Cc time
Cct850x100 1
Itt 0  web banner

ក្រសួងទេសចរណ៍ផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជានៅប្រទេសហ្វីលីពីនរយៈពេល៤ថ្ងៃ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ប្រតិភូទាំង៤រូប នៅក្នុងកម្មវិធីផ្សព្វផ្សាយដំណើរទេសចរណ៍កម្ពុជា នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន (រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នឹងដឹកនាំប្រតិភូចំនួន ៤រូប ទៅរៀបចំកម្មវិធីផ្សព្វផ្សាយដំណើរទេសចរណ៍កម្ពុជា ក្រោមយុទ្ធនាការ ទស្សនាកម្ពុជាបន្ទាប់ ដែលជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង “Cambodia’s Tourism Roadshow – Visit Cambodia NEXT as a Safe, Warm, Clean and Green Tourism Destination” នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២។

បើតាមសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍ កម្មវិធីផ្សព្វផ្សាយដំណើរទេសចរណ៍កម្ពុជា ក្រោមយុទ្ធនាការ ទស្សនាកម្ពុជាបន្ទាប់ ដែលជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង “Cambodia Tourism Roadshow – Visit Cambodia NEXT as a Safe, Warm, Clean and Green Tourism Destination” សំដៅផ្សព្វផ្សាយ អំពីសក្តានុពលវិស័យទេសចរណ៍កម្ពុជា ពង្រឹងទំនាក់ទំនង និងកិច្ចសហការល្អរវាងផ្នែកឯកជនកម្ពុជា - ហ្វីលីពីន។

ជាងនេះទៅទៀត កម្មវិធីនេះអាចនឹងបង្កើនការលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍កម្ពុជាលើទីផ្សារហ្វីលីពីន រួមជាមួយការផ្សព្វផ្សាយអំពីការបើកដំណើរការសេវាទិដ្ឋាការពេលមកដល់ (Visa On Arrival) សម្រាប់អ្នកដំណើរ ពីបរទេសចូលមកកម្ពុជាតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ការលើកលែងលិខិត PCR Test អវិជ្ជមាន ៧២ម៉ោងមុនធ្វើដំណើរ ការលើកលែងធ្វើតេស្តរហ័សពេលមកដល់ និងការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ នៅតាមទីសាធារណៈទូទាំងប្រទេស ព្រមទាំងជំរុញការផ្សព្វផ្សាយអំពីការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ (SEA Games 2023) របស់កម្ពុជា ក្រោមមូលបទ “កីឡារស់ក្នុងសន្តិភាព”។

ទន្ទឹមនឹងនេះ កម្មវិធីCambodia’s Tourism Roadshow ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីបណ្តាក្រុមហ៊ុនភ្នាក់ងារទេសចរណ៍នៃប្រទេសហ្វីលីពីន ហើយភ្នាក់ងារទេសចរណ៍ហ្វីលីពីន និងក្រុមហ៊ុន Philippines Airlines បានឯកភាពគ្នាជំរុញជើងហោះហើរត្រង់មកកាន់កម្ពុជានាពេលឆាប់ៗខាងមុខនេះ។

តាមរយៈកម្មវិធី Cambodia's Tourism Roadshow នេះ កម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនហ្វីលីពីន ឱ្យមកទស្សនា “កម្ពុជា - ព្រះរាជាណាចក្រអច្ឆរិយៈ សុវត្ថិភាព និងភាពកក់ក្តៅ” កាន់តែច្រើនឡើងវិញ ក្នុង និងក្រោយវិបត្តិកូវីដ-១៩៕


Khcct banner

អត្ថបទទាក់ទង