យ៉ាងលឿន និងរហ័ស ដោយប្រើប្រាស់ប្រព័ន្ធបាគងរបស់ធនាគារជាតិនៃកម្ពុជា។

លើសពីនេះទៀត ភា្នក់ងារទ្រូម៉ាន់នី ដែលជាអតិថិជនរបស់ធនាគារ កាណាឌីយ៉ា ឬចង់ក្លាយជាអតិថិជនថ្មីរបស់ធនាគារ កាណាឌីយ៉ា អាចទទួលបានអត្ថប្រយោជន៍ពីសេវាគ្រប់គ្រងសាច់ប្រាក់ (ដាក់ប្រាក់ ឬដកប្រាក់)។ ពួកគេអាចដាក់ប្រាក់ ឬដកប្រាក់ និងគ្រប់គ្រងលំហូរសាច់ប្រាក់យ៉ាងងាយស្រួលផងដែរ៕


Khcct banner

អត្ថបទទាក់ទង