Yearendyearend1140x150

ក្រសួងទេសចរណ៍ស្នើឱ្យមន្ត្រីសហការជាមួយផ្នែកឯកជនបង្កើតជាព្រឹត្តិការណ៍ទេសចរណ៍នៅចុងសប្តាហ៍

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ ក្រសួងទេសចរណ៍

ភ្នំពេញ៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ បានដឹកនាំបើកកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ សម្រាប់រយៈពេល ០៤ខែ ដើមឆ្នាំ២០២២ និងទិសដៅអនុវត្តការងារបន្ត។

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ក៏បានជំរុញឱ្យនាយកដ្ឋានទេសចរណ៍ក្នុងស្រុក និងអប់រំការយល់ដឹងជាសាធារណៈ សហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ត្រូវខិតខំធ្វើជាយុទ្ធនាការផ្សព្វផ្សាយដោយអនុវត្តន៍តាមយុទ្ធសាស្ត្ររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី «ទេសចរណ៍ ផ្សារភ្ជាប់នឹងទឹកដី»ស្របទៅតាមចលនា«ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី» ដែលធ្លាប់បានធ្វើកន្លងមក និងត្រូវរៀបចំជាខ្សែ និងកញ្ចប់ទស្សនកិច្ចឱ្យបានច្បាស់លាស់ ទៅកាន់តំបន់ទេសចរណ៍ សហគមន៍ និងអេកូទេសចរណ៍ ក៏ដូចជាកញ្ចប់ទៅទស្សនកិច្ចទៅកាន់គោលដៅ ទេសចរណ៍ថ្មីៗ ប្រកបដោយការទទួលខុសត្រូវ។

ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានស្នើឱ្យមន្ត្រីមន្ទីរទេសចរណ៍ទូទាំងរាជធានីខេត្ត ត្រូវសហការជាមួយរដ្ឋបាលខេត្ត និងផ្នែកឯកជន ខិតខំបង្កើតឱ្យមានជាព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ កីឡា ការកំសាន្តនៅចុងសប្តាហ៍ ដើម្បីបង្កលក្ខណៈឱ្យប្រជាពលរដ្ឋនៅមូលដ្ឋាន បានជួបជុំកម្សាន្តសប្បាយ និងត្រូវបង្កើតឱ្យបានជាព្រឹត្តិការទេសចរណ៍ជនបទ កសិទេសចរណ៍ដើម្បីជាការជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឱ្យបានល្អនៅតាមមូលដ្ឋានផងដែរ ប៉ុន្តែត្រូវបន្តអនុវត្តន៏និតិវិធីតាមស្តង់ដារ អប្បបរមា (SOPs) អោយបានខ្ជាប់ខ្ជួន។

រូបភាព៖ ក្រសួងទេសចរណ៍

ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានណែនាំឱ្យមន្ត្រីជំនាញ ត្រូវបន្តពង្រឹងសមត្ថភាពឧស្សាហកម្មទេសចរណ៍ ឱ្យស្របតាមការដាក់ចេញក្រមប្រតិបត្តិ ក្រមសីសធម៌សមាគមទេសចរណ៍ និងដាក់ចេញក្រមប្រតិបត្តិ ក្រមសីលធម៌សម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ ដើម្បីពង្រឹងសមត្ថភាព និងគុណភាពនៃការបណ្តុះបណ្តាល។ ចំពោះមុខ ត្រូវរៀបចំផែនការយុទ្ធសាស្ត្រក្នុងការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈទេសចរណ៍រយៈពេលខ្លី ដើម្បីបំពេញតម្រូវការឧស្សាហកម្មទេសចរណ៍ ដែលកំពុងជួបប្រទះការខ្វះខាតបុគ្គលិកជំនាញក្រោយកូវីដនេះ។

ឯកឧត្ដម ថោង ខុន ក៏បានណែនាំឱ្យមន្ត្រីជំនាញ ត្រូវរៀបចំ និងប្រែក្លាយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ (Marketing & Promotion Board) ឱ្យជាគ្រឹះស្ថានរដ្ឋបាលសាធារណៈ មានលក្ខណៈសេដ្ឋកិច្ច ដូចមានចែងក្នុងផែនការយុទ្ធសាស្រ្តស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង។ ចំពោះមុខ ត្រូវខិតខំជំរុញការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍អន្តរជាតិ តាមស្មារតីវេទិកាទេសចរណ៍អាស៊ាន ពិសេសទេសចរណ៍ផ្ទៃក្នុងអាស៊ាន និងទីផ្សារទេសចរណ៍សំខាន់ៗពីអាស៊ានបូក អារ៉ាប់ ឥណ្ឌា អីរ៉ុប អាមេរិក។

ព្រមជាមួយនោះ ឯកឧត្ដមរដ្ឋមន្ត្រីបានណែនាំឱ្យមន្ត្រីទាំងអស់ចូលរួមយ៉ាងសកម្មដល់ការរៀបចំ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយដែលអាស៊ានក៏បានចាត់ទុកថា នេះជាព្រិត្តិការណ៍កីឡាទេសចរណ៍ដ៏ធំរបស់អាស៊ាន ក្រោយវិបត្តិកូវីដផងដែរ៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង