Cc time
Cct850x100 1
Itt 0  web banner

លោក រម៉ាម ប្លេន សិក្សាជំនាញទំនាក់ទំនងអន្ដរជាតិដើម្បីជួយជនជាតិភាគតិច

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/


ភ្នំពេញ៖ លោក រម៉ាម ប្លេន ជាជនជាតិ ចារ៉ាយ មកពីភូមិភាគឦសាននៃស្រុកបរកែវ ខេត្តរតនគិរី។ លោក រម៉ាម ជានិស្សិតអាហារូបករណ៍ឆ្នាំទី២ ជំនាញទំនាក់ទំនងអន្ដរជាតិ នៃសាកលវិទ្យាល័យកម្ពុជា។ ក្រោយបញ្ចប់ការសិក្សា លោក រម៉ាម សង្ឃឹមថា អាចប្រើប្រាស់ជំនាញដែលបានរៀននៅមហាវិទ្យាល័យ ជាប្រយោជន៍ដល់ប្រជាជន ដែលជាជនជាតិភាគតិច និងសង្គមជាតិផងដែរ។

តាមរយៈការសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍ លោក រម៉ាម បានឱ្យដឹងថា លោកបានបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិនូវឆ្នាំ២០២០ នៃវិទ្យាល័យសម្ដេចឪ សម្ដេចម៉ែ។ ក្រោយបញ្ចប់ការសិក្សានៅវិទ្យាល័យ លោក រម៉ាម ក៏បានមកបន្ដការសិក្សានៅភ្នំពេញតែម្ដង។

ការសិក្សានៅភ្នំពេញ បានធ្វើឱ្យលោក រម៉ាម ជួបការពិបាកជាខ្លាំង ដូចជា ពិបាកក្នុងប្រលងប្រជែងអាហារូបករណ៍នៅសាកលវិទ្យាល័យ ដោយសារការអបរំនៅខេត្តដាច់ស្រយាលនៅមានកម្រិត ខ្វះអ្នកប្រឹក្សាក្នុងការជ្រើសរើសសាកលវិទ្យាល័យ។ គ្មានការប្រាស្រ័យទាក់ទង ដោយសារគ្មានបងប្អូននៅទីក្រុង បាត់បង់មិត្តភក្ដិ ដែលជាហេតុធ្វើឱ្យពិបាកក្នុងការរស់នៅ។ ការពិបាកក្នុងការស្វែងរកកន្លែងស្នាក់នៅ ហើយបន្ទប់ជួលមានតម្លៃថ្លៃ បញ្ហាម្ហូបអាហារ និងបញ្ហាចររាចរណ៍ជាដើម។

ដើម្បីដោះស្រាយបញ្ហាដែលជួបប្រទះលោក រម៉ាម បាននិយាយថា លោកមានគោលដៅច្បាស់លាស់ ក្នុងការបន្ដការសិក្សានៅមហាវិទ្យាល័យ និងការស្រឡាញ់ជំនាញដែលកំពុងរៀន ដែលធ្វើឱ្យលោកមានកម្លាំងចិត្ត និងមិនបោះបង់ការសិក្សា។ ម្យ៉ាងវិញទៀត លោកបានចំណាយពេលចូលបណ្ណាល័យ ការអានសៀវភៅ ការចួលរួមធ្វើការងារស្ម័គ្រចិត្ត និងការចូលរួមកម្មវិធីផ្សេងៗទៀត។

លោក រម៉ាម បានបន្ថែមថា លោកជ្រើសរើសរៀនជំនាញទំនាក់ទំនងអន្ដរជាតិ ព្រោះជំនាញនោះបានផ្ដល់ឱ្យលោកនូវចំណេះដឹងផ្នែក ភូមិសាស្ត្រ ប្រវត្តិសាស្ត្រ នយោបាយ សេដ្ឋកិច្ច មនោគមន៍វិទ្យា ក៏ដូចបញ្ហាបម្រែបម្រួលអាកាសធាតុ បញ្ហាបរិស្ថាន ការស្រាវជ្រាវ ការវិភាគ និងការទំនាក់ទំនងជាដើម។ ជំនាញនេះក៏ជួយអភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំ មានឱកាសច្រើនក្នុងការផ្លាស់ប្ដូរកម្មវិធីសិក្សានៅបរទេស និងឱកាសការងារច្រើន។

លោក រម៉ាម បានបន្ដថា ក្រោយបញ្ចប់ការសិក្សា លោកសង្ឃឹមថា លោកអាចប្រើប្រាស់ជំនាញនេះទៅលើការស្រាវជ្រាវប្រវត្តិជនជាតិដើមភាគតិច វិភាគនិងកែសម្រួលទៅលើផែនការរបស់ក្រសួងឱ្យសមស្របទៅតាមសហគមន៍ទៀតផង។ ក្រោយបញ្ចប់ការសិក្សានៅមហាវិទ្យាល័យលោក រម៉ាម ក៏មានបំណងបន្ដការសិក្សានៅបរទេស និងត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីប្រើប្រាស់ជំនាញដែលលោកបានរៀន ជាប្រយោជន៍ដល់ប្រជាជន ដែលជាជនជាតិភាគតិចផងដែរ៕




Khcct banner

អត្ថបទទាក់ទង