Cc time
Cct850x100 1
Itt 0  web banner

ភ្នាក់ងារទេសចរណ៍ស្នើឱ្យបុគ្គលិកចូលបម្រើការងារតាមវិជ្ជាជីវៈ ខណៈភ្ញៀវផ្តើមទាក់ទងច្រើនជាងមុន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
 លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា

ភ្នំពេញ៖ ក្រោយក្រសួងសុខាភិបាលបានប្រកាសលុបចោលលក្ខខណ្ឌកូវីដមួយចំនួនធំកាលពីពេលថ្មីៗនេះ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាមើលឃើញថា ការសម្រេចលុបចោលនេះគឺពិតជាបានផ្ដល់ផលវិជ្ជមានដល់វិស័យទេសចរណ៍កម្ពុជា។ ជាមួយគ្នានេះលោកស្រីក៏បានអំពាវនាវដល់បុគ្គលិកទេសចរណ៍ទាំងអស់ឱ្យចូលបម្រើការងារតាមវិជ្ជាជីវៈរៀងៗខ្លួន ដើម្បីរួមគ្នាស្តារវិស័យទេសចរណ៍ឡើងវិញ។

លោកស្រី ឆាយ ស៊ីវលីន បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា បច្ចុប្បន្ននេះ វិស័យទេសចរណ៍កម្ពុជាបើទោះបីជាកំណើនភ្ញៀវមិនសូវហក់ឡើង ប៉ុន្តែលំហូរភ្ញៀវចូលមកនៅតែមានជារឿយៗជារៀងរាល់ថ្ងៃទាំងក្នុងទីក្រុងភ្នំពេញ និងសៀមរាប។ សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ភ្ញៀវបរទេសក៏បានទាក់ទងមកក្រុមហ៊ុនទេសចរណ៍ ឬទីភ្នាក់ងារទេសចរណ៍កម្ពុជាជាបណ្តើរៗដែរ។

លោកស្រីបន្ថែមថា ជុំវិញការលុបចោលការរឹតត្បិតទៅលើឯកសារទាំងឡាយរបស់ភ្ញៀវបរទេសក្នុងរយៈចុងក្រោយនេះ គឺពិតជាបានបង្ហាញពីផលវិជ្ជមានសម្រាប់វិស័យទេសចរណ៍កម្ពុជា ហើយកម្ពុជាអាចនឹងទទួលបានកំណើនលំហូរចូលនៃភ្ញៀវទេសចរបាននាពេលឆាប់ៗខាងមុខនេះ។

ទន្ទឹមនឹងនេះ លោកស្រីលើកឡើងថា នាពេលកន្លងមក បើទោះបីជាកម្ពុជាប្រកាសបើកប្រទេសក៏ពិតមែន តែភ្ញៀវទេសចរចូលមកកម្ពុជានៅតែមានកម្រិត ព្រោះនាពេលនោះកម្ពុជាត្រូវការឯកសារនានាដូចជា ការធ្វើតេស្ត ការបង្ហាញលទ្ធផលតេស្ត និងឯកសារផ្សេងៗទៀតដែលបានបង្កភាពលំបាកដល់ភ្ញៀវទេសចរ ហើយនាំឱ្យមានរបាំងក្នុងការហូរចូលភ្ញៀវទេសចរមកកម្ពុជា។

បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលុបចោលបន្ថែមនៃលក្ខខណ្ឌកូវីដ-១៩ លោកស្រីរំពឹងថា កម្ពុជាអាចនឹងស្ដារទេសចរណ៍ឡើងវិញមុនការកំណត់ ហើយកម្ពុជា ក៏ដូចជាប្រតិបត្តិករទេសចរណ៍ សេវាករទេសចរណ៍ទាំងអស់នឹងត្រៀមលក្ខណៈក្នុងការទទួលភ្ញៀវទេសចរឱ្យបានល្អចាប់ពីពេលនេះ និងនៅថ្ងៃអនាគត។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៧មីនានេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការលុបចោលលក្ខខណ្ឌការបង្ហាញលទ្ធផលតេស្ដ PCR សម្រាប់អ្នកដំណើរពីបរទេស ក្នុងរយៈពេល៧២ម៉ោង មុនមកដល់កម្ពុជា និងដាក់អោយដំណើរការឡើងវិញនូវការផ្តល់ទិដ្ឋការពេលមកដល់ (Visa on arrival) នៅគ្រប់ច្រកទ្វារអន្តរជាតិទាំងអស់ ទាំងតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក៕

Khcct banner

អត្ថបទទាក់ទង