Yearendyearend1140x150

ជនភៀសខ្លួនអ៊ុយក្រែនមួយចំនួនធំត្រូវបានជម្លៀសចេញពីតំបន់ Mariupol

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ជនស៊ីវិលត្រូវបានគេឃើញនៅតាមដងផ្លូវនៃទីក្រុងកំពង់ផែសមុទ្រខ្មៅ Mariupol

ក្រុងគៀវ៖ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានបញ្ជាក់នៅក្នុងការបង្ហោះ Twitter កាលពីថ្ងៃអាទិត្យថា មនុស្សប្រហែល ១០០ នាក់បានចាកចេញពីរោងចក្រដែក Azovstal ដ៏ធំ នៅក្នុងទីក្រុងកំពង់ផែសមុទ្រខ្មៅ Mariupol ហើយកំពុងធ្វើដំណើរទៅកាន់ទឹកដីដែលគ្រប់គ្រងដោយកងកម្លាំងអ៊ុយក្រែន។ រោងចក្រនេះគឺជាកន្លែងប្រយុទ្ធគ្នាដ៏ក្តៅគគុកជាមួយកងកម្លាំងអ៊ុយក្រែននឹងរុស្សី ហើយកងកម្លាំងអ៊ុយក្រែន ព្យាយាមបោសសម្អាតកងទ័ពរុស្សីចេញឲ្យអស់ បើមិនដូច្នេះទេត្រូវបានគ្រប់គ្រងដោយកងកម្លាំងរុស្ស៊ី និងកងជីវពលនៃសាធារណរដ្ឋ Donbass នោះអ៊ុយក្រែនកាន់តែប្រឈមមុខនឹងគ្រោះថ្នាក់ ។

បើតាមលោក Zelensky បានគូសបញ្ជាក់ថា មន្ត្រីអ៊ុយក្រែននៅតែធ្វើការរួមគ្នាជាមួយតំណាងអង្គការសហប្រជាជាតិ លើការជម្លៀសជនស៊ីវិលចេញពីតំបន់នោះ ដោយបន្ថែមថា អ្នកជម្លៀសនឹងត្រូវផ្ទេរទៅកាន់ទីក្រុង Zaporozhye របស់អ៊ុយក្រែននៅថ្ងៃចន្ទនេះ។

ដោយឡែកអ្នកនាំពាក្យការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ លោក Saviano Abreu ក៏បានបញ្ជាក់ប្រាប់រ៉យទ័រថា ប្រតិបត្តិការជម្លៀសបានចាប់ផ្តើមនៅថ្ងៃទី ២៩ ខែមេសា ហើយកំពុងត្រូវបានសម្របសម្រួលដោយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ក៏ដូចជាដោយប្រទេសរុស្ស៊ី និងអ៊ុយក្រែនផងដែរ។

អ្នកចរចាកំពូលរបស់អ៊ុយក្រែននៅឯកិច្ចចរចាជាមួយទីក្រុងមូស្គូ លោក David Arakhamia បានហៅការជម្លៀសខ្លួនថាជា "ប្រតិបត្តិការដ៏លំបាកបំផុត" ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ។ គាត់ក៏បាននិយាយផងដែរថា "ប្រជាជនអ៊ុយក្រែនជាង ១០០នាក់ រួមទាំងកុមារ ស្ត្រី និងមនុស្សចាស់ ទីបំផុតមានសុវត្ថិភាព"។ អ្នកនយោបាយរូបនេះបានបន្ថែមថា "មនុស្សជាច្រើន" នៅតែស្ថិតនៅរោងចក្រដែក ហើយត្រូវការជម្លៀសចេញ។

ជាមួយគ្នានេះដែរ កាលពីព្រឹកថ្ងៃអាទិត្យក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ជនស៊ីវិលប្រហែល ៨០ នាក់បានចាកចេញពីទឹកដីនៃរោងចក្រនេះ។ កងកម្លាំងរុស្ស៊ី និងកងជីវពលសាធារណៈរដ្ឋ Donbass បានបើកច្រករបៀងមនុស្សធម៌សម្រាប់ជនស៊ីវិល និងបានរក្សាបទឈប់បាញ់នៅក្នុងតំបន់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី អ្នកដែលជម្លៀសទាំងអស់ត្រូវបានដឹកជញ្ជូនទៅកាន់ភូមិ Bezymennoe ដែលត្រូវបានគ្រប់គ្រងដោយកងជីវពល Donbass ហើយត្រូវបានផ្តល់ជម្រក អាហារ និងជំនួយផ្នែកវេជ្ជសាស្រ្ត។ ប្រព័ន្ធផ្សព្វផ្សាយបានបន្ថែមថា ជនស៊ីវិលទាំងនោះដែលមានបំណងចង់ធ្វើដំណើរបន្ថែមទៀតទៅកាន់តំបន់ដែលគ្រប់គ្រងដោយអ៊ុយក្រែនត្រូវបានប្រគល់ទៅឱ្យតំណាងអង្គការសហប្រជាជាតិ និងកាកបាទក្រហម។

គួរបញ្ជាក់ថារោងចក្រដែក Azovstal នៅតែជាជម្រករបស់ទាហានអ៊ុយក្រែនរាប់រយនាក់ រួមទាំងអ្នកប្រយុទ្ធមកពីកងវរសេនាធំ neo-Nazi Azov ដ៏ល្បីល្បាញផងដែរ។ រោងចក្រនេះត្រូវបានសាងសង់ឡើងក្នុងសម័យសូវៀត កន្លែងនេះមានបណ្តាញផ្លូវរូងក្រោមដីដ៏ធំ ដែលត្រូវបានប្រែក្លាយទៅជាបន្ទាយដោយកងកម្លាំងអ៊ុយក្រែន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង