Cc time
Cct850x100 1
Itt 0  web banner

ឆ្នាំនេះតម្រូវការត្រីកើនឡើង ក្រោយរងផលប៉ះពាល់២ឆ្នាំដោយសារបញ្ហាកូវីដ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២២ កម្ពុជាបានធូរស្បើយពីស្ថានភាពកូវីដ-១៩ ប្រជាកសិករបានចាប់ផ្តើមចិញ្ចឹមត្រីឡើងវិញ ខណៈនៅចន្លោះខែមេសានិងឧសភាតម្រូវការត្រីមានច្រើន។ ដូច្នេះប្រជាកសិករអាចលក់ត្រីចេញបានច្រើននៅតាមទីផ្សារ ក៏ដូចជាការផ្គត់ផ្គង់តាមភោជនីយដ្ឋាន និងក្នុងពិធីបុណ្យទាននានា។ នេះបើតាមការឲ្យដឹងពីលោកឡែមផូរ វរិទ្ធិ មន្រ្តីជំនាញគាំទ្រអភិវឌ្ឈន៍សមាគមវារីវប្បករនៅមកម្ពុជា។

លោក ឡែមផូរ វរិទ្ធិ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា តាមរយៈកសិករតម្រូវការទីផ្សារត្រីបានកើនឡើង ដោយបច្ចុប្បន្ននេះមានពិធីបុណ្យទានច្រើន និងការបើកដំណើរការភោជនីយដ្ឋានឡើងវិញ។ ចំពោះតម្លៃត្រីនៅក្នុងស្រះមិនបានឡើងថ្លៃទេ ដូចជាត្រីប្រាមួយគីឡូតម្លៃជាង ៤០០០រៀល ត្រីពោធិ៍មួយគីឡូតម្លៃជាង ៧០០០រៀល ត្រីឆ្ពិនមួយគីឡូតម្លៃចន្លោះពី៨០០០-១២០០០រៀលទៅតាមខ្នាតធំនិងតូច ត្រីឆ្តោមួយគីឡូឡើងថ្លៃដល់ ១១០០០រៀល។ ប្រភេទត្រីដែលជាតម្រូវការទីផ្សារក្នុងស្រុកច្រើនជាងគេគឺប្រភេទត្រីឆ្តោ និងត្រីរ៉ស់ ត្រីឆ្ពិន ជាប្រភេទត្រីដែលប្រជាពលរដ្ឋនិយមបរិភោគ។

លោក ឡែមផូរ វរិទ្ធិ បានបញ្ជាក់ថា បញ្ហាប្រឈមដ៏ធំបំផុតគឺចំណីឡើងថ្លៃ ធ្វើឲ្យមានការចំណេញតិច។ ទី២នោះ គឺមិនសូវមានទីផ្សារ បញ្ហាបន្ទាប់បន្សំគឺតម្លៃអគ្គិសនីឡើងថ្លៃតម្លៃដឹកជញ្ជូនត្រីឡើងថ្លៃ។ លោកបន្តថា កន្លងមក រដ្ឋាភិបាលក៏បានជួយសម្រួលផ្លូវច្បាប់មួយចំនួនដូចជាការនាំចូលចំណីមិនបានយកពន្ធ១០% និងបានខិតខំជួយរកទីផ្សារដោយបានទាក់ទងជាមួយក្រុមហ៊ុនចិន និងកូរ៉េ ប៉ុន្តែការចរចារកទីផ្សារត្រូវការចំណាយពេលច្រើន។

លោក ឡែមផូរ វរិទ្ធិ បានឲ្យដឹងថា គិតមកទល់ពេលនេះ កម្ពុជាមិនទាន់បាននាំចេញត្រីទឹកសាបទៅក្រៅទេ ដោយសារមានបញ្ហាទីផ្សារមួយចំនួនទាក់ទងភូតគាមអនាម័យ។ សមាគមវារីវប្បកម្មកម្ពុជាមានសមាជិកសរុប៥៥០គ្រួសារដែលបានចិញ្ចឹមត្រី និងមួយចំនួនទៀតបានផ្អាកសិន។

បើតាមលោក ឡែមផូរ វរិទ្ធិ បច្ចុប្បន្នខាងវិស័យវារីវប្បកម្មមានម្ចាស់ជំនួយធំៗ២ មានខាងក្រសួងកសិកម្មសហរដ្ឋអាម៉េរិកដោយជួយខាងអ្នកចិញ្ចឹមត្រីខ្នាតធំលក្ខណៈលក់ក្នុងស្រុក និងនាំចេញទៅក្រៅបាន។ មួយទៀតគម្រោងរបស់សហគមន៍អឺរ៉ុបបានជួយកសិករមួយចំនួនទាំងខ្នាតតូចនិងធំនៅតាមជនបទចិញ្ចឹមត្រីលក្ខណៈគ្រួសារ និងអាជីវកម្ម។

លោក ឡែមផូរ វរិទ្ធិ បានបន្ថែមថា នៅក្នុងខែមេសានិងឧសភាតម្រូវការត្រីមានច្រើន ហើយក៏ជារដូវកាលផុតត្រីទន្លេធម្មជាតិ ដូច្នេះកសិករអាចលក់ត្រីចេញបាន។ ហើយក៏ឃើញមានការនាំចូលពីប្រទេសជិតខាងជាប្រភេទត្រីដែលកម្ពុជាមិនសូវមានដូចជា ត្រីអណ្តែង ត្រីក្រហែល នាំចូលពីក្រៅខ្លះដែរ៕

Khcct banner

អត្ថបទទាក់ទង