Yearendyearend1140x150

ACU និងក្រសួងយុត្តិធម៌ចាប់ដៃគ្នាដោះស្រាយការកកស្ទះសំណុំរឿង

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ជំនួបការងាររវាងអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ជាមួយនិងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌។

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថា(ACU) បានសហការគ្នាជាមួយនិងក្រសួងយុត្តិធម៌ ដើម្បីដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត។ ការសហការនេះធ្វើឡើងក្រោមជំនួបការងាររវាងអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ជាមួយនិងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ កាលពីរសៀលថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២០។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានចាត់ទុកកិច្ចជំនួបនោះថា ជាយុទ្ធសាស្ត្រជួយដល់តុលាការក្នុងការដោះស្រាយការកកស្ទះសំណុំរឿង តែខ្លឹមសារជ្រាលជ្រៅជាងនេះទៅទៀត គឺជាការពង្រឹងនូវគុណភាពរបស់តុលាការ មានន័យថា មិនមែនត្រូវតែដោះស្រាយសំណុំរឿងគិតតែពីលឿន ហើយមិនគិតអំពីនីតិវិធី មិនគិតអំពីយុត្តិធម៌ មិនគិតពីភាពស្អាតស្អំនោះឡើយ ។ លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ គឺជាស្នូល ជាខ្លឹម នៃគំនិតកែទម្រង់របស់ឯកឧត្តមរដ្ឋមន្រ្តីយុត្តិធម៌ ។

ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានឆ្លើយតបសំណួររបស់អ្នកសារព័ត៌មានអំពីកិច្ចជំនួបរវាងACU និងក្រសួងយុត្តិធម៌ ដោយបានផ្តោតលើបញ្ហាសំខាន់ ៣ចំណុច។ ក្នុងនោះរួមមាន ចំណុចទី១ ឯកឧត្តម ទេសរដ្ឋមន្ត្រីបានវាយតម្លៃយ៉ាងខ្ពស់នូវរាល់គ្រប់ចំណុចនៃខ្លឹមសារដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដែលបានរៀបចំស្របតាមគតិយុត្ត និងបច្ចេកទេសដើម្បីគាំទ្រ និងជួយដល់តុលាការរាជធានី-ខេត្ត ក្នុងការដោះស្រាយការកកស្ទះសំណុំរឿង។

ចំណុចទី២ លឿន ត្រឹមត្រូវ និងយុត្តិធម៌ គឺជាកាតព្វកិច្ចរបស់ក្រសួងយុត្តិធម៌ ឯការប្រឆាំងអំពើពុករលួយ គឺជាកាតព្វកិច្ច របស់ ACU ហើយកាតព្វកិច្ចជាបងប្អូនទាំងពីរនេះត្រូវការចាប់ដៃគ្នាយ៉ាងជិតស្និទ្ធ ដើម្បីទប់ទល់ពួកឱកាសនិយម ដែលឆ្លៀតរកផលប្រយោជន៍ពីយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនេះ។

ចំណុចទី៣ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានលើកឡើងថា នេះមិនមែនជាការចូលរួមតាមរយ:ការសង្កេតការទេ។ ACU នឹងចែករំលែកព័ត៌មានសម្ងាត់ជូនដល់ឯកឧត្តមរដ្ឋមន្ត្រីយុត្តិធម៌ ជួយក្រសួង ស្រាវជាវ ស៊ើបអង្កេត ករណីដែលក្រសួងទទួលបាន និងកិច្ចការផ្សេងៗមួយចំនួនទៀត។

គួរកត់សម្គាល់ថា ស្របតាមគំនិតកែទម្រង់ ចង់លឿនតែមិនស្អាត ឬចង់តែស្អាត តែមិនព្រមលឿន គឺជាជំងឺពីរយ៉ាងដែលយុទ្ធនាការរបស់ឯកឧត្តម កើត រិទ្ធ ចង់ព្យាបាលឲ្យបានជាស្រឡះពីវិស័យយុត្តិធម៌កម្ពុជា ដែលសម្តេច ហ៊ុន សែន បានត្រួសត្រាយនៅក្នុងយុទ្ធសាស្ត្រចតុកោណរបស់សម្តេចយ៉ាងច្បាស់លាស់៕

ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ
ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង