Cc time
Cct850x100 1
Itt 0  web banner

កម្ពុជានិងប្រទេស២ទៀត ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំមេដឹកនាំសំខាន់ៗ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ កម្ពុជា ឥណ្ឌូនេស៊ី និងប្រទេសថៃ ទទួលបានឯកសិទ្ធិធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំមេដឹកនាំសំខាន់ៗចំនួនបីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងឆ្នាំនេះ គឺកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅថ្ងៃទី១១-១៣ វិច្ឆិកា កិច្ចប្រជុំកំពូលក្រុម G20 នៅថ្ងៃទី១៥-១៦ វិច្ឆិកា និងកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC នៅថ្ងៃទី១៨-១៩ វិច្ឆិកា ឆ្នាំ២០២២។  នេះបើតាមសេចក្តីប្រកាសរួមរបស់ក្រសួងការបរទេសប្រទេសទាំង៣ ចេញផ្សាយដោយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។

សេចក្តីប្រកាសបានបញ្ជាក់ថា ដំណើរការអាស៊ាន G20 និង APEC មានចរិតលក្ខណៈរួម ដែលផ្តល់ឱកាសមួយពិសេសសម្រាប់បណ្តាប្រទេស/សេដ្ឋកិច្ចសមាជិករួមគ្នាជំរុញរបៀបវារៈតំបន់ និងក្នុងពិភពលោក ក៏ដូចជាកិច្ចប្រឹងប្រែងដើម្បីនាំមកនូវសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នដល់ប្រជាជនរបស់យើងទាំងអស់។

ក្រសួងការបរទេសប្រទេសទាំង៣ បានបញ្ជាក់បន្ថែមថា ក្នុងគោលដៅនេះ អាស៊ានប្តេជ្ញាដោះស្រាយបញ្ហាប្រឈមរួមដែលនៅចំពោះមុខ និងរក្សានិរន្តរភាព ថាមវន្តនៃការកសាងសហគមន៍អាស៊ាន ដោយឈរលើស្មារតីរួបរួមគ្នារឹងមាំ ក្រោមស្លាកបាវចនា «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមរួមគ្នា»។

ការពន្លឿនកិច្ចប្រឹងប្រែងស្តារឡើងវិញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ការលើកកម្ពស់សមាហរណកម្មអាស៊ាន និងសមត្ថភាព ប្រកួតប្រជែងសម្រាប់កំណើនរយៈពេលវែងក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ ការលើកកម្ពស់សន្តិសុខផ្នែកសុខភាព និងការគាំពារសង្គមសម្រាប់ប្រជាជន គឺជារបៀបវារៈក្នុងចំណោមអាទិភាព ចម្បងៗ។

រីឯវេទិកាក្រុម G20 ជាមួយនឹងប្រធានបទ «ងើបឡើងវិញទាំងអស់គ្នា ងើបឡើងវិញកាន់តែរឹងមាំ» មានគោលបំណងជួយសម្រួលដល់ការងើបឡើងវិញដ៏រឹងមាំ និងប្រកបដោយបរិយាប័ន្នសម្រាប់ទាំងអស់គ្នា។ ចំពោះ APEC ដែលជាវេទិកាពិសេសមានសមាសភាពជាសេដ្ឋកិច្ច ជាជាងជាបណ្តារដ្ឋនៅអាស៊ីប៉ាស៊ីហ្វិក ការងារដែលកំពុងបន្តធ្វើគឺ វិធីពន្លឿនសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ដើម្បីសម្រេចបានវិបុលភាពរួមគ្នា។

មូលបទ APEC ឆ្នាំ ២០២២ «បើកចំហរ តភ្ជាប់ តុល្យភាព» ឆ្លុះបញ្ចាំងអំពីគោលដៅ និងការប្តេជ្ញាចិត្តរួមរបស់សេដ្ឋកិច្ចនៃសមាជិកវេទិកានេះ ក្នុងការដោះស្រាយបញ្ហាប្រឈមដ៏ធំសម្បើមដែលកើតចេញពីជំងឺរាតត្បាត និងជម្លោះដែលបានជះផលប៉ះពាល់អវិជ្ជមាននៅទូទាំងពិភពលោក។ មូលបទនេះមានគោលបំណងជំរុញនូវចក្ខុវិស័យសហគមន៍អាស៊ី ប៉ាស៊ីហ្វិកបើកចំហ ស្វាហាប់ ធន់ និងសន្តិភាព។

ក្រសួងការបរទេសទាំង៣ បានបញ្ជាក់ទៀតថា ក្នុងនាមជាប្រធាននៃកិច្ចប្រជុំសំខាន់ៗដូចខាងលើនៅក្នុងឆ្នាំនេះ យើងប្តេជ្ញាធ្វើការជាមួយដៃគូ និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីធានាស្មារតីកិច្ចសហប្រតិបត្តិការ ខណៈដែលយើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បន្តពង្រឹងភាពមជ្ឈភាព ភាពជឿជាក់ និងសារៈសំខាន់របស់អាស៊ានក្នុងការរក្សា សន្តិភាព និងស្ថិរភាពនៅក្នុងរបស់យើង ក៏ដូចជាកិច្ចប្រឹងប្រែងនានាក្នុងតំបន់ និងពិភពលោក៕

Khcct banner

អត្ថបទទាក់ទង