Yearendyearend1140x150

គម្រោងកម្ពុជាហាវែសIIក្រោមទុនវិនិយោគ២៨លានដុល្លារបង្កើតការងារ២៥០០កន្លែងរយៈពេល៥ឆ្នាំ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងរយៈពេលប្រាំឆ្នាំកន្លងមក គម្រោងកម្ពុជាហាវែស II បានជួយវិស័យឯកជនបង្កើនទុនវិនិយោគប្រមាណជា ២៨ លានដុល្លារសហរដ្ឋអាមេរិក បង្កើតការងារជាង ២៥០០ កន្លែង។ នេះបើតាមសេចក្តីប្រកាសរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។

បើតាមសេចក្តីប្រកាស គម្រោងនេះគាំទ្រដល់ការអភិវឌ្ឍគោលនយោបាយកសិកម្មចំនួន ១៧ និងជួយគាំទ្រអាជីវកម្ម និងអ្នកផលិតក្នុងវិស័យសាកវប្បកម្ម បង្កើនការលក់បានជាង ៧៥ លានដុល្លារ សហរដ្ឋអាមេរិក។ គម្រោងនេះបានបំពេញការងារជាមួយរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុនឯកជនសហគមន៍កសិកម្មនិងអ្នកផលិតដើម្បីជំរុញកំណើនវិស័យសាកវប្បកម្មប្រកបដោយនិរន្តរភាព។

លោកស្រី ណែន ស៊ី ជែ អ៊ីសលីក នាយិកាបេសកកម្មប្រចាំទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានមានប្រសាសន៍ថា គម្រោងកម្ពុជាហាវែស II បានធ្វើការជាដៃគូជាមួយកសិអាជីវកម្ម អ្នកផលិត និងសហការជាមួយរាជរដ្ឋាភិបាល ដើម្បីកែច្នៃផលិតផលកសិកម្មថ្មីចំនួន ១៤០ សម្រាប់ទីផ្សារក្នុងស្រុកនិងអន្តរជាតិ។ យើងមានមោទនភាពចំពោះវឌ្ឍនភាពនេះ ដែលយើងបានចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តភាពនៅក្នុងប្រទេសកម្ពុជា។

គម្រោងកម្ពុជាហាវែស II ជំរុញកំណើនវិស័យសាកវប្បកម្មនៅក្នុងប្រទេសកម្ពុជា ដោយផ្តោតលើ ខេត្តពោធិ៍សាត់បាត់ដំបង សៀមរាប និងកំពង់ធំ ព្រមទាំងបណ្តាខេត្តមួយចំនួនផ្សេងទៀត។ គម្រោងនេះត្រូវបានឧបត្ថម្ភថវិកាដោយគំនិតផ្តួចផ្តើមសន្តិសុខស្បៀងសម្រាប់អនាគតរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការ អភិវឌ្ឍអន្តរជាតិ ដែលបានអនុវត្តចាប់តាំងពីឆ្នាំ២០១៧ ដល់ឆ្នាំ ២០២២។ នេះបើតាមសេចក្តីប្រកាស៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង