Yearendyearend1140x150
Img 0571

បញ្ហាEBA៖ បើបាត់បង់មួយផ្នែកនិងបាត់បង់ទាំងស្រុង តើមានភាពខុសគ្នាដូចម្តេច?

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
គន្ធា អេង
/
លោកបណ្ឌិតគីម ហ៊ាង អ្នកជំនាញអចលនទ្រព្យ និង ជាអគ្គនាយកក្រុមហ៊ុនKW Cambodia និងKhmer Real Estate។

ភ្នំពេញ៖សហភាពអឺរ៉ុបនឹងធ្វើការសម្រេចដក ឫ មិនដកប្រព័ន្ធអនុគ្រោះពន្ធEBA ពីកម្ពុជានៅថ្ងៃពុធ ទី១២ ខែកុម្ភៈនេះ។ មុនការសម្រេចនេះប្រកាសឡើង អ្នកជំនាញអចលនទ្រព្យនៅកម្ពុជា បានចេញមកពន្យល់ពីភាពខុសគ្នារវាងលទ្ធភាពនៃការដកមួយផ្នែក និង ការដកទាំងស្រុងនៃប្រពន្ធអនុគ្រោះពន្ធEBAនេះ។

លោកបណ្ឌិតគីម ហ៊ាង អ្នកជំនាញអចលនទ្រព្យ និង ជាអគ្គនាយកក្រុមហ៊ុនKW Cambodia និងKhmer Real Estate បានពន្យល់ថា បើកម្ពុជាបាត់បង់ EBA មួយផ្នែក គឺមានន័យថាទំនិញកម្ពុជាមួយចំនួនដែលត្រូវយកទៅលក់នៅសហភាពអឺរ៉ុប គឺត្រូវបង់ពន្ធក្នុងកំរិតណាមួយ។ ចំណែក បើសិនកម្ពុជាបាត់បង់ EBA ទាំងស្រុង គឺមានន័យថា ទំនិញកម្ពុជាទាំងអស់ដែលត្រូវយកទៅលក់នៅអឺរ៉ុប គឺត្រូវបង់ពន្ធគ្រប់ចំនួន។ តាមរយៈទំព័រហ្វេសប៊ុកកាលពីយប់ថ្ងៃអង្គារ លោកបណ្ឌិតគីម ហ៊ាង បានបញ្ជាក់បន្ថែមទៀតថា បើកម្ពុជាបាត់បង់ EBA គឺនឹងធ្វើឱ្យថ្លៃដើមនៃការផលិតទំនិញរបស់កម្ពុជាដើម្បីទៅលក់នៅសហភាពអឺរ៉ុបកើនឡើង ហើយប្រាក់ចំណេញថយចុះ។ រីឯ អ្នកវិនិយោគទុនវិញ គឺមិនសប្បាយចិត្ត ហើយគេអាចពិចារណាទៅផលិតនៅប្រទេសផ្សេងដែលមាន EBA។

ជាមួយនឹងការពន្យល់ដូច្នេះ លោកបណ្ឌិតគីម ហ៊ាង ក៏បានលើកជាឧទាហរណ៍មកបញ្ជាក់បន្ថែមទៀតថា ដើម្បីបានអាវមួយពីកម្ពុជាទៅលក់នៅសហភាពអឺរ៉ុប ក្នុងតម្លៃ៩ដុល្លារ គឺកម្ពុជាត្រូវនាំចូលក្រណាត់តម្លៃ១ដុល្លារ អំបោះពីបរទេសអស់១ដុល្លារ វត្ថុធាតុដើមផ្សេងទៀតពីបរទេសអស់១ដុល្លារ កម្លាំងពលកម្មអស់១ដុល្លារ ចំណាយទៅលើរោងចក្រ ភ្លើង ទឹក រដ្ឋបាលសាធារណៈស្មុគស្មាញ ការធ្វើបាតុកម្ម អំពើពុករលួយនិងផ្សេងៗទៀត អស់២ដុល្លារ ហើយនៅចំណេញបាន ៣ដុល្លារក្នុង១អាវ។ ដោយឡែក បើកម្ពុជាបាត់បង់ EBA នោះ EU នឹងតម្រូវឱ្យទំនិញកម្ពុជាបង់ពន្ធលើអាវមួយ គឺ១ដុល្លារ ដែលនាំឱ្យប្រាក់ចំណេញរបស់អ្នកវិនិយោគធ្លាក់ចុះ ពីការចំណេញ៣ដុល្លារក្នុង១អាវ មកត្រឹមចំណេញតែ២ដុល្លារក្នុងមួយអាវប៉ុណ្ណោះ។

ហេតុដូច្នេះហើយ ដើម្បីដោះស្រាយបញ្ហាទាំងនេះ លោកបណ្ឌិតគីម ហ៊ាង ផ្តល់ជាយោបល់ថា កម្ពុជាត្រូវព្យាយាមរក្សា EBA ឱ្យបានទាំងអស់ ឬឱ្យបានមួយផ្នែកតាមដែលអាចធ្វើទៅបាន។ បន្ទាប់មក ព្យាយាមផលិតក្រណាត់ អំបោះ និងវត្ថុធាតុដើមផ្សេងទៀតដោយខ្លួនឯង ដើម្បីកាត់បន្ថយថ្លៃដើម។ ចំពោះកម្មករកម្ពុជាវិញ គឺត្រូវតែមានជំនាញជាងមុន ហើយតម្លៃភ្លើង ទឹក ជួលរោងចក្រត្រូវតែទាបជាងមុន។ មិនតែប៉ុណ្ណោះ លោកសង្កត់ធ្ងន់ថា ត្រូវតែលុបបំបាត់ ឬកាត់បន្ថយសេវាកម្មរដ្ឋបាលសាធារណៈស្មុគស្មាញ ការធ្វើបាតុកម្ម និងអំពើពុករលួយ៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង