Yearendyearend1140x150

កូរ៉េខាងជើងព្រមាននឹងបន្តអភិវឌ្ឍ«សមត្ថភាពវាយប្រហារដ៏មានឥទ្ធិពល»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
កូរ៉េខាងជើងព្រមាននឹងបន្តអភិវឌ្ឍ«សមត្ថភាពវាយប្រហារដ៏មានឥទ្ធិពល» ប្រភពរូប៖ AP

ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានព្រមានកាលពីថ្ងៃចន្ទថា ប្រទេសរបស់លោកនឹងបន្តអភិវឌ្ឍ«សមត្ថភាពវាយប្រហារដ៏មានឥទ្ធិពល»។ យោងតាមសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានអះអាងថា ខ្លួនបានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧។

លោក គីម ជុងអ៊ុន បានប្រកាសនៅក្នុងកិច្ចប្រជុំ ដែលបានរំលឹកដល់ការបាញ់សាកល្បងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនអំពីអ្វីដែលត្រូវបានគេរាយការណ៍ថា ជាមីស៊ីលរយៈចម្ងាយឆ្ងាយ ICBM ដ៏ធំបំផុតរបស់កូរ៉េខាងជើងគឺ Hwasong-17 ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA រាយការណ៍ថា កូរ៉េខាងជើងនឹង "បន្តសម្រេចបាននូវគោលដៅពង្រឹងវិស័យការពារជាតិ និងអភិវឌ្ឍសមត្ថភាពវាយប្រហារដ៏មានឥទ្ធិពលបន្ថែមទៀត" ដើម្បីបំពាក់ឱ្យយោធារបស់ប្រទេសខ្លួន។

មីស៊ីលនេះត្រូវបានគេរាយការណ៍ថា បានធ្វើដំណើរបានចម្ងាយ ១,០៩០ គីឡូម៉ែត្រ មុនពេលចុះចតនៅក្នុងសមុទ្រជប៉ុន ដែលប្រជាជនកូរ៉េស្គាល់ថា ជាសមុទ្រខាងកើត។ លោក គីម បានមើលការខុសត្រូវលើការធ្វើតេស្តមីស៊ីលនេះដោយផ្ទាល់។

តាមសារព័ត៌មាន KCNA បាននិយាយថា អាវុធនេះបន្ថែមទៅក្នុងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសដែលមានគោលបំណង “បន្ទាប” ទីក្រុងវ៉ាស៊ីនតោន។ ហើយ មីស៊ីល ICBM ជាមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលត្រូវបានគេជឿថា មានសមត្ថភាពឈានដល់សហរដ្ឋអាមេរិក។

ចាប់តាំងពីដើមឆ្នាំមក ទីក្រុងព្យុងយ៉ាង បានធ្វើការបាញ់សាកល្បងរាប់សិបដង ជាក់ស្តែងយ៉ាងហោចណាស់ការបាញ់បង្ហោះចំនួន២គឺនៅថ្ងៃទី ២៧ ខែកុម្ភៈ និង ខែមីនា ដែលពាក់ព័ន្ធនឹង Hwasong-17 ដែលជាមីស៊ីលដ៏ធំបំផុតរបស់កូរ៉េខាងជើង។

កិច្ចពិភាក្សាទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង បានធ្លាក់ចុះយ៉ាងគំហុក បន្ទាប់ពីកិច្ចប្រជុំកំពូលគ្មានកិច្ចព្រមព្រៀងរវាងលោក គីម និងប្រធានាធិបតីអាមេរិកលោក Donald Trump នៅទីក្រុងហាណូយ ប្រទេសវៀតណាមក្នុងឆ្នាំ ២០១៩។ ពីមុនការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េបានស្ថិតនៅលំដាប់កំពូលនៃបញ្ជីរបស់សហរដ្ឋអាមេរិក និងជាអាទិភាពនយោបាយបរទេស។

រដ្ឋបាលលោក Biden បាននឹងកំពុងអំពាវនាវឱ្យទីក្រុងព្យុងយ៉ាងបន្តកិច្ចចរចាដោយគ្មានលក្ខខណ្ឌជាមុន ប៉ុន្តែកូរ៉េខាងជើងអះអាងថា ទីក្រុងវ៉ាស៊ីនតោនគួរតែផ្លាស់ប្តូរជំហរឈ្លានពានជាមុនសិន។ ចាប់តាំងពីការចរចារបានជាប់គាំងមក ទីក្រុងព្យុងយ៉ាងបាននិងកំពុងពង្រីកសមត្ថភាពយោធារបស់ខ្លួនជាបន្តបន្ទាប់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង