Yearendyearend1140x150

ក្រុមហ៊ុនជប៉ុនចំនួន២៤ស្វែងរកឱកាសវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ អ្នកវិនិយោគជប៉ុន ចំនួន ២៤ ក្រុមហ៊ុន នៅថ្ងៃទី ២៥ មេសាកន្លងទៅ បានជួបពិគ្រោះយោបល់គ្នាជាមួយក្រុមអ្នកពាណិជ្ជករ និង វិនិយោគិនកម្ពុជាជិត៣០ក្រុមហ៊ុន ក្នុងគោលបំណងស្វែងរកឱកាសវិនិយោគបន្ថែមនៅកម្ពុជា នៅគ្រាដែលសេដ្ឋកិច្ចកម្ពុជាចាប់ផ្ដើមស្ទុះងើបឡើងវិញជាបណ្ដើរៗពីវិបត្តិកូវីដ១៩។ ការជួបជុំនេះ ត្រូវបានធ្វើឡើងនៅទីស្នាក់ការកណ្ដាលធនាគារ អេស៊ីលីដា។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាន និង ជាប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានគូសបញ្ជាក់ថា ក្រុមអ្នកវិនិយោគជប៉ុន ទាំង២៤ក្រុមហ៊ុន រួមមាន ការអភិវឌ្ឍន៍លំនៅឋាន, សុខាភិបាល, កាត់ដេរសម្លៀកបំពាក់ បច្ចេកវិទ្យា និងកសិកម្ម ជាដើម ហើយការជួបគ្នារវាងក្រុមហ៊ុនចម្រុះកម្ពុជា និងជប៉ុន គឺជាការបើកឱកាសបន្ថែមឲ្យភាគីទាំងពីរ បានស្វែងយល់ពីគ្នាទៅវិញទៅមក បង្កើនឱកាសវិយោគនៅកម្ពុជា។

ក្នុងនាមជាថ្នាក់ដឹកនាំកំពូលរបស់ធនាគារអេស៊ីលីដាលោកបណ្ឌិត អ៊ិន ចាន់នី បានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជាជាប្រទេសលំដាប់ពិភពលោកដែលគ្រប់គ្រងកូវីដ១៩ បានល្អ ហើយសេដ្ឋកិច្ច មានភាពធន់ ប្រជាជនអាចធ្វើដំណើរ ដោយសេរី ដែលនាំឱ្យសកម្មភាពសេដ្ឋកិច្ចកំពុងវិលទៅរកភាពធម្មតាវិញជាបណ្តើរៗ ដែលជាពេលវេលាដ៏ល្អសម្រាប់ការវិនិយោគ។

គួរបញ្ជាក់ថា នេះជាលើកទី២ហើយសម្រាប់ការជួបជុំគ្នារវាងក្រុមវិនិយោគិនជប៉ុន និង កម្ពុជា ដែលការជួបជុំលើកទី១ បានធ្វើឡើងកាលពីឆ្នាំ២០១៩ ដោយសមាគមជប៉ុន-កម្ពុជា និង ធនាគារអេស៊ីលីដា បានរៀបចំកម្មវិធីនេះឡើង សម្រាប់វិនិយោគិនក្នុងស្រុក និង បរទេស ដើម្បីភ្ជាប់ទំនាក់ទំនងអាជីវកម្ម គ្នាទៅវិញទៅមក។

យោងតាមទិន្នន័យក្រសួងពាណិជ្ជកម្មកម្ពុជាដែលផ្តល់ជូនស៊ីស៊ីថាមស៍ បានឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុន ក្នុងឆ្នាំ ២០២១ កន្លងមកសម្រេចបានក្នុងទឹកប្រាក់ជាង ១ ៧០០ លានដុល្លារ កើនឡើង ០,៤៩ ភាគរយបើធៀបឆ្នាំ ២០២០ ដែលមានចំនួន ១ ៦៩២ លានដុល្លារ។ចំណែកការវិនិយោគជប៉ុននៅកម្ពុជាបានងើបឡើងវិញនៅឆ្នាំ២០២១ ក្រោយពីបានធ្លាក់ចុះ កាលពីឆ្នាំ២០២០ ស្របពេលដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរចាប់ផ្តើមសិក្សាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួមគ្នា ដើម្បីទទួលបានអត្ថប្រយោជន៍ពីការអនុវត្តកិច្ចព្រមព្រៀង ACEP ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង