Cc time
Cct850x100 1
Itt 0  web banner

បណ្ឌិត ឈត ប៊ុនថង៖ ឪពុកម្តាយអាចធ្វើឲ្យកូនមានជំងឺផ្លូវចិត្ត បើសិនមិនយល់ពីចិត្តសាស្ត្ររបស់កូន

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោកបណ្ឌិត ឈត ប៊ុនថង ជាមន្រ្តីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា។

ភ្នំពេញ៖ ឪពុកម្តាយមានតួនាទីក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូន ទាំងការផ្តល់នូវម្ហូបចំណី ចិញ្ចឹមខាងរាងកាយ ចិញ្ចឹមចិត្ត ប៉ុន្តែឪពុកម្តាយមួយចំនួន មិនសូវយល់ពីលក្ខណៈចិត្តសាស្រ្តរបស់កូន។ ដូច្នេះឪពុកម្តាយខ្លះបានដាក់សម្ពាធ ជួនកាលក៏មានវិធានការ ការដាក់វិន័យ ច្បាប់គ្រួសារផ្សេងៗ ធ្វើកូនដែលអាចមានជំងឺផ្លូវចិត្តកាន់តែធ្ងន់ធ្ងរ។ នេះបើតាមលោកបណ្ឌិត ឈត ប៊ុនថង ជាមន្រ្តីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍។

លោកបណ្ឌិត ឈត ប៊ុនថង បានលើកឡើងថា ឪពុកម្តាយត្រូវតែស្គាល់សភាពធម្មតារបស់កូន និងលក្ខណៈប្រក្រតីរបស់កូន ថាតើកូនដែលមានបញ្ហាផ្លូវចិត្តមានសភាពបែបណា។ បើសង្ស័យថាកូនមានចរិតចម្លែក ការនិយាយស្តី ការបញ្ចេញទឹកមុខខុសប្រក្រតី ហើយឪពុកម្តាយមិនអាចជួយបាន គួរនាំកូនទៅជួបអ្នកជំនាញខាងពិគ្រោះយោបល់ខាងផ្លូវចិត្ត ឬក៏ខាងមន្ទីរពេទ្យរដ្ឋ ឬស្ថាប័នសង្គមស៊ីវិលណាមួយដែលធ្វើការខាងជំងឺផ្លូវចិត្ត ដើម្បីសិក្សាថាតើកូនមានបញ្ហាផ្លូវចិត្តកម្រិតណា និងត្រូវជួយដោយរបៀបណា?

ក្នុងការចូលរួមចំណែកដោះស្រាយវិបត្តិផ្លូវចិត្តដែលប្រជាពលរដ្ឋ ជាពិសេសយុវជនបានជួបប្រទះ លោកបណ្ឌិត ឈត ប៊ុនថង យល់ឃើញថា មានភាគីជាច្រើនត្រូវចូលរួមជួយដោះស្រាយ គឺភាគីសំខាន់ជាងគេ គឺ ឪពុកម្តាយ សាលារៀន ក្រសួងអប់រំ ក្រសួងសង្គមកិច្ច អ្នកសារព័ត៌មាន អ្នកជំនាញខាងផ្លូវចិត្ត ឬក្រសួងសុខាភិបាលផ្នែកផ្លូវចិត្ត ក្នុងការជួយរួមគ្នាទទួលខុសត្រូវ។ ដើម្បីឈានទៅជួយយុវជនកុំឲ្យគិតខ្លី គឺការជួយត្រូវបង្កើនការយកចិត្តទុកដាក់ ពីឪពុកម្តាយ លោកគ្រូអ្នកគ្រូ សហគមន៍ ដើម្បីតាមឃ្លាំមើលអ្នកដែលកំពុងតែមានវិបត្តិផ្លូវចិត្តជួយពួកគាត់ ផ្តល់ការប្រឹក្សាដល់គាត់ និងការព្យាបាល ក្នុងករណីភ្លាមៗ។

ចំណែកករណីយូរអង្វែង លោកបណ្ឌិតយល់ថា ត្រូវធ្វើការស្រាវជ្រាវពីមូលហេតុពិតប្រាកដដែលនាំឲ្យមនុស្សមានវិបត្តិផ្លូវចិត្ត រហូតដល់សម្រេចចិត្តសម្លាប់ខ្លួន។ ដូច្នេះត្រូវធ្វើការស្រាវជ្រាវមួយឲ្យដឹង ហើយនាំគ្នាដោះស្រាយតាមជាក់ស្តែង ថាតើភាគីពាក់ព័ន្ធត្រូវធ្វើយ៉ាងណាបន្តទៀត។ យើងត្រូវបង្កើនចំនួនអ្នកជំនាញជំងឺផ្លូវចិត្ត និងបង្កើនអ្នកទស្សនវិជ្ជា ដើម្បីជួយអប់រំសង្គម ដោយហេតុថានៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន អ្នកជំនាញពាក់ព័ន្ធជំងឺផ្លូវចិត្តមានចំនួនតិចជាងអ្នកជំនាញផ្នែកដទៃ។

បន្ថែមនេះ លោកបណ្ឌិត បានថ្លែងថា ពលរដ្ឋត្រូវតែវិនិយោគបន្ថែមទៅលើសេវាផ្លូវចិត្ត ហើយត្រូវតែគិតថា ការអប់រំផ្លូវចិត្ត ការព្យាបាលផ្លូវចិត្ត និងការថែរក្សាផ្លូវចិត្ត គឺជារឿងសំខាន់ដូចបញ្ហាដទៃទៀតដែរ។ ប្រសិនបើមនុស្សមិនបានគិតគូរទាក់ទងនឹងបញ្ហាផ្លូវចិត្តនេះទេ សង្គមជាតិនឹងខាតបង់ធនធានមនុស្ស ដោយការសម្រេចចិត្តសម្លាប់ខ្លួនតាមរូបភាពផ្សេងៗ៕

Khcct banner

អត្ថបទទាក់ទង