Yearendyearend1140x150

កញ្ញា ធី ធាលីន បង្កើតក្រុម«ប៊្លូរ៉ូមេន»ដើម្បីជួយផ្សព្វផ្សាយស្នាដៃអ្នកនិពន្ធវ័យក្មេង

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ប៊្លូរ៉ូមេន (Blue Romance) ជាក្រុមសៀវភៅប្រលោមលោក ដែលសរសេរឡើងដោយអ្នកនិពន្ធវ័យក្មេង។ ប៊្លូរ៉ូមេន ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៤ និង ចេញផ្សាយសៀវភៅជាផ្លូវការនៅឆ្នាំ២០១៥។ ការបង្កើត ប៊្លូរ៉ូមេន នេះឡើង គឺដើម្បីជួយផ្សព្វផ្សាយ ស្នាដៃអ្នកនិពន្ធវ័យ ក្មេងទៅដល់ ប្រិយមិត្តអ្នកអានអោយស្គាល់ពីស្នាដៃនិពន្ធរបស់ពួកគាត់។

តាមរយៈការសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍ កញ្ញា ធី ធាលីន ជាអ្នកនិពន្ធ និងជាអ្នកគ្រប់គ្រងការបោះពុម្ពផ្សាយ បានឲ្យដឹងថា នៅពេលបង្កើត ប៊្លូរ៉ូមេន ដំបូងមានអ្នកនិពន្ធ១០នាក់ ប៉ុន្ដែបច្ចុប្បន្នមានអ្នកនិពន្ធតែ ៦នាក់ គឺស្រីទាំងអស់។ សម្រាប់អ្នកនិពន្ធ ដែលបានបោះបង់ការតែងនិពន្ធ ដោយសារតែពួកគាត់មានអាជីពផ្សេងទៀត និងអ្នកនិពន្ធមួយចំនួនទៀត បានសម្រេចចិត្តធ្វើជាអ្នកនិពន្ធឯងរាជ្យ ចេញផ្សាយស្នាដៃដោយខ្លួនឯង។

កញ្ញា ធាលីន បានបន្ដថា ប្រលោមលោករបស់ប៊្លូរ៉ូមេន ចែកចេញជា ២ប្រភេទគឺ ប្រលោមលោកខ្មែរ និងប្រលោមលោកបរទេស។ រហូតមកដល់បច្ចុប្បន្ន ប៊្លូរ៉ូមេន បានចេញផ្សាយសៀវភៅចំនួន ២៧៨ចំណងជើង។ គ្រប់សៀវភៅដែលបានចេញផ្សាយ ជាការនិពន្ធដោយអ្នកនិពន្ធខ្មែរទាំងអស់ មិនមានការបកប្រែពីសៀវភៅរឿងបរទេសឡើយ។ រាល់ស្នាដៃនិពន្ធទាំងអស់ ត្រូវបានបោះពុម្ពផ្សាយជាសៀវភៅ មិនមានការលក់ជា PDFឡើយ។

កញ្ញា ធាលីន បានបន្ថែមថាស្នាដៃនិពន្ធដែលចេញផ្សាយដំបូងគឺរឿង «គំនុំចងចិត្ត»។ ក្នុងចំណោមរឿង ដែលបានចេញផ្សាយ រឿងដែលទទួលបានការគាំទ្រច្រើនជាងគេគឺរឿង ព្រហ្មលិខិតស្នេហ៍ ទ្រុងស្នេហ៍ប្រពន្ធបម្រើ ទឹកភ្នែកភរិយា ជំនួញលាក់មុខ Fake Mom អ្មកម៉ាក់ក្លែងក្លាយ រាជនីកោះស៊ូម៉ាត្រា បណ្ដាសាត្រាបេះដូង ជំនួញបេះដូង...។

បើតាមសម្ដីរបស់កញ្ញា ធាលីន ប៊្លូរ៉ូមេនមានគម្រោងចេញផ្សាយស៊េរីឈុតស្នាដៃរួមអ្នកនិពន្ធប្រចាំឆ្នាំ២០២២ផងដែរ។ ស៊េរីសៀវភៅ ដែលត្រៀមនឹងចេញផ្សាយគឺឈុត «អាណាចក្រស្នេហ៍រាជវង្សផារ៉ាម៉ុល» ដោយក្នុងនោះមានរឿង សឹកស្នេហ៍ប្រជែងបេះដូងព្រះរាជបុត្រអាល់ហ្វារ៉ូ ប្លន់ស្នេហ៍ក្រសោបបេះដូងព្រះនាងឡារិតា លិខិតស្នេហ៍ផ្ដន្ទាបេះដូងព្រះនាងមេលីសសា អាគមស្នេហ៍និមិត្តបេះដូងព្រះនាងហាលីយ៉ា វណ្ណៈស្នេហ៍ឃាំងបេះដូងព្រះនាងឈេរិណា កិច្ចសន្យាទឹកភ្នែក វិថីស្រពេចស្រពិល និងមានប្រលោមលោកថ្មីៗជាច្រើនទៀតផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង