Cc time
Cct850x100 1
Itt 0  web banner

សង្គ្រាមអ៊ុយក្រែន៖ចិនទំនងមិន«បោះបង់»រុស្ស៊ី ដើម្បីទប់គូប្រជែងរួមគឺអាម៉េរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
គួន សំបូរ
/
លោក ស៊ី ជិងពីង ប្រធានាធិបតីចិន និង ប្រធានាធិបតីរុស្ស៊ី គឺលោក វ្ល៉ាឌីមៀ ពូទីន។រូបភាព៖ AFP

ចិន៖ប្រធានាធិបតីរុស្ស៊ី គឺលោក វ្ល៉ាឌីមៀ ពូទីន ដែលមានទំនាក់ទំនងយ៉ាងល្អូកល្អឺនជាមួយលោក ស៊ី ជិងពីង ប្រធានាធិបតីចិន កាលពីថ្ងៃទី ២៤ កុម្ភៈ បានសម្រេចចិត្តធ្វើប្រតិបត្តិការយោធាពិសេសនៅប្រទេសអ៊ុយក្រែន។នៅក្រោយពេលផ្ទុះសង្រ្គាមនៅអ៊ុយក្រែន រុស្ស៊ីត្រូវប្រឈមនឹងការថ្កោលទោសក៏ដូចជាទទួល ទណ្ឌកម្មពីអាម៉េរិក និង សម្ព័ន្ធមិត្តជាបន្តបន្ទាប់។តែចិនបង្ហាញនូវជំហរការទូតយ៉ាងប្រយ័ត្នប្រយែង និង ប្រកាន់ខ្លួនជាប្រទេសនៅកណ្តាល។ ហេតុអ្វី?

ចិន និង រុស្ស៊ី គឺជាប្រទេសក្បែរភូមិផងរបងជាមួយគ្នា និង មានទំនាក់ទំនងយ៉ាងល្អូកល្អឺននឹងគ្នា ក្រោយពេលអាម៉េរិក និង សម្ព័ន្ធមិត្ត ប្រកាសដាក់ចេញនូវនយោបាយការបរទេសថ្មីផ្តោតអាទិភាពខ្ពស់បំផុតទៅលើការពង្រឹងវត្តមានរបស់អាម៉េរិកនៅក្នុងតំបន់អាស៊ី ហើយអាម៉េរិក បានក្លាយជាមួយគូប្រជែងរួមគ្នាដ៏ធំរបស់ចិន និង រុស្ស៊ី។

ចាប់តាំងពីសង្រ្គាមផ្ទុះនៅអ៊ុយក្រែន ប្រទេសនៅលើពិភពលោក បានចោលក្រសែភ្នែកទៅលើចិន ខណៈដែលប្រទេសមហាអំណាចអាស៊ីមួយនេះ បាននឹងកំពុងព្យាយាមបង្ហាញនូវជំហរនយោបាយការបរទេសយ៉ាងប្រយ័ត្នប្រយែងដោយ មិនថ្កោលទោសរុស្ស៊ី តែក៏មិនគាំទ្រសកម្មភាពសង្គ្រាមនៅរុស្ស៊ី។

ក្នុងបទសន្ទនាតាមរយៈវីដេអូជាមួយ លោកចូ បៃដិន ប្រធានាធបតិអាម៉េរិក លោក ស៊ី ជីនពីង មិនបានថ្លែងដាក់បន្ទុកលើប្រទេសរុស្ស៊ីនោះទេ ផ្ទុយទៅវិញលោកបានប្រើសំដីប្រកាសបែបការទូត ដោយអះអាងថា អាម៉េរិក និងចិន ត្រូវតែរួមគ្នាការពារសន្តិភាព ស្ថិរភាពពិភពលោក ហើយចិនមិនចង់ឃើញ “វិបត្តិនៅអ៊ុយក្រែន”ផ្ទុះឡើងនោះទេ។បន្ថែមពីនេះ លោកស៊ីថែមទាំងអំពាវនាវឲ្យអាម៉េរិក និង អង្គការណាតូ ត្រូវតែស្តារការសន្ទនាគ្នាជាមួយរុស្ស៊ី ដោយត្រូវស្តាប់ការបារម្ភរបស់រុស្ស៊ី ទាក់ទិននឹងបញ្ហាសន្តិសុខតំបន់។

ត្រង់ចំណុចនេះ ចិនចង់ប្រាប់ទៅអាម៉េរិក និង សម្ព័ន្ធមិត្តថា កំហុសគ្រប់យ៉ាង មកពីអាម៉េរិក និងអង្គការណាតូ ដែលគំរាមរុស្ស៊ីមុន។ថែមពីនេះ ចិនបានប្រកាសថា ខ្លួនមិនចូលរួមនៅក្នុងទណ្ឌកម្មសេដ្ឋកិច្ច ដែលក្រុមប្រទេសលោកខាងលិច បានដាក់លើរុស្ស៊ីទេ ហើយចិននឹងនៅតែធ្វើជំនួញជាមួយរុស្ស៊ីជាប្រក្រតី។តាមរយៈឥរិយថនយោបាយនេះ ត្រូវបានក្រុមអ្នកជំនាញមើលឃើញថា ចិនបានសម្រេចចិត្តឈរខាងរុស្ស៊ី ចំពោះបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។

ម្លោះហើយបានជា អាម៉េរិកនៅមិនសុខ ហើយត្រូវតែនិយាយជាមួយចិន ដើម្បីពន្យល់ឲ្យចិនយល់ ព្រមទាំងបានព្រមានម្តងហើយម្តងទៀតទៅកាន់ទីក្រុងប៉េកាំងកុំទៅគាំទ្រនៅខាងរុស្ស៊ីឲ្យសោះ ប្រសិនបើមិនចង់ត្រូវទណ្ឌកម្មរបស់អាម៉េរិក និង សម្ព័ន្ធមិត្ត។

ចូលកំពុងភ្លេចថា អាម៉េរិក ត្រូវបានចិន និងរុស្ស៊ី ចាត់ទុកជាគូសត្រូវធំរួមគ្នា។ចិនមានបញ្ហាប្រឈមមុខដាក់គ្នាយ៉ាងច្រើនជាមួយអាម៉េរិក ចាប់តាំងពីចិនបង្កើនសកម្មភាពវាតទីនៅក្នុងជម្លោះដែនសមុទ្រចិន បញ្ហាតំបន់តៃវ៉ាន់ ក្នុងតំបន់អាស៊ី និងចាប់តាំងពីអតីតប្រធានាធិបតីអាម៉េរិកលោកអូបាម៉ា បានដាក់ចេញនូវនយោបាយការបរទេសថ្មី ដែលផ្តោតអាទិភាពខ្ពស់បំផុតទៅលើការពង្រឹងវត្តមានរបស់អាម៉េរិកនៅអាស៊ី ដែលធ្វើឲ្យចិនសង្ស័យថា អាម៉េរិកកំពុងតែដាក់ចេញនូវយុទ្ធសាស្រ្តឡោមព័ទ្ធចិន និងប្រជែងដណ្តើមឥទ្ធិពលរបស់ចិនដល់តំបន់អាស៊ី។

ចំណែកទំនាក់ទំនងរវាងរុស្ស៊ី និង អាម៉េរិក បានធ្លាក់ចុះដុនដាប់ខ្លាំងដោយសារតែវិបត្តិនៅអ៊ុយក្រែន។ចាប់តាំងពីរុស្ស៊ីបានកាត់យកតំបន់គ្រីមេពីអ៊ុយក្រែន ព្រមទាំងគាំទ្រក្រុមឧទ្ទាមក្នុងការធ្វើសង្រ្គាមទាមទារផ្តាច់ទឹកដីនៅខាងកើតអ៊ុយក្រែន ការប្រឈមមុខដាក់គ្នា រវាងរុស្ស៊ី និងអាម៉េរិក ព្រមទាំងសម្ព័ន្ធមិត្តលោកខាងលិច បានកើនឡើងដល់កម្រិតកំពូលមិនធ្លាប់ជួបប្រទះ ចាប់តាំងពីក្រោយសង្រ្គាមត្រជាក់ រហូតមកដល់ពេលបច្ចុប្បន្ននេះ៕

Khcct banner

អត្ថបទទាក់ទង