Yearendyearend1140x150

អង់គ្លេសគាំទ្រការសហការជាមួយកម្ពុជាដើម្បីបង្កើនសមិទ្ធផលសេដ្ឋកិច្ច

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រូបភាព៖ ក្រសួងពាណិជ្ជកម្ម

ភំ្នពេញ៖ ចក្រភពអង់គ្លេស បានបញ្ជាក់ពីការគាំទ្រក្នុងការសហការជិតស្និទ្ធជាមួយកម្ពុជា ដើម្បីអាចសម្រេចបាននូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ចដែលកម្ពុជាបានដាក់ចេញ ប្រកបដោយជោគជ័យ និងកសាងសហគមន៍អាស៊ានប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពរឹងមាំ។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងឱកាសជួបពិភាក្សាការងាររវាងឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម Jon Lambe ឯកអគ្គរាជទូតចក្រភពអង់គ្លេស នៅទីស្តីការក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៥ ខែមេសានេះ។

កិច្ចពិភាក្សាការងារនេះ គឺធ្វើឡើងក្នុងគោលបំណងបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងសហប្រតិបត្តិការក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំ២០២២។ នៅក្នុងឱកាសនេះ ឯកឧត្តម ប៉ាន សូរស័ក្ដិ បង្ហាញជំនឿយ៉ាងមុតមាំថា ការឈានទៅរកប្រក្រតីភាពថ្មី គួបផ្សំជាមួយនឹងសមិទ្ធផលចម្បងៗក្នុងវិស័យពាណិជ្ជកម្មដែលរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាណិជ្ជកម្មសម្រេចបានថ្មីៗនេះ នឹងក្លាយជាកាតាលីករថ្មី ដើម្បីពង្រឹងពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងវិញយ៉ាងឆាប់រហ័ស ហើយភាគីទាំងពីរនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត សំដៅសម្រេចបាននូវកាលានុវត្តភាព និងសក្តានុពលពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគ រវាងប្រទេសទាំងពីរនាពេលអនាគត។

ក្នុងនោះ ឯកឧត្តមបានលើកឡើងថា កម្ពុជាស្វាគមន៍ចំពោះការគាំទ្រពីចក្រភពអង់គ្លេសដែលជាប្រទេសដៃគូសន្ទនាដ៏សំខាន់របស់អាស៊ាន ដើម្បីអាចចូលរួមជាមួយកម្ពុជា ក្នុងការអនុវត្តសមិទ្ធិផលអាទិភាពសេដ្ឋកិច្ចទាំងអស់ឱ្យបានជោគជ័យជាផ្លែផ្កា ជាពិសេសក្នុងក្របខណ្ឌនៃការអនុវត្តផែនការសកម្មភាពភាពរវាងអាស៊ាននិងដៃគូសន្ទនា នានារួមមានចក្រភពអង់គ្លេស លើវិស័យកិច្ចសហប្រតិបត្តិការ ដូចជាការធ្វើពាណិជ្ជកម្មឌីជីថល ការជំរុញសហគ្រិនភាពជាស្ត្រី ការចូលរួមរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ការជំរុញលើការធ្វើកសិកម្មប្រកបដោយចីរភាព ទេសចរណ៍ បដិសណ្ឋារកិច្ច និងវិស័យសេវាកម្មពាក់ព័ន្ធដទៃទៀត ។

ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណនិងកោតសរសើរចំពោះវឌ្ឍនភាពរីកចម្រើន និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ ក៏ដូចជាតួនាទីដ៏សំខាន់របស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ព្រមទាំងបានបញ្ជាក់ពីការគាំទ្ររបស់ចក្រភពអង់គ្លេស ក្នុងការសហការជិតស្និទ្ធជាមួយកម្ពុជា ដើម្បីអាចសម្រេចបាននូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ចដែលកម្ពុជាបានដាក់ចេញ ប្រកបដោយជោគជ័យ និងកសាងសហគមន៍អាស៊ានប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពរឹងមាំ។

នៅកិច្ចបញ្ចប់ ភាគីទាំងពីរបានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធិបន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ឱ្យកាន់តែរីកចម្រើន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង