Cc time
Cct850x100 1
Itt 0  web banner

សមាគមអ្នកនិពន្ធ៖ការអាននៅកម្ពុជាកើនឡើង ខណៈយុវជនងាកមករកការអានច្រើន

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
 
រូបភាព៖ Cambodia Book Day Page

ភ្នំពេញ៖ បច្ចុប្បន្ននេះ សង្គេតឃើញថាការអានមានភាពប្រសើរជាងមុន ជាពិសេសយុវវ័យ បានងាកមករកការអាន ហើយក៏មានអ្នកនិពន្ធច្រើនបានបោះពុម្ពស្នាដៃសៀវភៅកាន់តែច្រើន ទោះបីក្នុងដំណាក់កាលកូវីដក៏ដោយ។ នេះបើតាមលោក ព្រឿង ប្រណីត ប្រធានសមាគមអ្នកនិពន្ធនៅកម្ពុជា។

លោក ព្រឿង ប្រណីត បានថ្លែងថា សម្រាប់ទិវាសៀវភៅកម្ពុជា លើកនេះ មានចំណងជើងស្នាដៃច្រើនដែលនឹងស្មានមិនដល់ដែលអ្នកនិពន្ធបានដាក់បង្ហាញ។ ក្នុងដំណាក់កាលកូវីដ អ្នកនិពន្ធស្បើយពីការងារផ្សេងៗ អ្នកនិពន្ធមួយចំនួនហាក់ដូចជាសំងំសរសេរស្នាដៃសៀវភៅរបស់ខ្លួន។ ចំពោះការអានពីមួយឆ្នាំទៅមួយឆ្នាំ ឃើញថាមានការកើនឡើងសម្រាប់អ្នកអាន និងពលរដ្ឋបានចូលរួមអានសៀវភៅ។

រូបភាព៖ Cambodia Book Day Page

លោក ព្រឿង ប្រណីត បានឲ្យដឹងថា ចំនួនអ្នកអាននៅកម្ពុជាមានការកើនឡើងមែន ប៉ុន្តែបើប្រៀបធៀបទៅប្រទេសជិតខាង គឺភាគរយនៃការអាននៅកម្ពុជាមិនច្រើនដូចប្រទេសដទៃ។ បច្ចុប្បន្នសមាគមអ្នកនិពន្ធខ្មែរមានសមាជិកអ្នកនិពន្ធប្រមាណជាង១៥០០នាក់ដែលទទួលបានការបណ្តុះបណ្តាល។ ចំពោះការប្រឈមរបស់ អ្នកនិពន្ធគឺបញ្ហាចំណូល ដោយការលក់សៀវភៅមានការថយចុះក្នុងដំណាក់កាលការរីករាលដាលកូវីដ។

សូមជម្រាបថា សមាគមអ្នកនិពន្ធខ្មែរ សហការជាមួយបណ្ណាល័យបញ្ញាវ័ន្ត និងបណ្ដាស្ថាប័ន គ្រឹះស្ថានបោះពុម្ពផ្សាយ ដៃគូមួយចំនួន រៀបចំប្រារព្ធ ទិវាសៀវភៅកម្ពុជា លើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ។

រូបភាព៖ Cambodia Book Day Page

កម្មវិធីទិវាសៀវភៅកម្ពុជាក៏ជាយុទ្ធនាការក្នុងការអបអរសាទរខួប២៥ឆ្នាំ នៃទិវាសៀវភៅពិភពលោក (World Book Day)។ ទិវាសៀវភៅពិភពលោកបង្កើតឡើង ដោយអង្គការយូណេស្កូបនៅ ថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៩៥ និងប្រទេសជាង១០០បានចូលរួមយុទ្ធនាការនេះ។

កម្មវិធីនេះនឹងមានការតាំងពិព័រណ៍សៀវភៅ៤៨ ស្តង់ រួមមានគ្រឹះស្ថានបោះពុម្ព បណ្ណាគារ ហាងលក់សៀវភៅអនឡាញ បណ្ណាល័យ អ្នកនិពន្ធ អ្នកផ្សព្វផ្សាយសៀវភៅ អ្នកចែកចាយសៀវភៅ សមាគម ស្ថាប័នសិល្បៈ និងវប្បធម៌ជាដើម។

ក្នុងនោះក៏មានយុទ្ធនាការចែកសៀវភៅប្រមាណ ១០០០ក្បាល និងមានបញ្ចុះតម្លៃរហូតដល់ ៧០% ដើម្បីចូលរួមលើកកម្ពស់ការអាន ពិសេសសម្រាប់ អ្នកដែលគ្មានលទ្ធភាពទិញសៀវភៅ។ ពិសេសជាងនេះទៅទៀត កម្មវិធីនេះក៏មានការចូលរួមពី អ្នកនិពន្ធសៀវភៅល្បីៗ និងគ្រឹះស្ថានបោះពុម្ភផ្សាយធំៗក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ៕

រូបភាព៖ Cambodia Book Day Page


Khcct banner

អត្ថបទទាក់ទង