Yearendyearend1140x150

កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលដែលគេសង្ស័យថាជាមីស៊ីលផ្លោងអន្តរទ្វីប

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលដែលគេសង្ស័យថាជាមីស៊ីលផ្លោងអន្តរទ្វីប ប្រភពរូប៖​ RT

ព្យុងយ៉ាង៖ កូរ៉េខាងជើងបានបាញ់មីស៊ីលមិនស្គាល់អត្តសញ្ញាណ ឆ្ពោះទៅកាន់សមុទ្រជប៉ុន នេះបើតាមយោធាកូរ៉េខាងត្បូង និងឆ្មាំឆ្នេរសមុទ្រជប៉ុន បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ជាមួយនឹងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអំពីការបាញ់សាកល្បងមីស៊ីលផ្លោង ដែលបានធ្លាក់នៅសមុទ្រជប៉ុន។

ឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសជប៉ុន បានចេញសេចក្តីថ្លែងការណ៍មួយដែលបានអះអាងថា មីស៊ីលដែលបានធ្លាក់ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុននេះ គឺបានហោះចេញពីឆ្នេរសមុទ្រនៃខេត្ត Aomori ភាគខាងជើងរបស់ប្រទេសជប៉ុននៅម៉ោង ៣៖៤៤ នាទីរសៀល (ម៉ោងក្នុងតំបន់)។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង ដែលដកស្រង់សម្តីយោធារបស់ប្រទេសនេះបានអះអាងថា មីស៊ីលដែលកូរ៉េខាងជើងបាញ់នោះអាចជាមីស៊ីលផ្លោងអន្តរទ្វីប Hwasong-17 ដែលជាប្រភេទដ៏ធំបំផុតដែលត្រូវបានអភិវឌ្ឍដោយទីក្រុងព្យុងយ៉ាងរហូតមកដល់បច្ចុប្បន្ន។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានថ្កោលទោសយ៉ាងខ្លាំងចំពោះការបាញ់បង្ហោះកាលពីថ្ងៃព្រហស្បតិ៍ ដោយពណ៌នាថា វាជាការរំលោភលើដំណោះស្រាយជាច្រើនរបស់អង្គការសហប្រជាជាតិ។ លោក បានចោទប្រកាន់កូរ៉េខាងជើងថា បានបំពានលើការផ្អាកការបាញ់សាកល្បងមីស៊ីលអន្តរទ្វីប ដែលប្រទេសបានប្រកាសកាលពីឆ្នាំ ២០១៧ បន្ទាប់ពីកិច្ចពិភាក្សាជាមួយអតីត ប្រធានាធិបតីអាមេរិក Donald Trump នៅពេលនោះ។

ចាប់តាំងពីដើមឆ្នាំមក ទីក្រុងព្យុងយ៉ាងបានធ្វើការបាញ់សាកល្បងរាប់សិបដង ដោយយោធាកូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកបានអះអាងថា យ៉ាងហោចណាស់ការបាញ់បង្ហោះចំនួនពីរគឺនៅថ្ងៃទី ២៧ ខែកុម្ភៈ និងថ្ងៃទី ៥ ខែមីនា ពាក់ព័ន្ធនឹងមីស៊ីល Hwasong-17 នេះ។

កូរ៉េខាងជើងបានបដិសេធមិនបញ្ចេញព័ត៌មានលម្អិតទាក់ទងនឹងមីស៊ីលដែលបាញ់នៅពេលនោះទេ ដោយគ្រាន់តែនិយាយថាប្រទេសនេះកំពុងសាកល្បងសមាសធាតុសម្រាប់ប្រព័ន្ធផ្កាយរណបឈ្លបយកការណ៍។ មេដឹកនាំកំពូលកូរ៉េខាងជើងលោក Kim Jong-un បានប្រកាសនៅដើមខែនេះថា ក្រុងព្យុងយ៉ាងគ្រោងនឹងបញ្ជូនផ្កាយរណបជាច្រើនទៅកាន់គន្លងតារាវិថី ដើម្បីតាមដានសកម្មភាពយោធារបស់អាមេរិក។

ប្រសិនបើរបាយការណ៍ត្រូវបានបញ្ជាក់ថា មីស៊ីលដែលបានរកឃើញកាលពីថ្ងៃព្រហស្បតិ៍ គឺពិតជា Hwasong-17 នោះនឹងក្លាយជាការសាកល្បងលើកដំបូងនៃមីស៊ីលអន្តរទ្វីបរបស់កូរ៉េខាងជើងនៅរយៈចម្ងាយពេញលេញចាប់តាំងពីឆ្នាំ ២០១៧ ។

មន្ត្រីអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បាននិយាយថា ពួកគេរំពឹងថា នឹងមានការបាញ់សាកល្បងមីស៊ីលបន្ថែមទៀត ដោយកូរ៉េខាងជើង នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ជាមួយនឹងខួបលើកទី ១១០ នៃស្ថាបនិកប្រទេស គឺលោក Kim Il Sung កាន់តែខិតជិតមកដល់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង