Cct850x100 1

បុរសម្នាក់ដែលបានបាញ់សម្លាប់សត្វ «កេងកង» ចូលខ្លួនមកសុំទោសសាធារណជន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
បុរសឈ្មោះ គ្រុយ ចំរើន

បុរសម្នាក់ដែលបានបាញ់សម្លាប់សត្វកេងកេងដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានចូលខ្លួនមកសុំទោសសាធារណជននិងបានធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តកំហុសសម្លាប់សត្វព្រៃដូច្នេះទៀតហើយចំពោះមុខសមត្ថកិច្ចនៃក្រសួងបរិស្ថាននៅរសៀលថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២០។ នេះបើតាមការថ្លែងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ ក្រសួងបរិស្ថានដែលបានទទួលជួបផ្ទាល់បុរសឈ្មោះ គ្រុយ ចំរើន ដែលបានសារភាពថាខ្លួន ពិតជាបាន បាញ់សម្លាប់សត្វកេងកងធំមួយក្បាលនោះអំឡុងពេលខ្លួនទៅកម្សាន្តនៅរមណីយដ្ឋានទឹកធ្លាក់អន្លង់ក្មេងលេងទឹកជ្រោះ ៩ ជាន់ ក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ក្នុងភូមិសាស្ត្រខេត្តកំពត។

បុរសឈ្មោះ គ្រុយ ចំរើន បានសរសេរនៅក្នុងលិខិតសុំអភ័យទោសចំពោះសាធារណជនថា ៖ «សូមទទួលស្គាល់ការពិត ដែលបាញ់សម្លាប់សត្វកេងកងចំនួនមួយក្បាលស្ថិតនៅក្នុងរមណីយដ្ឋានទឹកធ្លាក់ ៩ ជាន់នៅភូមិតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។ ខ្ញុំបាទសូមទោសប្រជាពលរដ្ឋកម្ពុជាទាំង អស់ សូមអភ័យទោសដល់រូបខ្ញុំបាទ និងឈប់ប្រព្រឹត្តកំហុស បែបនេះទៀតហើយ។ សូមបងប្អូនប្រជា ពលរដ្ឋកុំយកគំរូតាមរូបខ្ញុំបាទ។ ខ្ញុំសូមសន្យានឹងប្រគល់អាវុធ ដែលបានបាញ់ សត្វកេងកងនោះ មកក្រសួងបរិស្ថាន»។

រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា បុរសម្នាក់នេះបាន ទទួលស្គាល់កំហុសរបស់ខ្លួន និងស្នើសុំការសណ្តោសប្រណីពីសាធារណជនដែលខ្លួនបានជ្រុលជ្រួសប្រព្រឹត្តនូវកំហុសឆ្គងនេះ។ ឯកឧត្តមបានថ្លែងថា តាមរយៈការទទួលទោសកំហុសនេះគឺក្រសួងបរិស្ថាន ទទួលយក និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រព្រឹត្តនេះជារៀងរហូត។ ឯកឧត្តមបានថ្លែងថា នេះគឺជាគំរូ អាក្រក់មួយដែលអ្នកផ្សេងទៀតត្រូវជៀសវាង។

ជាមួយគ្នានេះឯកឧត្តមរដ្ឋលេខាធិ ការបានអំពាវនាវដល់ប្រជាពលរដ្ឋដែលទៅទស្សនាកម្សាន្ត នៅតាមរមណីយដ្ឋាន ធម្មជាតិនានាសូមកុំ ប្រព្រឹត្តបទល្មើសបរបាញសត្វ និងកុំបរិភោគសាច់សាច់ព្រៃ និងត្រូវចូលរួមការពារអភិរក្សសត្វព្រៃឱ្យ បានគង់វង្សសម្រាប់បម្រើដល់ទេសចរណ៍ធម្មជាតិនិងការពារជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា។ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាសត្វកេងកេងគឺជា ប្រភេទសត្វកម្រជិតផុតពូជហើយបច្ចុប្បន្ននេះគេឃើញមានវត្តមាន នៅក្នុងតំបន់មួយចំនួនតូចប៉ុណ្ណោះ ដូចជានៅភ្នំបូកគោ តំបន់ជួរភ្នំ ក្រវាញ តំបន់ភាគខាងកើតនៃប្រទេសកម្ពុជាជាដើម៕


Khcct banner

អត្ថបទទាក់ទង