Cc time
Cct850x100 1
Itt 0  web banner

ក្រុមឧទ្ទាមយេម៉ែនប្រកាសបទឈប់បាញ់រយៈពេល៣ថ្ងៃជាមួយអារ៉ាប៊ីសាអូឌីត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ក្រុមឧទ្ទាមយេម៉ែនប្រកាសបទឈប់បាញ់រយៈពេល៣ថ្ងៃជាមួយអារ៉ាប៊ីសាអូឌីត ប្រភពរូប៖ ស៊ីស៊ីធីវី

យេម៉ែន៖ ក្រុមឧទ្ទាម ហូធី (Houthi) របស់ប្រទេសយេម៉ែនកាលពីថ្ងៃសៅរ៍ បានប្រកាសបទឈប់បាញ់ជាឯកតោភាគីរយៈពេលបីថ្ងៃជាមួយក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដោយបានសម្តែងការប្តេជ្ញាចិត្តរបស់ពួកគេចំពោះបទឈប់បាញ់ជាអចិន្ត្រៃយ៍ ប្រសិនបើក្រុមចម្រុះបញ្ចប់ការវាយប្រហារតាមអាកាស និងដកកងកម្លាំង។

គំនិតផ្តួចផ្តើមរបស់ ហូធី បានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីកងកម្លាំងចម្រុះបានបើកការវាយប្រហារតាមផ្លូវអាកាសយ៉ាងធ្ងន់ធ្ងរទៅលើទីតាំងយោធា និងសេដ្ឋកិច្ចដ៏សំខាន់របស់ ហូធី នៅទីក្រុងកំពង់ផែ Hodeidah និងរដ្ឋធានី Sanaa ក្នុងការសងសឹកចំពោះការវាយប្រហារដោយមីស៊ីល ឆ្លងព្រំដែន និងដ្រូន ប្រឆាំងនឹងទីតាំងប្រេងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនៅសប្តាហ៍មុន។

យ៉ាងហោចណាស់មនុស្ស ៨ នាក់បានស្លាប់ និង ៣ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់ក្រុមចម្រុះទៅលើអគារនៃអាជ្ញាធរធានារ៉ាប់រង ដែលគ្រប់គ្រងដោយក្រុម ហូធីក្នុងទីក្រុង Sanaa កាលពីព្រឹកថ្ងៃសៅរ៍។

លោក Mahdi al-Mashat ប្រធានក្រុមប្រឹក្សានយោបាយជាន់ខ្ពស់របស់កងជីវពល ហូធី បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា «យើងនឹងផ្អាកការវាយប្រហារដោយមីស៊ីលឆ្លងព្រំដែន និងដ្រូន និងរាល់សកម្មភាពយោធាប្រឆាំងនឹងអារ៉ាប៊ីសាអូឌីតក្នុងរយៈពេលបីថ្ងៃ។ ប្រសិនបើអារ៉ាប៊ីសាអូឌីតយល់ព្រមបញ្ចប់ការវាយប្រហារតាមអាកាស និងការបិទផ្លូវរបស់ខ្លួនប្រឆាំងនឹងយេម៉ែន ហើយពួកយើងត្រៀមខ្លួនជាស្រេច ដើម្បីប្រែក្លាយការប្រកាសនេះទៅជាការសម្រេចចុងក្រោយ»។

លោក al-Mashat បានបន្ថែមថា គំនិតផ្តួចផ្តើមនេះ រួមមានការផ្អាកការប្រយុទ្ធទាំងអស់នៅជួរមុខ រួមទាំងខេត្ត Marib ផងដែរ ក្នុងឱកាសដែលប្រារព្ធសង្រ្គាមស៊ីវិលយេម៉ែនឈានចូលដល់ឆ្នាំទីប្រាំបីរបស់ខ្លួន។ លោក ក៏បានស្នើកិច្ចព្រមព្រៀងដោះដូរអ្នកទោសទាំងអស់ រួមទាំងបងប្រុសរបស់ប្រធានាធិបតីយេម៉ែនលោក Abd-Rabbu Mansour Hadi ជាមួយនឹងកងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត។

កងជីវពល ហូធី ថ្មីៗនេះបានបង្កើនការវាយប្រហារប្រឆាំងនឹងអារ៉ាប៊ីសាអូឌីត បន្ទាប់ពីខ្លួនបានបាត់បង់សង្កាត់យុទ្ធសាស្ត្រជាច្រើននៅក្នុងខេត្ត Marib និង Shabwa ដែលសម្បូរប្រេង ក្នុងអំឡុងពេលប្រយុទ្ធជាមួយកងទ័ពរដ្ឋាភិបាលយេម៉ែនក្នុងរយៈពេលពីរខែកន្លងមកនេះ។

ប្រទេសយេម៉ែនបានជាប់គាំងនៅក្នុងសង្គ្រាមស៊ីវិលចាប់តាំងពីចុងឆ្នាំ ២០១៤ នៅពេលដែលកងជីវពល ហូធី គាំទ្រដោយអ៊ីរ៉ង់បានដណ្តើមកាន់កាប់ខេត្តភាគខាងជើងជាច្រើន និងបានបង្ខំរដ្ឋាភិបាលយេម៉ែនដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីតចេញពីទីក្រុង Sanaa ។

ក្រុមចម្រុះអារ៉ាប់ដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានធ្វើអន្តរាគមន៍នៅថ្ងៃទី ២៦ ខែមីនាឆ្នាំ ២០១៥ នៅក្នុងសង្រ្គាមស៊ីវិលយេម៉ែនក្នុងការប៉ុនប៉ងដើម្បីស្តាររដ្ឋាភិបាល Hadi ឡើងវិញ៕

Khcct banner

អត្ថបទទាក់ទង