Cct850x100 1

ក្រសួងការពារជាតិប្រតិកម្មនឹងមតិការរិះគន់ចំពោះការបំពាក់មេដាយជូនក្រុមវេជ្ជសាស្រ្តចិន

សង្គម
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ

ភ្នំពេញ៖ លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ចេញប្រតិកម្មទៅនឹងការរិះគន់របស់អតីតបក្សប្រឆាំងក្រៅច្បាប់ ចំពោះការបំពាក់មេដាយជូនក្រុមវេជ្ជសាស្រ្តចិន ដែលបានជួយដល់កម្ពុជាក្នុងការព្យាបាលនិងទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ១៩ ។

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ លោក ឈុំ សុជាតិ បានបង្ហាញការសោកស្តាយ ចំពោះការរិះគន់របស់អតីតបក្សប្រឆាំងក្រៅច្បាប់មួយចំនួន ដែលបានវាយប្រហារមកលើកិច្ចការមនុស្សធម៌របស់ក្រសួងការពារជាតិនៃកម្ពុជា តាមរយៈការបំពាក់មេដាយ ជាគ្រឿងឥស្សរិយយសដោយ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងនាមរាជរដ្ឋាភិបាលនៃរដ្ឋអធិបតេយ្យ ឯករាជ្យ ជូនដល់ មន្ត្រីយោធាជំនាញវេជ្ជសាស្ត្រ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានមកជួយកម្ពុជា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

អ្នកនាំពាក្យរូបនេះ បានឱ្យដឹងថា ការរិះគន់នេះ មិនបានឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងនៃស្ថានភាពដែលកម្ពុជា ក៏ដូចជាប្រទេសនៅលើពិភពលោក បាននិងកំពុងប្រឈមមុខនឹងការរីករាលដាលឆ្លងជំងឺកូវីដ១៩ រាប់លាននាក់ និងមានមនុស្សស្លាប់រាប់សែននាក់។

លោក បន្តថា ការបំពាក់មេដាយកិត្តិយសដល់សប្បុរសជន មិនថាជូនដល់ជនរួមជាតិកម្ពុជា ឬជូនទៅជនបរទេស គឺជាកាយវិការមនុស្សធម៌ បង្ហាញនូវសាមគ្គីភាព ការលើកទឹកចិត្តប្រកបដោយគុណធម៌ឆ្លើយតបទៅនឹងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលជាបញ្ហាប្រឈមរបស់សកលលោក។ដូចនេះ ការទទួលជំនួយជាសម្ភារៈពេទ្យ ដើម្បីទប់ស្កាត់ ប្រឆាំងជំងឺកូវីដ១៩ គឺជាកិច្ចការមនុស្សធម៌សុទ្ធសាធ និងក៏បង្ហាញនូវកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ និងការជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាកផងដែរ។

លោក ឈុំ សុជាតិ បានបញ្ជាក់ថា ការបំពាក់មេដាយ ជាគ្រឿងឥស្សរិយយសនេះ គឺជាការបង្ហាញនូវឥរិយាបថ និង កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងកិច្ចសហការល្អ និងការទំនាក់ទំនងជាអន្តរជាតិ ៕


Khcct banner

អត្ថបទទាក់ទង