Cc time
Cct850x100 1
Itt 0  web banner

តម្រូវការ«ជ្រូកខ្វៃ»កម្ពុជាកើនឡើងដល់៥ពាន់ក្បាលក្នុងមួយថ្ងៃនាឱកាសសែនឆេងម៉េង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ការទិញលក់ជ្រូកខ្វៃនៅតាមទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ (រូបភាព៖​ស៊ីស៊ីថាមស៍)

ភ្នំពេញ៖ តម្រូវការជ្រូកខ្វៃកាលពីឆ្នាំមុនៗគឺមានការធ្លាក់ចុះយ៉ាងខ្លាំង ដោយសារស្ថានភាពកូវីដ-១៩បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រជាពលរដ្ឋខ្មែរ ដែលធ្វើឱ្យការចាយវាយត្រូវមានកម្រិត ដូចនេះប្រជាពលរដ្ឋមួយចំនួនមិនហ៊ានប្រារព្ធពិធីសែនឆេងម៉េង ហើយខ្លះទៀតនៅតែសែនប៉ុន្តែមិនដាក់ជ្រូកខ្វៃ ដើម្បីកាត់បន្ថយការចំណាយ។ ប៉ុន្តែសម្រាប់ពិធីសែនឆេងម៉េងឆ្នាំ២០២២នេះ តម្រូវការជ្រូកខ្វៃបានកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងនោះចំនួនជ្រូកខ្វៃដែលលក់បានក្នុងមួយថ្ងៃមានរហូតដល់៥ពាន់ក្បាល។

លោក ស្រ៊ុន ពៅ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា កាលពីឆ្នាំកន្លងទៅ ស្ថានភាពកូវីដ-១៩ នៅបានវាយលុកយ៉ាងខ្លាំងនៅកម្ពុជា ដែលបណ្ដាលឱ្យការប្រារព្ធពិធីផ្សេងៗដូចជា ចូលឆ្នាំខ្មែរ ចូលឆ្នាំចិន សែនឆេងម៉េង និងពិធីផ្សេងៗទៀត ត្រូវបានលុបចោល ហើយខ្លះទៀតធ្វើមិនបានពេញលេញ ក្នុងនោះតម្រូវការជ្រូកខ្វៃសម្រាប់ឱកាស សែនឆេងម៉េងក៏មិនសូវមានច្រើនដែរ។

លោកបន្តថា ដោយឡែកសម្រាប់ឆ្នាំ២០២២នេះ ការឆ្លងរាលដាលជំងឺកូវីដ-១៩នៅកម្ពុជាមានភាពធូរស្រាល ហើយរាជរដ្ឋាភិបាលក៏បានលុបចោលលក្ខខណ្ឌកូវីដមួយចំនួនធំ ដូចនេះប្រជាពលរដ្ឋមានទំនុកចិត្ត និងផ្តើមវិលរកសភាពធម្មតាវិញដោយបានប្រកបរបរបានឡើងវិញ មានលទ្ធភាពក្នុងការចាយវាយ ហើយពិធីនានាក៏ត្រូវបានប្រារព្ធឡើងវិញតាមធម្មតា។ ដូចនេះ តម្រូវការជ្រូកខ្វៃនាឱកាសសែនឆេងម៉េងឆ្នាំ២០២២នេះ គឺមានការកើនឡើងខ្លាំងជាឆ្នាំមុនៗ រហូតដល់៥ពាន់ក្បាលក្នុងមួយ។

លោកបន្ថែមថា ទន្ទឹមនឹងតម្រូវការជ្រូកខ្វៃផ្តើមកើនឡើងវិញ តម្លៃក៏មានការកើនឡើងដូចគ្នា ដោយក្នុងនោះជ្រូកខ្វៃមួយមានតម្លៃ១លានរៀល ខណៈកាលពីមុនជ្រូកខ្វៃមួយមានតម្លៃតែ៥០ម៉ឺនរៀលតែប៉ុណ្ណោះ ។ បើទោះបីជាតម្លៃជ្រូកខ្វៃឡើងថ្លៃយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋខ្មែរជាប់សែស្រឡាយចិនដែលមានលទ្ធភាពមួយចំនួននៅតែបន្តទិញសែន ព្រោះដោយសារតែខានសែនយូរ និងមិនបានជួបជុំគ្នាក្នុងឱកាសបែបនេះជាយូរហើយដែរ៕

Khcct banner

អត្ថបទទាក់ទង