Yearendyearend1140x150
Img 0571

តម្លៃប្រេងសាំងរបស់អាម៉េរិកបានកើនឡើង ២២% ក្នុងរយៈពេលពីរសប្តាហ៍

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
តម្លៃប្រេងសាំងរបស់អាម៉េរិកបានកើនឡើង ២២% ក្នុងរយៈពេលពីរសប្តាហ៍ ប្រភពរូប  ៖ ស៊ីនហួរ

អាម៉េរិក៖ ការរងផលប៉ះពាល់ដោយជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ធ្វើតម្លៃប្រេងឆៅនៅក្នុងទីផ្សារថាមពលអន្តរជាតិបានឡើងថ្លៃ។ តម្លៃជាមធ្យមនៃប្រេងសាំងធម្មតានៅសហរដ្ឋអាម៉េរិក បានបន្តកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយឈានដល់កម្រិតខ្ពស់បំផុតគឺ ៤.៤៣ ដុល្លារ ក្នុងមួយហ្គាឡិន (ប្រហែល ៣.៨ លីត្រក្នុងមួយហ្គាឡិន) នៅចុងសប្តាហ៍។

សារព័ត៌មាន Associated Press បានរាយការណ៍នៅថ្ងៃទី ១៣ ថា តម្លៃជាមធ្យមនៃប្រេងសាំងធម្មតានៅសហរដ្ឋអាម៉េរិកបានឈានដល់កំណត់ត្រា ៤.៤៣ ដុល្លារ ក្នុងមួយហ្គាឡិន កើនឡើង ៧៩ សេន ឬ ២២% ក្នុងរយៈពេលពីរសប្តាហ៍ ដោយតម្លៃបច្ចុប្បន្នកើនឡើង ១.៥៤ ដុល្លារ បើធៀបនឹងឆ្នាំមុន។

តម្លៃជាមធ្យមនៃប្រេងសាំងធម្មតានៅក្នុងតំបន់ San Francisco Bay រដ្ឋកាលីហ្វ័រញ៉ា គឺខ្ពស់បំផុតគឺ ៥.៧៩ដុល្លារ ក្នុងមួយហ្គាឡិន ហើយតំបន់ Tulsa, Oklahoma ដោយទាបបំផុតនៅ ៣.៨០ដុល្លារ ក្នុងមួយហ្គាឡិន ។

តម្លៃប្រេងម៉ាស៊ូតជាមធ្យមរបស់សហរដ្ឋអាម៉េរិកក៏បានកើនឡើងផងដែរ ១.១៨ ដុល្លារក្នុងរយៈពេលពីរសប្តាហ៍ដល់ ៥.២០ ដុល្លារក្នុងមួយហ្គាឡិន កើនឡើង ២.១១ ដុល្លារពីឆ្នាំមុន នេះបើយោងតាមការស្រាវជ្រាវរបស់ Lundberg ។

ប្រធានាធិបតីអាម៉េរិក លោក Joseph Biden បានប្រកាសនៅថ្ងៃទី ៨ ថា លោកនឹងដាក់ទណ្ឌកម្មថាមពលលើរុស្ស៊ី និងបញ្ឈប់ការនាំចូលប្រេង ឧស្ម័នធម្មជាតិ និងធ្យូងថ្មពីរុស្ស៊ី។ លោកបាននិយាយថា ទណ្ឌកម្មអាចនឹងប៉ះពាល់ដល់ប្រទេសរុស្ស៊ី ប៉ុន្តែ «សហរដ្ឋអាម៉េរិកក៏នឹងបង់ថ្លៃដែរ»។

សេតវិមានបានប្រកាសនៅថ្ងៃតែមួយថា រដ្ឋាភិបាលសហរដ្ឋអាម៉េរិកនឹងបញ្ចេញប្រេងបម្រុងយុទ្ធសាស្ត្រចំនួន ៩០ លានបារ៉ែលក្នុងឆ្នាំសារពើពន្ធនេះ និងបង្កើនផលិតកម្មប្រេង និងឧស្ម័នក្នុងស្រុក ដើម្បីរក្សាស្ថិរភាពតម្លៃប្រេង។ ខណៈរដ្ឋាភិបាលអាម៉េរិកបានបញ្ចេញស្តុកប្រេងយុទ្ធសាស្ត្រចំនួន ៥០ លានបារ៉ែលកាលពីខែវិច្ឆិកាឆ្នាំមុន។

អ្នកវិភាគទីផ្សារមួយចំនួនជឿថា ការបញ្ចេញទុនបម្រុងប្រេងជាយុទ្ធសាស្ត្រ និងការបង្កើនផលិតកម្មប្រេង និងឧស្ម័នមិនអាចកាត់បន្ថយតម្លៃប្រេងប្រកបដោយប្រសិទ្ធភាពនោះទេ។ រដ្ឋាភិបាលសហរដ្ឋអាម៉េរិកកំពុងសម្លឹងរកមើលការនាំចូលប្រេងពីប្រទេសអារ៉ាប៊ីសាអូឌីត និងសូម្បីតែប្រទេសវេណេហ្ស៊ុយអេឡា ដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីបំពេញគម្លាតនៅក្នុងទីផ្សារក្នុងស្រុក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង