Yearendyearend1140x150

កម្ពុជា-ស្រីលង្កាឯកភាពរៀបចំព្រឹត្តិការណ៍ទេសចរណ៍ផ្សារភ្ជាប់ជាមួយពុទ្ធសាសនា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកជំទាវ ឆាមីនដា អ៉ី. ខូឡូនណេ ឯកអគ្គរដ្ឋទូតស្រីលង្កាប្រចាំកម្ពុជា (រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ កម្ពុជា-ស្រីលង្កា បានឈានដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដើម្បីបើកផ្លូវដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ខណៈភាគីទាំងពីរក៏បានឯកភាពចាប់ផ្ដើមអនុវត្តការងារចម្បងៗច្រើនចំណុច ដូចជា ការជំរុញចលនាទេសចរ ការតភ្ជាប់ជើងហោះហើរ ការបង្កើតព្រឹត្តិការណ៍ទេសចរណ៍សាសនា ការផ្លាស់ប្ដូទស្សនកិច្ចទៅវិញទៅមកជាដើម។ នេះបើតាមសេចក្តីប្រកាសរបសើក្រសួងទេសចរណ៍នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។

បើតាមសេចក្តីប្រកាស ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា បច្ចុប្បន្ននេះ កម្ពុជាបានដកនូវលក្ខខណ្ឌជាច្រើនដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ដូចជា ការដកចេញនូវលក្ខខណ្ឌដែលតម្រូវឱ្យធ្វើតេស្តPCR៧២ម៉ោង ការលើកលែងការធ្វើតេស្តរហ័សនៅពេលមកដល់ និងបានអនុវត្តឡើងវិញនូវការស្នើសុំទិដ្ឋការក្នុងពេលមកដល់ (Visa on arrival) ព្រមទាំងការរង់ចាំស្វាគមន៍ភ្ញៀវទេសចរពីគ្រប់ទិសទី ខណៈកម្ពុជាក៏កំពុងផ្សព្វផ្សាយពីគោលដៅទេសចរណ៍សុវត្ថិភាព ផ្ដល់ភាពកក់ក្ដៅផងដែរ។ និយាយរួម កម្ពុជាបានត្រៀមរួចរាល់ហើយក្នុងការទទួលភ្ញៀវទេសចរឡើងវិញ។

ឯកឧត្តម បានលើកយោបល់ទៅកាន់ភាគីស្រីលង្កាពាក់ព័ន្ធនឹងការជំរុញឱ្យមានការហោះហើរត្រង់កម្ពុជា-ស្រីលង្កា នាពេលខាងមុខ ឬជាលក្ខណៈ Charter Flight ខណៈពេលបច្ចុប្បន្នប្រទេសទាំងពីរមិនទាន់ការហោះហើរត្រង់នៅឡើយទេ ពោលភ្ញៀវត្រូវធ្វើដំណើរឆ្លងកាត់ប្រទេសថៃ ឬម៉ាឡេស៊ី ឬសិង្ហបុរីជាមុនសិន ទើបបន្តមកដល់កម្ពុជាតាមក្រោយ។

ទន្ទឹមនឹងនេះ ក្រសួងបន្តថា កម្ពុជា-ស្រីលង្កា ក៏បានឯកភាពរៀបចំព្រឹត្តិការណ៍ទេសចរណ៍ផ្សារភ្ជាប់ជាមួយពុទ្ធសាសនា ដោយសារតែប្រទេសទាំងពីរកាន់ព្រះពុទ្ធសាសនាហិនយានដូចគ្នា ហើយប្រជាជនកម្ពុជាក៏និយមធ្វើទេសចរណ៍ផ្សារភ្ជាប់ជាមួយពុទ្ធសាសនាទៅកាន់ប្រទេសស្រីលង្កា និងប្រទេសឥណ្ឌាផងដែរ។

ឯកឧត្តមបន្ថែមថា បច្ចុប្បន្នកម្ពុជាកំពុងសហការជាមួយក្រសួងធម្មការ និងសាសនាជំរុញឡើងវិញនូវការអនុវត្តផែនការរៀបចំវត្តទេសចរណ៍គំរូនៅទូទាំងប្រទេស ដោយក្នុងខេត្តនីមួយៗត្រូវមានវត្តទេសចរណ៍គំរូយ៉ាងតិច២វត្ត ដើម្បីបង្កើនផលិតផលទេសចរណ៍ចូលរួមទាក់ទាញចលនាទេសចរជាតិ-អន្តរជាតិបន្ថែម។

គួរបញ្ជាក់ថា កម្ពុជាធ្លាប់មានបទពិសោធន៍រួចមកហើយក្នុងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ពុទ្ធសាសនា (Buddhist Tourism)នេះ ដោយកាលពីពេលកន្លងទៅ កម្ពុជាបានសហការជាមួយឥណ្ឌូណេស៊ី ឡាវ មីយ៉ាន់ម៉ា ថៃជាដើម ដើម្បីរៀបចំព្រឹត្តិការណ៍លំអានអរិយធម៌ម្តងរួចមកហើយកាលពីឆ្នាំ២០១១ នៅប្រាសាទអង្គរវត្ត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង