Yearendyearend1140x150

ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ Thai VietJet Air បើកការហោះហើរថ្មីមកកម្ពុជាជាលើកដំបូង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ក្រុមហ៊ុនអាកាសចរណ៍ Thai VietJet Air បានចុះចតលើកដំបូងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ Thai VietJet Air បានបើកការហោះហើរថ្មីមកកម្ពុជា (បាងកក-ភ្នំពេញ) ដែលបានចុះចតលើកដំបូងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាវេលាម៉ោង ៩:៤០នាទី នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ក្រោយចាកចេញពីអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ រាជធានីបាងកក នាវេលាម៉ោង៨៖៣០នាទី ពោលគឺធ្វើដំណើរក្នុងថេរវេលា១ម៉ោង១០នាទី។

លោក វរង្គនាថ ឡាប្រាបាង អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ Thai VietJet Air បានឱ្យដឹងថា ក្រុមហ៊ុន Thai VietJet Air បានរៀបចំយ៉ាងហ្មត់ចត់សម្រាប់ការបន្តជើងហោះហើរអន្តរជាតិជាទៀងទាត់ ជាមួយនឹងផលិតផលអាកាសចរណ៍ថ្មីៗ និងតម្លៃសមរម្យ ដើម្បីផ្តល់ជូនអ្នកដំណើររបស់ខ្លួននូវបទពិសោធន៍ហោះហើរប្រកបដោយសុវត្ថិភាព និងតម្លៃទាបសមរម្យ។

លោកអគ្គនាយកបន្តថា Thai VietJet Air ដំណើរការការហោះហើរនៅរៀងរាល់ថ្ងៃចន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ ជាមួយនឹងរយៈពេល១ម៉ោង១០នាទី។ ចេញពីបាងកកនៅវេលាម៉ោង៨៖៣០នាទីព្រឹក មកដល់ភ្នំពេញនៅវេលាម៉ោង៩៖៤០នាទីព្រឹក និងត្រលប់ពីភ្នំពេញនៅវេលាម៉ោង១០៖៣០នាទីព្រឹក ទៅដល់បាងកកនៅវេលាម៉ោង១១៖៤៥នាទីថ្ងៃត្រង់។

ជាមួយគ្នានោះ លោកជំទាវ ឆាយ ស៊ីវលីន ក៏បានបញ្ជាក់បន្ថែមថា ការបើកជើងហោះហើរថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai VietJet Air នេះ នឹងក្លាយជាសញ្ញាវិជ្ជមានថ្មីមួយទៀតសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗទៀត ដែលកំពុងពិចារណាលើលទ្ធភាពនៃការហោះហើរចូលមកកម្ពុជា ឬកំពុងគិតថាគួរតែហោះហើរចូលមកកម្ពុជានៅពេលណា។ សរុបមកគឺនឹងជួយជំរុញកំណើនភ្ញៀវទេសចរចូលមកទស្សនាកម្ពុជាកាន់តែច្រើនឡើងផងដែរ។

គួរបញ្ជាក់ថា រយៈពេល២ឆ្នាំមកនេះ ក្រុមហ៊ុនអាកាសចរណ៍ Thai VietJet Air គឺជាក្រុមហ៊ុនអាកាសចរបរទេសទី១ ដែលបានបើកការហោះហើរថ្មីចូលមកកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍កម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង