Cc time
Cct850x100 1
Itt 0  web banner

ធនាគារជាតិកម្ពុជានឹងបើកជ្រើសរើសអត្ថបទស្រាវជ្រាវសម្រាប់សន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី៩

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រូបភាព៖ ធនាគារជាតិនៃកម្ពុជា

ភ្នំពេញ៖ វិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងសង្គមកាន់តែធ្ងន់ធ្ងរនៅតាមបណ្តាប្រទេសនានា។ ដូចនេះដើម្បីជំរុញការស្រាវជ្រាវលើបញ្ហាទាំងនេះ ធនាគារជាតិនៃកម្ពុជាបានជ្រើសរើសប្រធានបទស្រាវជ្រាវឆ្នាំនេះសម្រាប់សន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី៩ ឆ្នាំ២០២២ស្តីពី៖ “ដំណើរឆ្ពោះទៅកាន់ការស្តារឡើងវិញ និងភាពធន់ក្រោយកូវីដ-១៩”។

បើតាមសេចក្ដីជូនដំណឹងរបស់ធនាគារជាតិកម្ពុជា ដើម្បីសម្រេចបាននូវការស្តារឡើងវិញដោយរលូននិងកំណើនប្រកបដោយចីរភាព រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការ និងកំណែទម្រង់ផ្សេងៗដើម្បីការពារវិស័យងាយរងគ្រោះបំផុត និងគាំទ្រដល់វិស័យដែលមានសក្តានុពលក្នុងគោលបំណងលើកកម្ពស់ផលិតភាពរបស់ពួកគេ។ ទន្ទឹមនេះ វិស័យឯកជនក្នុងគោលដៅជួយរាជរដ្ឋាភិបាលជំរុញសកម្មភាពសេដ្ឋកិច្ចដែលកំពុងមានដំណើរការ ក៏បានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនផងដែរ។

ធនាគារជាតិបន្តថា បេក្ខជនដែលមានចំណាប់អារម្មណ៍អាចផ្ញើខ្លឹមសារស្រាវជ្រាវសង្ខេប សំណើស្រាវជ្រាវ ឬអត្ថបទស្រាវជ្រាវពេញលេញអមជាមួយប្រវត្តិរូបសង្ខេបមកកាន់នាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ច និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីពិនិត្យលក្ខណៈសម្បត្តិ។

ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជានឹងផ្តល់ការគាំទ្រព្រមទាំងការព្រឹក្សាយោបល់ចំពោះអត្ថបទស្រាវជ្រាវដែលត្រូវបានទទួលយក។ បន្ទាប់ពីការស្រាវជ្រាវត្រូវបានបញ្ចប់ ធនាគារជាតិនៃកម្ពុជានឹងរៀបចំសន្នសីទម៉ាក្រូសេដ្ឋកិច្ចលើកទី៩ នៅខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវ និងពង្រឹងបណ្តាញទំនាក់ទំនងក្នុងការងារស្រាវជ្រាវ។ សន្និសីទនេះក៏មានការចូលរួមពីអ្នកជំនាញអ្នកស្រាវជ្រាវ និងភាគីពាក់ព័ន្ធជាតិនិងអន្តរជាតិផងដែរ។

ធនាគារជាតិកម្ពុជានឹងជ្រើសរើសយកអត្ថបទស្រាវជ្រាវដែលមានគុណវុឌ្ឍិដើម្បីចូលរួមធ្វើបទបង្ហាញនៅក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៩នេះ។ ម្ចាស់អត្ថបទស្រាវជ្រាវដែលបានធ្វើបទបង្ហាញនៅក្នុងសន្និសីទនឹងទទួលបានរង្វាន់លើកទឹកចិត្ត ហើយអត្ថបទស្រាវជ្រាវនឹងត្រូវបានបោះផ្សាយជាកាលិកបត្ររបស់ធនាគារជាតិនៃកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង